News

Check out real estate news updates

ឯកឧត្តមជា សុផារ៉ាថាមិនឱ្យអ្នកមានអំណាចណាម្នាក់ចុះកាងបើកការដ្ឋានសំណង់ដែលគ្មានច្បាប់សាងសង់នោះទេ​

រាជរដ្ឋាភិបាលកំពុងតែចាត់វិធានការចំពោះការសាងសង់ដែលមិនមានគុណភាព រួមទាំងក្រុមហ៊ុន ដែល​សាងសង់​ខុសច្បាប់និងគ្មានច្បាប់អនុញ្ញាត ទូទាំងខេត្ត-ក្រុង។

ជា​ការ​រឹតបន្តឹង​ផ្លូវច្បាប់​ក្នុង​វិស័យ​សំណង់​ ឧបនាយករដ្ឋមន្ត្រី ​ជា​ សុផារ៉ា​ រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​​ និង​សំណង់ ​បាន​សង្កត់ធ្ងន់ថា​ មិន​ឱ្យ​មាន​មន្ត្រីរាជការ ​រឺ​អ្នក​មាន​អំណាច​ណា​ម្នាក់​ ចុះ​កាង​បើក​ការដ្ឋាន​សំណង់​ដែល​គ្មាន​ច្បាប់​សាងសង់​ទៀត​នោះទេ​។

ការ​លើកឡើង​គំរាម​ដល់​រាល់​មន្ត្រីរាជការ និង​អ្នក​មានអំណាច​ ដែល​ចុះ​កាង​បើក​ការដ្ឋាន​សំណង់​ដែល​គ្មាន​ច្បាប់​នេះ​ ធ្វើឡើង​ នា​រសៀល​ថ្ងៃទី ៤​ខែកក្កដា ឆ្នាំ ២០១៩​ ក្នុង​កិច្ចប្រជុំ​ជាមួយ​វិស្វករ​និង​ស្ថាបត្យករ​ជាច្រើនរូប​។

ឧបនាយករដ្ឋមន្ត្រី ​ជា ​សុផារ៉ា​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ ថា ​ការដ្ឋាន​សំណង់​គ្មាន​ច្បាប់​សាងសង់​មួយ​ចំនួន​កន្លងមក ​តែង​យក​អ្នក​មានអំណាច​ រឺ​មន្ត្រីរាជការ ​មក​បើក​ការដ្ឋាន​បាំង​មុខ ​ដែល​ករណី​បែបនេះ​ ពុំ​អាចឱ្យ​មានការ​កើតឡើង​ទៀត​នោះទេ​។

ឯកឧត្តម​ បញ្ជាក់ថា ក្រសួង​មិន​បន្ធូរបន្ថយ​ចំពោះ​ទង្វើ​បែបនេះ​ទេ ​ហើយ​និង​ផ្ដាច់ ​មិនឱ្យ​ត​ភ្ជាប់​អគ្គីស នី ប្រព័ន្ធ​ទឹក​ និង​ប្រព័ន្ធ​លូ​ ជា​ដាច់ខាត​សម្រាប់​សំណង់​អគារ​ដែល​គ្មាន​ច្បាប់​សាងសង់​។​លើសពីនេះ ​ឯកឧត្តម ជា សុផារ៉ា​ បញ្ជាក់ទៀតថា ​ក្រសួង​ក៏​មិន​អនុញ្ញាត​ឱ្យ ​វិស្វករ​ និង​ស្ថាបត្យករ​ទទួល​ចុះ​កិច្ចសន្យា ​សាងសង់​អគារ​សំណង់​ដែល​គ្មាន​ច្បាប់​សាងសង់​ជា​ដាច់ខាត​ ដោយ​ត្រូវ​រង់ចាំ​ម្ចាស់​គម្រោង​ទទួល​បាន​ច្បាប់​សាងសង់​ជា​មុនសិន​។

ក្នុង​ការ​គ្រប់គ្រង​ការងារ​សំណង់​តាម​លក្ខណៈ​ច្បាប់​បទដ្ឋាន​កិត្តិ​យុទ្ធ​ និង​បទដ្ឋាន​បច្ចេកទេស ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា ​សំណង់​អគារ​ត្រូវ​មាន​លិខិតអនុញ្ញាត​សាងសង់​ដែល​ភ្ជាប់​មក​ជា​មួយ​ប្លង់​ស្ថាបត្យកម្ម ​ដែល​ចេញ​ដោយ​ស្ថាបត្យករ​ចុះបញ្ជី ​ត្រូវ​មាន​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សាងសង់​ដែល​ត្រូវ​ភ្ជាប់​ជាមួយ​ប្លង់​គ្រឿង​បង្គំ​សំណង់​ដែល​ចុះហត្ថលេខា ​ដោយ​វិស្វករ​ចុះបញ្ជី​។

កិច្ចការ​បន្ថែម មន្ត្រី​ជំនាញ​ក្រសួង​ដែនដី ​នឹងធ្វើ​ការ​ចុះពិនិត្យ​វឌ្ឍនភាព​តាម​ការដ្ឋាន​សំណង់​ជា​ទៀងទាត់ ​ដើម្បី​ពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ការដ្ឋាន ត្រួត​ពិនិត្យមើល​ការសាងសង់​ត្រឹមត្រូវ​ទៅតាម​គំរូ​ប្លង់​រឹង​ទេ ​និង​ទាមទារ​ឱ្យ​មាន​វិស្វករ​ រឺ​ស្ថាបត្យករ​ចុះបញ្ជី​នៅ​ប្រចាំការ​ត្រួតពិនិត្យ​នៅ​ការដ្ឋាន​សាងសង់​ជានិច្ច​។

ក្រៅពី​ការគ្រប់គ្រង​លើ​ផ្នែក​ច្បាប់​នៃ​ការដ្ឋាន​សំណង់ ​ឯកឧត្តម​ ជំរុញ​ឱ្យ​សំណង់​អគារ​គិតគូរ​ពី​បរិស្ថាន​ ដោយ​ត្រូវតែ​សាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ មុននឹង​បង្ហូរ​ចូល​ប្រព័ន្ធ​លូ ​ហើយ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​លើកទឹកចិត្ត​ឱ្យ​សំណង់​អគារ​ដាក់បញ្ចូល​នូវ​ស្ថាបត្យកម្ម​ខ្មែរ ​ជា​ការ​លើក​អត្តសញ្ញាណ​ជាតិ​ផងដែរ​។

More Information visit: https://www.business-cambodia.com/public/article/chea-sophara-not-allowing-any-authority-to-open-construction-site-without-construction-law

Leave a Reply

Your email address will not be published. Required fields are marked *