News

Check out real estate news updates

ឯកឧត្តមជាសុផារ៉ាអំពាវនាវកុំឲ្យប្រជាពលរដ្ឋក្នុង ខេត្តព្រះសីហនុលក់ដី

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុលក់ដីរបស់ខ្លួនដើម្បីកុំឲ្យខាតប្រយោជន៍នាពេលអនាគត។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្នុងខេត្តត្បូងឃ្មុំ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ទៅកាន់អង្គពិធីថា កុំលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរបស់យើងលក់ដី តែយកល្អ ឲ្យពួកគាត់ដាក់ដីនោះជួលវិញ។

«ឥឡូវអ្នកតាមខេត្តព្រះសីហនុ ខ្ញុំក៏មានការអំពាវនាវឲ្យអ្នកនៅមន្ទីដើរប្រាប់ កុំឲ្យលក់ដី ឲ្យជួលវិញ។ ជួលរយៈពេលតែ២០ឆ្នាំ ហើយអ្នកដែលគេយកទៅធ្វើអាជីវកម្ម ១៥ ឆ្នាំគេប្រគល់ឲ្យយើងហើយ។ យើងបានទាំងសំណង់ ហើយសំណង់នេះ នឹងតដល់ត្រកូលយើង បើលក់វាចប់»។

ការលើកឡើងរបស់ឯកឧត្តមបែបនេះ គឺដោយហេតុថា តម្លៃដីធ្លីក្នុងខេត្តព្រះសីហនុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងយ៉ាងខ្លាំង។

ឯកឧត្តម បានមានប្រសាសន៍ថា ៖«កាលពី ១ ឆ្នាំកន្លះមុន តម្លៃដីក្នុង ១ ម៉ែត្រការ៉េ គឺត្រឹមតែ ២៧ ដុល្លារអាមេរិក តែបច្ចុប្បន្ន ដីនៅកន្លែងដដែល បានកើនដល់ ៤៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ»។

ជាងនេះទៀត ឯកឧត្តម ជា សុផារ៉ា ក៏បានចង្អុលបង្ហាញដែរថា ការលក់ដីក្នុងខេត្តព្រះសីហនុបានធ្វើឲ្យបុគ្គលម្នាក់ដែលឯកឧត្តមសុំមិនបញ្ចេញឈ្មោះ មានការខកចិត្ត ដោយហេតុថា បុគ្គលនោះបានលក់ដីរបស់គាត់ក្នុងតម្លៃ ៤៥០ លានដុល្លារអាមេរិក ស្រាប់តែ ៦ ខែក្រោយមក អ្នកដទៃយកដីនេះទៅលក់បន្តក្នុងតម្លៃរហូតដល់ទៅ ៧០០ លានដុល្លារអាមេរិក។

Source From: https://www.construction-property.com/khread-news-1702/

Leave a Reply

Your email address will not be published. Required fields are marked *