News

Check out real estate news updates

អ្នករកស៊ីរមណីយដ្ឋានអាចនឹងមានអនាគតល្អ ចំពេលអចលនទ្រព្យផ្តើមរីកចម្រើនបណ្តើរៗនៅតំបន់ថ្មី

អ្នករកស៊ីមុខរបរបង្កើតរមណីយដ្ឋាននៅកម្ពុជា ហាក់មានទឹកមាត់លេប ដោយសារតែកំណើននៃការអភិវឌ្ឍន៍វិស័យអចលនទ្រព្យច្រើននៅតាមតំបន់ប៉ូលសេដ្ឋកិច្ចទាំង៤ និងតំបន់សក្តានុពលផ្សេងទៀត ជំរុញឱ្យវិស័យទេសចរណ៍រីកមុខទៅតាមនោះដែរ។

តាមរយៈការវិនិយោគលើគម្រោងអភិវឌ្ឍន៍ធំៗ ជំរុញឱ្យកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនានៅកម្ពុជា ឬតាមតំបន់សំខាន់ៗផ្សេងទៀតកាន់តែច្រើន ជាពិសេសតំបន់រមណីយដ្ឋាន​ធម្មជាតិ និងកែច្នៃ ដែលតម្រូវឱ្យអ្នករកស៊ីវិស័យនេះមានឱកាសរីកចម្រើនខ្លាំង បើចេះចាប់ឱកាសវិនិយោគកែច្នៃតំបន់​មានស្រាប់ទៅជារមណីយដ្ឋាន​ដើម្បីទទួលភ្ញៀវទេសចរ។

ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់​អ្នកវិនិយោគលើផលិតផលថ្មីៗនៃវិស័យទេសចរណ៍ រួមទាំងរមណីយដ្ឋានផង ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងស្នាក់នៅបានរយៈពេលយូរនៅកម្ពុជា។ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់អ្នករកស៊ីវិស័យទេសចរណ៍ បង្កើតជាលំនៅឋាន​ចូលនិវត្តន៍ ឬលំនៅឋានទី២ សម្រាប់ភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅកម្ពុជា ព្រោះយើងនៅមិនទាន់បាន​អភិវឌ្ឍន៍ផ្នែកនេះនៅឡើយ ដោយបច្ចុប្បន្នមានតែនៅតិចតួច។

ដោយឡែក វិស័យអចលនទ្រព្យសំណង់អគារវិញ ត្រូវបានក្រុមហ៊ុនវិនិយោគតូចធំ ជាតិ និងអន្តរជាតិ ជាពិសេសក្រុមហ៊ុនសំណង់ចិន ចាប់ផ្តើមបោះទុនអភិវឌ្ឍន៍នៅតំបន់សក្តានុពលខ្លាំង និង​តំបន់​ថ្មីៗនេះនៅតាមបណ្តាលខេត្ត ដែលជំរុញឱ្យ​មានប្រជាជនកាន់តែច្រើនឡើងៗចេញចូលនៅតំបន់នោះ ជាកត្តាទាក់ទាញ​ភ្ញៀវទេសចរកាន់តែច្រើនឡើងមួយកម្រិតទៀត។

សម្រាប់ប្រទេសកម្ពុជាយើងសក្តានុពលវិស័យទេសចរណ៍ហាក់មានច្រើនណាស់ តែយើងនៅមិនទាន់ទាញប្រយោជន៍ ឬច្នៃឱ្យកាន់តែល្អ ដើម្បីរកចំណូលបានកាន់តែច្រើនថែមទៀត។ ពេលនេះគួរតែជាឱកាសសម្រាប់អ្នករកស៊ីបោះទុនវិនិយោគ ស្របពេលកម្ពុជាគម្រោងទាញភ្ញៀវទេសចរកាន់តែច្រើនមកកម្ពុជា៕

Source From: https://www.business-cambodia.com/public/article/chance-to-invest-resort

Leave a Reply

Your email address will not be published. Required fields are marked *