News

Check out real estate news updates

អ្នកជំនាញ​អះអាងថា វិស័យ​អចលនទ្រព្យ​ឆ្នាំនេះ​នឹង​រីកចម្រើន​ជាង​ឆ្នាំមុន

ភ្នំពេញ៖ អ្នកជំនាញ​រដ្ឋាភិបាល​និង​ឯកជន​បាន​អះអាង​ស្រដៀង​គ្នា​ថា វិស័យ​សំណង់​និង​អចលនទ្រព្យ​ឆ្នាំ ២០១៩នេះ នឹងមាន​ភាពល្អប្រសើរ​បើ​ធៀប​នឹង​ឆ្នាំមុន ដោយសារ​កត្តាសំខាន់ៗជាច្រើន។

អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​លោក​សេង ឡូត​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា លោក​គិតថា​វិស័យនេះ​នឹង​រីកចម្រើន​ខ្លាំង​នៅ​ឆ្នាំនេះ ដោយសារ​កត្តា​សុខសន្តិភាព កំនើនសេដ្ឋកិច្ច និង​សក្តានុពល​នៅក្នុង​វិស័យនេះ​នៅតែមាន​ភាពល្អប្រសើរ។

លោក​បន្តថា “ខ្ញុំ​គិតថា​វា​នឹង​រីកចម្រើន​ជាង​ឆ្នាំ២០១៨ ហើយ​ធនាគារពិភពលោក​ក៏បាន​ព្យាករណ៍​រួចហើយ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​សម្រេចបាន​កំនើន៧,១ភាគរយ​នៅ​ឆ្នាំនេះ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹងថា ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ២០១៨ សម្រេចបាន​ទឹកប្រាក់៥៤០០លាន​ដុល្លារ ខណៈ​ឆ្នាំ២០១៧ទុនវិនិយោគ​ក្នុង​វិស័យនេះ​មាន​ទំហំ​ទឹកប្រាក់៦២០០លាន​ដុល្លារ។

លោក​ឃាង ពុ​ទ្ឋី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​បាន​មានប្រសាសន៍ថា អ្វី​សំខាន់​បន្ថែមទៀត​គឺ​កម្ពុជា​រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ ពិសេស​ការយល់ដឹងរ​បស់​ប្រជាពលរដ្ឋ​និង​អ្នកវិនិយោគ​កាន់តែ​ប្រសើរ​ជាង​មុន ដែល​ធ្វើ​ឲ្យ​វិស័យនេះ​មានការ​រីកចម្រើន​ប្រកបដោយ​ស្ថេរភាព។

លោក​បន្តថា “អ្វីដែល​ខ្ញុំ​ចង់ឃើញ​គឺ​យុវជន និង​អ្នកជំនួញ​នានា​ត្រូវ​បង្កើន​ចំណេះដឹងថ្មីៗឲ្យ​បាន​កាន់តែច្រើន ដើម្បី​ធ្វើ​ឲ្យ​ការធ្វើ​ជំនួញ​របស់​ពួកគេ មាន​ភាពជោគជ័យ​ជា​និរន្ត។

ជាមួយគ្នានេះ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា​លី ហួរ​ក៏​បា​ម​សម្តែង​សុទិដ្ឋិនិយម​ផងដែរ​ថា វិស័យ​សំណង់​នឹង​បន្ត​រីកចម្រើន ដោ​ស​សារ​កត្តា​ដែល​លើកឡើង​ខាងលើ ជាពិសេស​កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ។លោក​បន្តថា ជួន​កាលបើ​យើង​មើល​តួលេខ​របស់​ក្រសួង ហាក់ដូចជា​ទុនវិនិយោគ​ធ្លាក់ចុះ តែ​ការពិត​មិន​ដូច្នេះ​ទេ ព្រោះ​គំរោង​និមួយៗដែល​បាន​ដាក់ជូន​ក្រសួង អាច​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​សាងសង់ ឬ​មិន​សាងសង់ភ្លាមៗទេ ដោយសារ​ពួកគេ​ត្រូវ​រៀបចំ​បែបផែន​ការងារ​ជាច្រើន។

លោក​បន្តថា “ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ក្នុង​វិស័យនេះ ហើយ​អ្វីដែល​យើង​មើលឃើញ​គឺ​អ្នកវិនិយោគ​បរទេស​កាន់តែច្រើន បាននិងកំពុង​ត្រៀម​ចាប់ផ្តើម​វិនិយោគ​ក្នុង​វិស័យ​លំនៅដ្ឋាន​បែប​បុរី​ផងដែរ។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​រកឃើញថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន១លាន​ខ្នង​បន្ថែមទៀត ក្នុង​ចន្លោះ​ឆ្នាំ២០១៥ ២០៣០។

ទោះជា​យ៉ាងណា​លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា បើ​ធៀប​នឹង​ឆ្នាំ២០១៨ និង​ឆ្នាំ២០១៩ គឺ​ឆ្នាំនេះ​មិន​រីកចម្រើន​ដូច​ឆ្នាំ២០១៨នោះទេ ដោយសារ​បើ​យើង​មើល​ស្ថានការណ៍ គឺ​វិស័យនេះ​មិន​រីកចម្រើន​ខ្លាំងពេក​នោះទេ៕

 Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *