News

Check out real estate news updates

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចុះ​រុះរើ​សំណង់​គ្រោងដែក​ចំនួន២​ទីតាំង​ដែលលួចសង់​លើ​ឆ្នេរ​អូរត្រេះ១

ក្រុមការងារ​នៃ​គណៈកម្មការ​ឆ្នេរ​របស់​សាលា​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ បាន​ចុះរុះរើ​សំណង់​ដែលធ្វើ​ពីគ្រោង​ដែក នៅលើ​ទីតាំង​ដីតំបន់​ឆ្នេរអូរត្រេះ១​ក្រុង​ព្រះសីហនុ បាន​ចំនួន​២កន្លែង​ផ្សេងៗពីគ្នា​ ដែលគេ​បាន​លបលួច​សាងសង់​ដោយ​គ្មានការ​អនុញ្ញាត​ហើយ​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន សណ្តាប់ធ្នាប់​នៃ​តំបន់​ឆ្នេរ។

សំណង់​នេះ​បើតាម​មន្ត្រី​ជំនាញ​បញ្ជាក់​ថា កន្លងមក​ធ្លាប់បាន​ចុះធ្វើការ​ហាមឃាត់​មិនឲ្យធ្វើការ​សាងសង់​ទេ និង​បានទុក​រយៈពេល​ឱ្យ​រុះរើ​ចេញវិញ​ដោយខ្លួនឯង​ក៏ប៉ុន្តែ​ម្ចាស់​សំណង់ នៅតែ​លួចបន្ត​ធ្វើការ​សាងសង់​មិនស្តាប់​តាមការណែនាំ​ឡើយ ទើប​ក្រុម​ការងារ​ចម្រុះ​សម្រេច​ដឹកនាំ​កម្លាំង​ចុះ​យក​គ្រឿង​ចក្ររុះរើ​ចេញតែ​ម្ដង។

បើ​តាម លោក តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ និងជា​អនុប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា សំណង់រឹងមាំ​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​លើ​តំបន់​ឆ្នេរ​នេះ​បានទេ។ ចំណែក​សំណង់​ដែល​បាន​សង់ចាស់យូរហើយ​នោះ​ ត្រូវរក្សា​ស្ថានភាព​ដើម​សិន​ រងចាំ​ចំណាត់ការ​ជាក្រោយ​ស្រមតាម​គោលការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​កម្ពុជា គអឆក(ថ្នាក់ជាតិ)។

លោក តាំង សុចិត្តគ្រឹស្នា បន្ថែម​ថា ឆ្នេរអូរត្រេះ​នេះ គ្រោងនឹង​រៀបចំ​ជាឆ្នេរគំរូ នឹង​គ្រោងយក​ជាកន្លែង​ធ្វើពិធីបុណ្យ​សមុទ្រ​នៅឆ្នាំក្រោយ​ផងដែរ។ ដូច្នេះ​ខេត្តត្រូវត្រៀម​រៀបចំ​សណ្តាប់​ធ្នាប់ បរិស្ថាន សោភ័ណភាព​ឆ្នេរឱ្យ​បាន​ល្អប្រសើរ​មិនអាច​ឱ្យ​ សាងសង់​សំណង់​មិនរៀបរយ​ផ្តេសផ្តាស់ថ្មី​ទៀតបានទេ។ តែលោក​ថា អាចឱ្យ​សង់ជាប្រភេទ​តូបស្បូវ ឬខ្យុះសម្រាប់​ធ្វើប្រតិបត្តិការ​ទេសចរណ៍​ បានស្រប​តាមការ​ណែនាំ​ពីមន្រ្តីជំនាញ។ លោក​ក៏បានស្នើ​ប្រតិបត្តិករ​ទេសចរណ៍ ទាំងអស់​ត្រូវចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ដើម្បីរៀបចំ​ឆ្នេរនេះ ឱ្យ​កាន់តែ​មានការ​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត​កាន់តែច្រើន​ថែមទៀត​នៅថ្ងៃ​អនាគត។

ទន្ទឹមនេះដែរ លោក អៀម សារិន អភិបាលរង​ក្រុង​ព្រះសីហនុ ក៏បាន​បញ្ជាក់​ក្នុងនាមរដ្ឋបាល​ក្រុង​ព្រះសីហនុ សូម​ស្នើដល់ម្ចាស់តូប​ទាំងអស់​នៅតាមឆ្នេរនេះ​ ត្រូវរួម​សហការ​ជាមួយ​អាជ្ញាធរ​កុំនាំគ្នា​លួចសង់​សំណង់​រឹងមាំ​ខុសច្បាប់​លើឆ្នេរ​ទៀត ព្រោះទីនេះ​រដ្ឋកំពុង​រៀបចំ​ឱ្យ​បានស្អាត​បន្ថែម​ទៀត ដើម្បីទាក់ទាញ​ភ្ញៀវមក​លេងកម្សាន្ត​ឱ្យ​បានកាន់​តែច្រើន មិនអាច​បណ្តែត​បណ្តោយឱ្យ​មានការ​សាងសង់​សំណង់​គ្រឹះ​លើឆ្នេរ​បានទេ៕

More information visit: http://kleykley.sabay.com.kh/article/1150383#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *