News

Check out real estate news updates

អាជ្ញាធរខេត្តសៀមរាបបង្ហាញថា គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ នឹងចាប់ផ្តើមនៅ​ចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០នេះ

AKP​ សៀមរាប ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ — លោក លី សំរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ប្រសិនជាគ្មានការប្រែ​ប្រួលទេ​នោះ គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ​២០២០ខាងមុខនេះ ដោយគ្រោងចំណាយថវិកាប្រមាណ៣០លានដុល្លាអាម៉េរិក ជាជំនួយ​របស់សាធារណរដ្ឋកូរ៉េ។ លោកបានបញ្ជាក់ថា ចំពោះផលប៉ះពាល់រហូតមកដល់បច្ចុប្បន្ន​នេះអាជ្ញាធរដោះស្រាយបានចំនួន៩០ភាគរយហើយ។

លោក កង ចាន់ត្រា អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានថ្លែងដែរថា គម្រោងស្តារស្ទឹងសៀមរាបជំហាន២នេះ គឺមានប្រវែង៤គីឡូម៉ែត្រ គិតចាប់ពី​ស្ពានក្រវ៉ាត់ក្រុង ឬស្ពានវត្តគង់ម៉ុចទៅដល់តំបន់ចុងស្រុក។​លោកបន្ដថា គម្រោងស្តារស្ទឹង​សៀមរាបនេះ គឺមានការស្តារសម្អាតច្រាំងស្ទឹង សាងសង់ស្ពានឆ្លងស្ទឹងធំៗចំនួន៣កន្លែង ស្ថាបនាផ្លូវនៅផ្នែកខាងកើតស្ទឹងមួយខ្សែ ស្ថាបនាទំនប់បង្ហៀនៅចុងស្រុក ហើយនៅពេល​គម្រោងនេះបានបញ្ចាប់ នឹងផ្តល់សារៈប្រយោជន៍ជាច្រើនដល់ប្រជាជន។

ជាមួយគ្នានេះដែរ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឱ្យដឹងដែរថា ដោយសារតែគម្រោងនេះ នឹងត្រូវចាប់ផ្តើមនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ ដូច្នេះ​ដើម្បី​ដោះ​​ស្រាយបញ្ហាទឹកជំនន់នៅក្នុងរដូវវស្សានេះ អាជ្ញាធរខេត្តបានកំពុងធ្វើការកាយ​ស្ទឹង​សៀម​រាបផ្នែកខ្លះ ដើម្បីឱ្យទឹកហូរបានលឿនចៀសវាងមានការស្ទះទឹកដែលអាច​បណ្តាលឱ្យលិច​ក្រុងសៀមរាបបាន។ លោកបានលើកឡើងថា សកម្មភាពកាយនេះ គឺមិនមានធ្វើអ្វីឱ្យ​ធំដុំ​នោះទេគ្រាន់តែកាយឱ្យមានមុខទឹកហូរបានលឿនតែប៉ុណ្ណោះ ហើយសម្រាប់ការងារ​ផ្សេងៗ ទុកសម្រាប់អនុវត្តន៍​នៅក្នុងគម្រោងដែលមាន។

លោក នួន ពុទ្ធារ៉ា បានបន្ថែមថា ក្រៅពីគម្រោងស្តារស្ទឹងសៀមរាបនេះ អាជ្ញាធរក្រុង​ក៏មានគម្រោងស្តារប្រឡាយទឹកដែលមានស្រាប់នៅក្រុងនាពេលឆាប់ៗនេះ ដើម្បីឱ្យទឹកហូរ បានលឿន ក្នុងគោលបំណងធ្វើយ៉ាងណាកុំឱ្យមានទឹកលិចនៅក្នុងសៀមរាប​នៅក្នុងរដូវ​វស្សា​នេះ៕

Source From: https://www.information.gov.kh/detailnews/313831

Leave a Reply

Your email address will not be published. Required fields are marked *