News

Check out real estate news updates

អគារ​ខ្ពស់​ស្ទុះ​ងើប​នៅ​ក្រុង​ចុងឈីង​ ផ្ទុយ​ពី​និន្នាការ​ទីផ្សារ

ក្រុង​ចុង​ឈីងៈ ក្នុង​ទីក្រុង​ជា​ច្រើន​របស់​ប្រទេស ​ចិន ការ​​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​បាន​បន្ទាប​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ដែល​ធ្លាប់​តែ​​សកម្ម​ ប៉ុន្តែ​​​នៅ​ទីក្រុង​ចុងឈីង (Chongqing) ដែល​ស្ថិត​នៅ​ភាគ​និរតី​ប្រទេស ​ចិន​ ការ​សាងសង់​​កំពុង​កើន​ឡើង​ ហើយ​​ការ​លក់​កំពុង​​ស្ទុះ​ងើប ដោយសារ​តែ​ក្រុម​វិនិយោគិន​​​​​ប្រញាប់​ប្រញាល់​វិនិយោគ​។​

ភ័ស្ដុតាង​ដែល​ជឿជាក់​បំផុត ​គឺ​ជា​​ការ​បន្ថែម​គម្រោង​សាងសង់​​មួយ​ក្នុង​ចំណោម​គម្រោង​​ថ្មី​បំផុត​ជា​ច្រើន​សម្រាប់​ការ​សាងសង់​​​អគារ​ខ្ពស់ៗ​របស់​ទីក្រុង​នេះ ដែល​ជា​គម្រោង​ដ៏​ធំ​មួយ​​​ក្នុង​ចំណោម​​អគារ​ខ្ពស់​នៅ​ពេល​​អនាគត​ចំនួន​ ៨ ក្នុង​នោះ​អគារ​ ៦​ ត្រូវ​បាន​តភ្ជាប់​គ្នា​ដោយ​ស្ពាន​អាកាស​ខ្ពស់​​បំផុត។​

គម្រោង​ Raffles City Chongqing ​លេច​ឡើង​ជា​រាង​កោង​នៅ​មាត់​​ទន្លេ Jialing ​ជា​ទី​​​​ដែល​​ទឹក​ទន្លេ​ពណ៌​បៃតង​ចាស់​​របស់​ទន្លេ​នេះ​ជួប​គ្នា​ជាមួយ​ចរន្ត​ទឹក​ល្បាប់​ភក់​របស់​​​ទន្លេ​ Yangtze។​

អគារ​កម្ពស់​ ៧៣​ ជាន់​ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​សាងសង់​​​តម្លៃ ​៤,​៨ ​ពាន់​លាន​ដុល្លារ​ ​នេះ គឺ​ជា​ភ័ស្ដុតាង​​ដ៏​ច្បាស់លាស់​​​ដែល​បង្ហាញ​ថា ការ​ថមថយ​ការ​លក់​​​​ដែល​បាន​មើល​ឃើញ​កើត​មាន​នៅ​ទូទាំង​ប្រទេស​មិន​បាន​កើត​មាន​​​​នៅ​ ទីក្រុង​ Chongqing​ ទេ។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ថ្មីៗ​នេះ ទីក្រុង​ប៉េកាំង​បាន​ហាម​ឃាត់​​ការ​យក​មូលធន​ចេញ​ក្រៅ​​ប្រទេស ដោយ​ទប់ស្កាត់​​ការ​​វិនិយោគ​ក្នុង​គម្រោង​​បរទេស​នានា ដូចជា​ការ​អភិវឌ្ឍ​សំណង់​​​​ប្រណីត ដែល​បាន​សាងសង់​ដោយ​​ក្រុមហ៊ុន​អភិវឌ្ឍ​របស់​ប្រទេស ចិន ​​នៅ​​ម៉ាឡេស៊ី​​ជា​ដើម។​

អាជ្ញាធរ​នានា​របស់​ចិន​​បាន​រឹត​បន្តឹង​បទប្បញ្ញត្តិ​នៅ​ក្នុង​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​នេះ ដែល​តម្រូវ​​ឲ្យ​អ្នក​ទិញ​ត្រូវ​បាន​បង្ហាញ​ភ័ស្ដុតាង​លំនៅឋាន​​​​​មុន​ពេល​​ទិញ​​ផ្ទះ​។​

ច្បាប់​ទាំង​នោះ​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​កន្លែង​ជាច្រើន​ដូចជា​ទីក្រុង Chongqing ដែល​ជា​កន្លែង​ឡូជីស្ទិក​ដ៏​សំខាន់​មួយ​​នៅ​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​។​​

ទីក្រុង​នេះ ​គឺ​ជា​ទីផ្សារ​ឈាន​មុខ​គេ​របស់​ប្រទេស ​ចិន ​ទាក់ទង​​នឹង​ផ្ទៃ​ក្រឡា​​អាផាតមិន​លំនៅឋាន​ដែល​បាន​លក់ ពោល​​គឺ​​​ប្រហែល​ជា​ ៣១,២៣ ម៉ែត្រ​ក្រឡា (​៣៣៦ លាន​ម៉ែត្រ​ហ្វីត) នៃ​លំនៅឋាន​ថ្មី ត្រូវ​បាន​លក់​​កាល​ពី​ឆ្នាំ ​២០១៨ ដោយ​ការ​លក់​លំនៅឋាន​ថ្មីៗ​​កើន​ឡើង​ ៦៤,​៣ ភាគរយ ​កាល​ពី​ខែ​មីនា​​ធៀប​នឹង​ការ​ធ្លាក់​ ​០,៦ នៅ​​ទូទាំង​ប្រទេស។​

ការ​លក់​បាន​កើត​មាន​​ឡើង ទោះបី​ជា​សេដ្ឋកិច្ច​​​របស់​ទីក្រុង Chongqing កំពុង​បាត់បង់​ថាមពល​បន្ទាប់​ពី​កើន​ឡើង​ ២ ខ្ទង់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ​ ដោយ​​​កំណើន​​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ទីក្រុង​នេះ​សម្រេច​បាន​ត្រឹមតែ ៥,៣ ​ភាគរយ ​កាល​ពី​ឆ្នាំ ​២០១៨ ដែល​នៅ​ក្រោម​អត្រា​កំណើន​​សេដ្ឋកិច្ច​​របស់​រដ្ឋាភិបាល​​កណ្តាល។​

ទំហំ​នៃ​ការ​សាងសង់​មាន​ភាព​រហ័ស​ខ្លាំង​ ដែល​តម្លៃ​បាន​ចាប់​ផ្ដើម​ធ្លាក់ចុះ​ ដោយសារ​តែ​​ការ​ផ្គត់ផ្គង់​​កើន​ឡើង ប៉ុន្តែ​តម្លៃ​កាន់​តែ​ទាប​កំពុង​ជួយ​ទាក់ទាញ​​​ក្រុម​អ្នក​ទិញ​។​

លោក Andrew Deng នាយក​គ្រប់គ្រង​ទទួល​បន្ទុក​​ប្រទេស ​ចិន ​ភាគ​ខាង​លិច​​ប្រចាំ​​​​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អចលនទ្រព្យ​ CBRE បាន​ថ្លែង​ថា​៖ «​នៅ​ពេល​នេះ​ ទីក្រុង​ Chongqing កំពុង​ស្ថិត​ក្នុង​ចំណុច​ដែល​​មាន​ការ​ផ្គត់ផ្គង់​ច្រើន​ ហើយ​ទីក្រុង​នេះ​​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​កែ​តម្រូវ​តម្លៃ​របស់​​ទីផ្សារ​»។​ ​លោក​​បន្ថែម​ថា៖ «​វា​ជា​ទីផ្សារ​​របស់​អ្នក​ទិញ​ ហើយ​​មនុស្ស​ជា​ច្រើន​កំពុង​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​កែ​តម្រូវ​តម្លៃ​នោះ​»។

តម្លៃ​​សម្រាប់​យូនីត​បន្ទប់​មួយ​ទំហំ​ ៩៨ ​ម៉ែត្រ​ក្រឡា នៅ​អគារ​ Raffles City ចាប់​ផ្ដើម​ក្នុង​តម្លៃ ​៤​ លាន​យន់ (៥៨០ ០០០ ដុល្លារ) ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​​បាន​ឲ្យ​ដឹង​ថា ៣ ភាគ ៤ ​នៃ​លំនៅឋាន​​ចំនួន ១ ៤០០ យូនីត ​​របស់​គម្រោង​នេះ​ត្រូវ​បាន​លក់​អស់។​

ក្រុម​អ្នក​ទិញ​ដែល​មាន​សក្ដានុពល​​ត្រូវ​បាន​រាយការណ៍​ថា​​រួមមាន​ទាំង​មន្ត្រី​​​បេសកកម្ម​​ការទូត ក្រុមហ៊ុន​បច្ចេកវិទ្យា និង​​​ក្រុមហ៊ុន​​ហិរញ្ញវត្ថុ​ផង​ដែរ​។​

ប៉ុន្តែ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ជា​ច្រើន ដែល​​ប្រាក់​ខែ​ប្រចាំ​​ខែ​ជា​មធ្យម​របស់​ពួក​គេ​កាល​ពី​ឆ្នាំ ​២០១៦ មាន​ចំនួន​ ៦​ ១០០ ​យន់ (​៨៨០​ ដុល្លារ) នោះ អចលនទ្រព្យ​ជា​ច្រើន​ដូចជា​អគារ​ Raffles City តំណាង​ឲ្យ​​ផ្នែក​មួយ​ផ្សេង​ទៀត​នៃ​​ទីក្រុង​ដែល​ពួក​គេ​មិន​អាច​ឈោង​​ទៅ​​ដល់។​

លោក​ Wang Mingjun ដែល​ជា​ប្រជាជន​ក្នុង​ស្រុក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា នឹង​មាន​ឥទ្ធិពល​មួយ​ចំនួន​លើ​តម្លៃ​លំនៅឋាន​នៅ​ក្បែរៗ​នោះ ដែល​នឹង​ប្រហែល​ជា​​កើន​ឡើង​ដែរ​»។​

លោក​បាន​កត់​សម្គាល់​ថា ​ក្រុម​អ្នក​លីសែង​អីវ៉ាន់​ពី​មុន​ដែល​ធ្វើ​ការងារ​នៅ​កំពង់ផែ​នានា​​នៅ​តាម​ដង​ទន្លេ​នៅ​តំបន់​​នេះ​ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​​កន្លែង​នោះ​​​ក្នុង​អំឡុង​ការ​អភិវឌ្ឍ​របស់​អចលនទ្រព្យ​នេះ។​

លោក​បន្ថែម​ថា​៖ «​​ប្រជាជន​មួយ​ចំនួន​គិត​ថា វា​ទំនើប​ពេក​ ហើយ​វា​ធ្វើ​ឲ្យ​ខូច​វប្បធម៌​កំពង់ផែ​ប្រពៃណី​»៕​ AFP/LA​

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *