News

Check out real estate news updates

សម្តេច ហ៊ុន សែន៖ គម្រោង​វិនិយោគ​ធំៗ​ជាច្រើន ប្រែក្លាយ​ខេត្តកោះកុង ទៅ​ជា​តំបន់​អភិវឌ្ឍន៍

គម្រោង​វិនិយោគ​ធំៗ​​របស់​ជាច្រើន​របស់​វិនិយោគិន​ក្នុងស្រុក និង​បរទេស ក្នុង​ទំហំ​ទឹកប្រាក់​រាប់លាន​ដុល្លារ បាន​ប្រែក្លាយ​ខេត្ត​កោះកុង​ ទៅជា​តំបន់​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ជាក់ស្តែង​ដូចជា​គម្រោង​ទីក្រុង​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​ជាដើម។ នេះបើតាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដែល​ជាថ្ងៃចាប់ផ្តើមប្រារព្ធ​ពិធីបុណ្យសមុទ្រ​នៅខេត្ត​កោះកុង។

ទំព័រ​ហ្វេសប៊ុក​នេះ បាន​លើកឡើង​ថា ​គម្រោង​ទីក្រុង​វិស្សមកាល​ទេសចរណ៍​តារា​សាគរ ជា​គម្រោង​ដែល​បាន​ប្រមូល​ផ្តុំចម្រុះ​ទៅដោយ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ សណ្ឋាគារ​ផ្កាយ៥ ខុនដូ បឹងកាឡូ អគារ​ការិយាល័យ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទីលាន​វាយកូនគោល និង​សួន​កម្សាន្ត​ខ្នាត​អន្តរជាតិ ជាដើម។ គម្រោង​ធំ​បែបនេះ ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ថែមទៀត​មក​កាន់​កម្ពុជា​ផងដែរ។

ខេត្ត​កោះកុង ជា​តំបន់​ដែលមាន​សក្តានុពល​ខ្លាំង​ទាំង​វិស័យ​ទេសចរណ៍ និងការ​អភិវឌ្ឍ​ទៅជា​តំបន់​ឧស្សាហកម្ម ដោយសារ​តែ​កត្តា​ភូមិសាស្ត្រ​អំណោយផល​ខ្លួនឯង​ផ្ទាល់ ព្រំប្រទល់​ជាប់ខេត្ត​ព្រះសីហនុ ជាពិសេស​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ ដែលជា​ច្រកដ៏​សំខាន់​មួយ​ក្នុងការ​នាំ​ទំនិញ​ចេញចូល។

បើតាម​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹង​កាលពី​ខែ​កញ្ញា​កន្លងទៅ​ថា ក្រុមហ៊ុន​ចិន ​យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា (UNION Development Group Co., Ltd. Cambodia) គ្រោង​នឹង​វិនិយោគ​ទឹក​ប្រាក់ ​១២០០​លាន​ដុល្លារ ​ដើម្បី​បើក​ការដ្ឋាន​សាងសង់ «ក្រុង​វិស្សមកាល​ទេសចរណ៍» នា​ដើម​ឆ្នាំ​២០១៩​ ក្នុង​ខេត្ត​កោះកុង។ គម្រោង​នេះ​នឹង​រួម​ចំណែក​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ​នៅ​ក្នុង​ប្រទេស​កម្ពុជា។  គម្រោង «ក្រុង​វិស្សមកាល​ទេសចរណ៍» នឹង​សាង​សង់​លើ​ផ្ទៃដី​សរុប​ចំនួន ​១២០០​ហិកតា៕

Source From: http://kleykley.sabay.com.kh/article/1110615#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *