News

Check out real estate news updates

សម្តេច ហ៊ុន សែន៖ ការចាក់ដីចូលសមុទ្រមិនមែនហាមឃាត់ទាំងអស់ តែមុនធ្វើត្រូវមានការអនុញ្ញាត

ការហាមចាក់ដីចូលសមុទ្រមិនមែនហាមឃាត់ទាំងអស់នោះទេ កន្លែងខ្លះក៏ត្រូវមានការអនុញ្ញាតឲ្យមានរៀបចំថ្ម ដើម្បីទប់រលកបង្កើតជាឆ្នេរសម្រាប់លេងកម្សាន្ត នេះបើយោងតាមប្រសាសន៍របស់សម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

យោងតាមទំព័រហ្វេសបុគរបស់ក្រសួងទេសចរបានផ្សព្វផ្សាយថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាជាដាច់ខាត មិនឲ្យមានការចាក់ដីចូលក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាតនោះឡើយ ដោយចំណុចនេះឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងរដ្ឋមន្ដ្រី ថោង ខុន សហការជាមួយអ្នកពាក់ព័ន្ធ ត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។

ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការហាមចាក់ដីចូលសមុទ្រ​មិនមែនហាមឃាត់ទាំងអស់នោះទេ កន្លែងខ្លះក៏ត្រូវមានការអនុញ្ញាតឲ្យមានរៀបចំថ្ម ដើម្បីទប់រលក​បង្កើតទៅជាឆ្នេរសម្រាប់លេងកម្សាន្ត ហើយសម្ដេចបន្ដថា អ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីរក្សា និងការពារឆ្នេរសមុទ្រកម្ពុជា នៅតែជាសមុទ្រដែលស្អាត។

សម្ដេចតេជោ ហ៊ុន សែន បានពន្យល់បន្ថែមយ៉ាងដូច្នេះថា «​ពាក្យថា​ហាមឃាត់ដាច់ខាត ការចាក់ដីចូលក្នុងសមុទ្រដែលគ្មានការអនុញ្ញាត ហេតុអ្វីបានចាំបាច់ថា គ្មានការអនុញ្ញាត។ ការអភិវឌ្ឍតែងមាន​ការចាក់ដី ឬការចាក់ថ្ម ដើម្បីធានាថា តំបន់ទាំងនោះ សូម្បីតែកំពង់ផែក្រុងព្រះសីហនុ ។

តាមរយៈកម្ចីពីជប៉ុន យើងកំពុងជីកជម្រៅទឹកឲ្យវាជ្រៅ ប៉ុន្ដែនៅក្បែរកំពង់ផែយើងត្រូវរៀបចំឲ្យមានរបាំងកុំឲ្យរលកបុកចូល នៅតំបន់ខ្លះទៀតក៏យើងអាចមានករណីធ្វើដូចគ្នា ឆ្នេររបស់យើងមានប៉ុន្ដែងូតទឹកមិនបាន ដោយសាររលកធំពេក ចឹងដើម្បីកាត់បន្ថយរលក យើងក៏អាចមានលទ្ធភាពអនុញ្ញាតឲ្យមានការបាំងថ្ម ដើម្បីឲ្យរៀបចំដែលយើងអាចឲ្យប្រជាជនងូតទឹកបាន»។

សូមជម្រាបថា ពាក់ព័ន្ធការរៀបចំដាក់ថ្ម ដើម្បីទប់ទឹករលកនេះ នៅតំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ក៏មានការរៀបចំផងដែរ ដើម្បី​បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ អន្ដរជាតិទៅងូតទឹកកម្សាន្ដសប្បាយនេះ។

បន្ថែមពីនេះការៀបចំនៅតំបន់ «ពយកំពេញ» ក៏កាន់តែមានសោភណ្ឌភាពស្រស់ស្អាត ទាក់ទាញទេសចរណ៍ផងដែរ។

«ពយកំពេញ» ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍកែច្នៃទៅជាតំបន់ ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗ នៅលើពិភពលោកនោះឡើយ៕

Source From: https://business-cambodia.com/2018/12/16/sea-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *