News

Check out real estate news updates

សម្តេច ស ខេង ថា​អភិបាល​ខេត្ត​កណ្តាល ជាអ្នក​ធ្វើឱ្យ​ខកខាន​បង្កើត​ខេត្ត​ថ្មី

សម្តេច​ ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា អភិបាល​ខេត្ត​កណ្តាល លោក ម៉ៅ ភិរុណ ជាអ្នក​ធ្វើឲ្យ​ខកខាន​ក្នុងការ​បង្កើត​ខេត្តថ្មី។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៩។

សម្តេច​ក្រឡាហោម បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «រឿងដែល​ខកខាន​បង្កើត​ខេត្តថ្មី គឺ ម៉ៅ ភិរុណ អភិបាល​នៃ​គណៈអភិបាល​តែម្តង។ និយាយ​ឲ្យមែន​ទៅ! តែ​ឥឡូវត្អូញ​ថា អ្នកខេត្ត​ណា​ក៏មកឆ្លង​កាត់ខេត្ត​កណ្តាល​ដែរ លើកលែង​ផ្លូវជាតិលេខ​៧ ក្រៅពីនោះ​ចេញពី​ខេត្ត​គាត់​ទាំងអស់»។

សម្តេច ស ខេង លើកឡើង​ទៀត​ថា ដោយសារ​ខេត្ត​កណ្តាល​មាន​ភូមិសាស្ត្រ​ធំ ពិសេស​នោះ មានប្រជាជន​មកពី​ខេត្តណា​ក៏ធ្វើ​ដំណើរឆ្លង​កាត់ដែរ បានជា​មាន​ការស្នើសុំ​គោលការណ៍​ពីប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​បំបែក​រដ្ឋបាល​ខេត្ត​កណ្តាល ដើម្បី​ងាយស្រួល​គ្រប់គ្រង​សន្តិសុខ​សណ្តាប់​ធ្នាប់។

ជាមួយ​គ្នានោះ​ដែរ សម្តេច​ឧបនាយក​រដ្ឋមន្រ្តី ក៏បាន​ទម្លាយ​ថា លោក ម៉ៅ ភិរុណ បាន​ស្នើសុំ​អន្តរាគមន៍​ឲ្យមាន​អ្នក​​ធ្វើជា​ចៅហ្វាយខេត្ត​ថ្មី ប្រសិន​បើមាន​ការ​បែងចែក​ខេត្ត​កណ្តាល​ហើយ ការ​បែងចែក​ខេត្តនេះ រហូតដល់​មាន​អ្នក​រត់​ការធ្វើ​ជា​ប្រធាន​តុលាការ​ថែមទៀត​ផងដែរ។ «សម្តេច​តេជោ បានប្រាប់​ខ្ញុំថា មិនចាំ​បាច់​បែងចែក​ទេ។ សម្រេច​អ៊ីចឹង​ស្រួល​។ ដល់​ឥឡូវ​គាត់ (ម៉ៅ ភិរុណ) បាន​ពិបាក​គ្រប់គ្រង​សម្រាប់​ភូមិសាស្ត្រ​របស់​គាត់»។

សូម​រំលឹក​ថា សម្តេច ស ខេង កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០១៨ បានធ្វើ​សំណើ​ទៅកាន់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សិក្សា​លទ្ធភាព​ក្នុងការ​រៀបចំ​បង្កើត​ខេត្តថ្មី​ចំនួន២ ដោយ​ខេត្ត១ បំបែកចេញពី​ខេត្តកណ្ដាល និងខេត្តថ្មី១ទៀត បំបែក​ចេញពី​ខេត្ត​មណ្ឌលគិរី និង​ខេត្តរតនគិរី ដើម្បី​ជួយលើក​កម្ពស់​ប្រសិទ្ធភាព នៃការ​គ្រប់គ្រង​រដ្ឋបាល ការថែរក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និងការ​ផ្ដល់​សេវា​សាធារណៈ​ ដល់​ប្រជាពលរដ្ឋ។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​យល់ព្រម​ឱ្យ​សិក្សា​បង្កើត​ខេត្តថ្មីហើយ ប៉ុន្តែ​ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជាអធិបតីភាព​អបអរសាទរ​ទិវាគ្រូបង្រៀន នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នាព្រឹក​ថ្ងៃទី៥ ខែតុលា ឆ្នាំ​២០១៨ សម្ដេច​តេជោ បាន​បញ្ជា​ឲ្យបិទ​បញ្ចប់​ការសិក្សា​ស្រាវជ្រាវ លើ​គម្រោង​បង្កើតខេត្ត​ថ្មី​ចំនួន២​នេះវិញ ​ក្រោយមាន​ការរត់ការសុំតំណែងអភិបាលខេត្តថ្មី៕

Source From: http://kleykley.sabay.com.kh/article/1134136#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *