News

Check out real estate news updates

សម្តេចហ៊ុនសែនជំរុញឲ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គ្រឹះដើម្បីគាំទ្រវិស័យឌីជីថល

ការជំរុញឲ្យមានការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺដើម្បីគាំទ្រវិស័យឌីជីថល នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្នុងសន្និសីទស្តីពី «ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» នៅឯសណ្ឋាគារ The Great Duke។

សម្តេច តេជោ បានមានប្រសាសន៍ថា ៖ «យើងត្រូវធ្វើការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រឹះ ដែលត្រូវបន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជាឆ្អឹងខ្នង ដូចជាខ្សែកាបអុបទិក, ខ្សែកាបអុបទិកបាតសមុទ្រ, ការចែកចាយ, និងការតភ្ជាប់ដល់ផ្ទះ និងទីតាំងធុរកិច្ច និងមជ្ឈមណ្ឌល ទិន្នន័យ ដើម្បីធ្វើឱ្យប្រព័ន្ធ Internet មានល្បឿនលឿន តម្លៃសមរម្យ និងទៅដល់គ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីគាំទ្រវិស័យឌីជីថល»។

សម្តេចបន្តទៀតថា៖ «ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ ឲ្យបានជាអតិបរមា យើងត្រូវធ្វើការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាចាំបាច់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់គុណភាពនៃការអប់រំ ជំរុញការអប់រំផ្នែក ស្តេម (STEM) ជំរុញការបណ្តុះបណ្តាលជំនាញ និងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍»។

កាលពីដើមឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចធ្លាប់បានផ្តល់ការណែនាំដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុឲ្យបង្កើតក្រុមការងាររៀបចំក្របខណ្ឌគោលសេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងចាប់យកកាលានុវត្តភាពពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចដោយផ្តោតលើទិដ្ឋភាពធំៗបី៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យឌីជីថល, ការបង្កើតថ្នាលឌីជីថល និងការលើកកម្ពស់ឌីជីថលលូបនីយកម្ម-រដ្ឋាភិបាល សហគ្រិនភាព អក្ខរកម្មឌីជីថល និងទិន្នន័យបើកចំហរ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃកម្ពុជាមានវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្ពុជាហៅកាត់ថា (CDRI) ដែលជាមជ្ឈមណ្ឌលឈានមុខគេតែមួយគត់ ក្នុងការបង្កើតធនធានមនុស្សសំខាន់ៗជាច្រើនក្នុងជួររដ្ឋាភិបាល។ វិទ្យាស្ថានមួយនេះ បានក្លាយទៅជាធនធានស្នូលក្នុងការរៀបចំនិងឥទ្ធិពលលើអភិបាលកិច្ចនៃប្រទេសកម្ពុជា និងការអភិវឌ្ឍន៍របស់ខ្លួន ដែលមានការយកចិត្តទុកដាក់ខ្លាំងបំផុតពីប្រមុខដឹកនាំសម្រាប់កិច្ចការអភិវឌ្ឍន៍នាៗ។

Source From: https://www.construction-property.com/khread-news-1724/

Leave a Reply

Your email address will not be published. Required fields are marked *