News

Check out real estate news updates

វិស័យអចលនទ្រព្យអាចមានបញ្ហាធំ បើអ្នករកស៊ីសម្រុកចេញរកស៊ីតាមគ្នាច្រើនពេក

ភាពបរាជ័យធំបំផុតសម្រាប់អ្នកចេញរកស៊ីវិស័យអចលនទ្រព្យ ឬវិស័យផ្សេងក្តី គឺកើតចេញរកស៊ីតាមគ្នា ដោយមិនបានសិក្សាទីផ្សារច្បាស់លាស់ មិនស្គាល់ខ្លួនឯង មិនស្គាល់លម្អិតអំពីដំណើរការអាជីវកម្ម គ្រាន់តែឃើញគេជោគជ័យក្នុងរយៈពេលខ្លី ហាក់ងាយស្រួលចាប់ផ្តើម ក៏ហក់ចូលតែម្តង។ ត្រង់ចំណុចនេះ អត្រាបរាជ័យមានខ្ពស់មែនទែន ព្រោះក្នុងស្ថានភាពបែបនេះ ភាគច្រើនគឺចេញរកស៊ី ដើម្បីតែលុយ មិនមានក្តីស្រមៃច្បាស់ និងគ្មានទស្សនវិស័យវែងឆ្ងាយនោះទេ។ តែជាក់ស្តែង នៅពេលចុះប្រឡូកផ្ទាល់ មិនងាយស្រួលដូចអ្វីដែលបានគិត ទាមទារឱ្យមានផែនការយុទ្ធសាស្ត្រមួយដ៏ច្បាស់លាស់។

នៅពេលយើងចេញរកស៊ីតាមគ្នាកាន់តែច្រើន អត្រាបរាជ័យកាន់តែមានច្រើន ជាក់ស្តែងការអភិវឌ្ឍន៍ដីឡូត៍ត្រូវបាន អ្នកជំនាញបង្ហាញក្តីបារម្ភ ដោយសារតែមានអត្រាអ្នកអភិវឌ្ឍន៍ដីឡូត៍ច្រើនពេក សឹងតែលើសតម្រូវការជាក់ស្តែង ហើយដីឡូត៍មួយចំនួនគ្មានការអភិវឌ្ឍន៍តាមស្តង់ដារត្រឹមត្រូវ និងខ្លះមានបញ្ហាប្រឈមផ្លូវច្បាប់ជាច្រើន បណ្តាឱ្យមានការប៉ះពាល់សោភ័ណ្ឌភាពតំបន់ ហើយធ្វើឱ្យអ្នកទិញដីឡូត៍ខ្លះមានបញ្ហាជម្លោះគ្នាទៀតផង។ ក៏ប៉ុន្តែ នៅមានអ្នកអភិវឌ្ឍន៍ល្អៗជាច្រើនដែលគាត់មានក្តីស្រមៃ និងទស្សនវិស័យវែងឆ្ងាយ បានអភិវឌ្ឍន៍ដីឡូត៍គោរពទៅតាមផ្លូវច្បាប់កំណត់ និងយកចិត្តទុកដាក់សុវត្ថិភាព ផាកសុខភាព និងបរិស្ថានរបស់អ្នកទិញ ធ្វើឱ្យការអភិវឌ្ឍន៍ទទួលបានជោគជ័យជាបន្តបន្ទាប់ ខុសពីអ្នកចេញរកស៊ីតាមគ្នា គិតតែផលចំណេញច្រើនជាងភាពយូរអង្វែងនៃអាជីវកម្ម និងភាពជោគជ័យរបស់អតិថិជន។

បន្ថែមពីលើនេះ អ្នកអភិវឌ្ឍន៍លំនៅឋានក៏ដូចគ្នា ដោយសារតែឃើញឱកាសចំណេញច្រើន មានដើមទុនសមល្មម បានសាងសង់លំនៅឋានសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ដែលលំនៅឋានខ្លះមិនបានគោរពតាមច្បាប់សាងសង់ត្រឹមត្រូវ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងមូលរបស់គម្រោងគ្មានស្តង់ដារ ដែលបង្កលក្ខណៈពិបាកដល់ការរស់នៅប្រចាំថ្ងៃរបស់អតិថិជន ព្រោះសំណង់គ្មានគុណភាព បរិស្ថានមិនអំណោយផលល្អ ទីធ្លាតូចចង្អៀតជាដើម មិនសាកសមទាល់តែសោះនឹងតម្លៃដែលអតិថិជនទិញ។ ត្រង់ចំណុចនេះហើយដែលកេរ្តិ៍ឈ្មោះរបស់អ្នកចាប់ផ្តើមធ្លាក់ចុះ មិនសូវមានអតិថិជនទិញច្រើនទៀត ព្រោះតែគេចាប់ផ្តើមផ្សព្វផ្សាយចំណុចខ្សោយនៃលំនៅឋាន ទៅអ្នកជុំវិញខ្លួន ដែលធ្វើឱ្យការអភិវឌ្ឍន៍នៅគម្រោងបន្ទាប់ទទួលបរាជ័យគ្មានអ្នកទិញតទៅទៀត។

នៅពេលកំណើនពុះដីឡូត៍មានច្រើន អ្នកអភិវឌ្ឍន៍ជើងចាស់មួយចំនួន បានផ្លាស់ប្តូរទៅអភិវឌ្ឍន៍ដីបែបផ្សេង ឱ្យខុសពីពុះដីឡូត៍ធម្មតា ដើម្បីបង្កើតទីផ្សារ ចៀសវាងផ្គត់ផ្គង់លើសតម្រូវការ ខណៈអ្នកដែលពុះដីឡូត៍តាមគ្នា កំពុងតែសម្រុកធ្វើតាមគ្នារហូតធ្វើឱ្យគម្រោងទាំងនោះពិបាកលក់ចេញ ដោយសារតែតម្រូវការបានធ្លាក់ចុះ តែការផ្គត់ផ្គង់នៅតែកើនឡើង។ កត្តាលក់មិនដាច់នេះហើយ បានធ្វើឱ្យការវិនិយោគមានការជាប់គាំង មានបញ្ហាបង្វិលហរិញ្ញវត្ថុ ហើយមានក្រុមហ៊ុនមួយចំនួនបានក្ស័យធន និងបែកបាក់ផ្ទៃក្នុង និងជាប់បំណុលគេទៀតផង។

ងាកមកទីផ្សារអចលនទ្រព្យវិញ ប្រសិនបើយើងសម្រុកតែអភិវឌ្ឍន៍ដីឡូត៍ ឬលំនៅឋានសម្រាប់ទីផ្សារដូចគ្នាដែលមានអតិថិជនគោលដៅតែមួយ មិនយូរទេ ការផ្គត់ផ្គង់នឹងកើនលើសតម្រូវការជាស្វ័យប្រវត្ថ ដែលនឹងជំរុញឱ្យទីផ្សារអចលនទ្រព្យមានបញ្ហានៅពេលអនាគតមិនខាន។ ទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពនេះ តែត្រូវចេះបទបែនភ្លាមៗ ដើម្បីរំដោះខ្លួនចេញពីបញ្ហាប្រឈមទីផ្សារ។

ដោយឡែក សម្រាប់យុវជនប្រឡូកអាជីពលើវិស័យអចលនទ្រព្យវិញ ដោយសារតែគ្មានក្តីស្រមៃ និងសិក្សាវិស័យនេះច្បាស់ ពួកគេបានចាប់ជំនាញតាមគ្នា ជ្រើសរើសយកផ្នែកនៃអចលនទ្រព្យដូចគ្នា ធ្វើឱ្យការប្រឡូកក្នុងអាជីពនេះមិនសូវទទួលផលច្រើន រហូតមានអ្នកខ្លះបានសម្រេចចិត្តបោះបង់ចោលអាជីពនេះក្នុងរយៈពេលដ៏ខ្លី។ ឧទាហរណ៍៖ មានយុវជនជាច្រើនបានចាប់យកអាជីពជាភ្នាក់ងារអចលនទ្រព្យលក់ដីឡូត៍តាមគ្នាច្រើន ស្របពេលដីឡូត៍ពុះកាន់តែច្រើន ធ្វើឱ្យការធ្វើទីផ្សារលក់មានការផុសផុលច្រើន ឬទីផ្សារជន់ជោរពេកលើតម្រូវការទិញជាក់ស្តែង។

សម្រាប់អ្នកចាប់អាជីពក្នុងវិស័យអចលនទ្រព្យ ភាគច្រើនពួកគេចង់ធ្វើភ្នាក់ងារលក់ច្រើនជាង ព្រោះងាយស្រួលធ្វើ មិនសូវចំណាយពេលរៀនសូត្របន្ថែមច្រើន និងមានតម្រូវការជ្រើសរើសពីសំណាក់ក្រុមហ៊ុនច្រើន ខណៈជំនាញផ្សេងទៀត ក្រៅពីជំនាញលក់នៃវិស័យអចលនទ្រព្យមានកង្វះខាតច្រើន តែមិនសូវមានយុវជនខ្មែរយើងចាប់អារម្មណ៍ទៅវិញ។ ត្រង់ចំណុចនេះហើយ ជាកង្វះខាតនៃការសិក្សាឱ្យបានត្រឹមត្រូវមុននឹងចូលប្រឡូក ដើម្បីចាប់អាជីពលើវិស័យនេះ។

ជាក់ស្តែងតាមរយៈបទការសម្ភាសម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ អ្នកជំនាញអចលនទ្រព្យជាច្រើននៅកម្ពុជា បានលើកឡើងថា នៅក្នុងវិស័យអចលនទ្រព្យមានជំនាញច្រើន តែយុវជនខ្មែរយើងចាប់តែជំនាញណាស្រួលៗ ហើយចូលចិត្តធ្វើតាមគ្នា ទើបជំនាញខ្លះយើងមិនមានអ្នកជំនាញសម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអចលនទ្រព្យធំៗ ដែលក្រុមហ៊ុនភាគច្រើនសម្រេចចិត្តជួលអ្នកជំនាញបរទេស ដែលតួនាទីនេះទទួលបានប្រាក់បៀវត្សខ្ពស់ ដូចជាជំនាញ៖ អ្នកវាយតម្លៃ អ្នកគ្រប់គ្រងអចលនទ្រព្យ និងអ្នកគ្រប់គ្រងការដ្ឋានសាងសង់ជាដើម។

សូមបញ្ជាក់ថា វិស័យអចលនទ្រព្យមានច្រើនផ្នែកណាស់ បើជ្រុលជាចេញរកស៊ីហើយ ត្រូវតែធ្វើឱ្យខុសគេ កុំចម្លងតាមគេ ត្រូវចេះបង្កើតទីផ្សារអចលនទ្រព្យថ្មីដោយខ្លួនឯង ទើបការរកស៊ីរបស់យើងមានការរីកចម្រើន និងជួយចម្រើនដល់វិស័យនេះឱ្យមានភាពរឹងមាំ។ ជាក់ស្តែងប្រភេទអចលនទ្រព្យថ្មីៗ អាចវិនិយោគលើរមណីយដ្ឋាន លំនៅឋានសម្រាប់លំហែកាយ និងការវិនិយោគលើតំបន់ទេសចរណ៍នានា ជាដើម។ យើងសង្កេតឃើញក្រុមហ៊ុនជោគជ័យធំៗតែង មានគោលដៅត្រឹមត្រូវរៀងៗខ្លួន ដូចក្រុមហ៊ុនជីប ម៉ុង ប៉េងហួត និងពិភពថ្មីជាដើម គេបានចាប់ចំណែកទីផ្សារផ្សេងៗគ្នា៕

Source From: https://www.business-cambodia.com/public/article/fail-real-estate-busines

Leave a Reply

Your email address will not be published. Required fields are marked *