News

Check out real estate news updates

លោក ឱម យ៉ិនទៀង ថាដីដែល​ឧកញ៉ា សុខ ប៊ុន រំលោភ​យក​នៅ​កោះរ៉ុង​មាន​ទំហំ ៥២៥ហិកតា

លោក​ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ថ្លែងបញ្ជាក់​ក្នុងសន្នីសីទកាសែត​នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ការ​រំលោភ​យកដីរដ្ឋ​ដោយ​ខុសច្បាប់​នៅ​កោះរ៉ុង គឺមាន​ការឃុបឃិត​គ្នា​ជាប្រព័ន្ធ ហើយ​ករណី​នេះ ACU បាន​រកឃើញ​ដោយការ​ស៊ើបអង្កេត។ ក្នុងនោះ​ដីដែល​លោក សុខ ប៊ុន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ សុខ ប៊ុន គ្រុប រំលោភយក​គឺមាន​ទំហំ ៥២៥​ហិកតា ដោយ​មាន​ជាប់ពាក់ព័ន្ធនឹង​ប្រធានក្រុមប្រឹក្សា​ក្រុង​កោះរ៉ុង ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និង​សមាជិក​ក្រុមប្រឹក្សា។

លោក ឱម យ៉ិនទៀង អះអាងថា អ្នកទាំង៦​ បាន​សារភាព​ថា ពិតជា​បាន​ក្លែង​ឯកសារ​ប្រាកដ​មែន។ «អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ធ្វើរឿង​នេះ​ដោយ​ម៉ត់ចត់ និងមាន​ភស្តុតាង​គ្រប់គ្រាន់។ ខាងអង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្នើតុលាការ​ចោទប្រកាន់​អ្នកទាំង៦​នាក់។ ហើយ​ចំពោះដី​របស់រដ្ឋ​ដែលយក​ទៅប្រចាំ​នៅ​ធនាគារ​ គឺនឹង​រឹបអូស​យកមកវិញ តែ​បើរកឃើញ​ថា ខាង​ធនាគារ​មាន​ការ​ឃុបឃិត គឺមាន​ទោស​ដូចគ្នា»។

ប្រធាន​ ACU រូបនេះ​បន្តថា ដើមចម​រឿងហេតុ​ដែលឈាន​ដល់ការ​ឃាត់ខ្លួន​មនុស្ស​ទាំង៦នាក់​នេះ គឺផ្តើម​ចេញពី​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ចំនួន៤២​គ្រួសារ​ជាមួយ​លោក​ សុខ ប៊ុន រឿងដី ៥២៥​ហិកតា។

សូមជម្រាប​ថា លោក​ឧកញ៉ា សុខ ប៊ុន និង​មន្ត្រី​នៅ​កោះរ៉ុង ចំនួន​០៥នាក់ ត្រូវបាន​អង្គភាព​ប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ​កាលពីថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩។

លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី​ភ្នំពេញ កាលពី​រសៀលថ្ងៃទី២៤ ខែមិថុនា បានចេញដីកា​បង្គាប់ឲ្យ​ឃុំខ្លួន លោក​ឧកញ៉ា សុខ ប៊ុន និង​មន្ដ្រីរាជការ ដែលជា​អាជ្ញាធរ​សង្កាត់​កោះរ៉ុង ចំនួន ៥​នាក់ ជា​បណ្តោះ​អាសន្ន ក្រោយរកឃើញ​ថា ឃុបឃិត​គ្នាជា​ប្រព័ន្ធ​ក្លែងបន្លំ​ឯកសារ រំលោភយកដីរដ្ឋ​ដោយខុសច្បាប់ នៅសង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុងឆ្នាំ​២០១៦ រហូតដល់ឆ្នាំ​២០១៩​នេះ។

ចំណែក​លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលា​ដំបូងរាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់លើ​លោក​ឧកញ៉ា សុខ ប៊ុន ពីបទ ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និងផ្តើមគំនិត​ក្នុងអំពើបំផ្លាញ​ដោយ​ចេតនា និងគៃ​បំបាត់​ដោយ​ទុច្ចរិត ប្រព្រឹត្តនៅ​សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ​២០១៦ ដល់ឆ្នាំ២០១៩ យោងតាម​មាត្រា ២៨, មាត្រា មាត្រា ៦០១, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

រីឯ​លោក អ៊ុង និត ជាប្រធាន​ក្រុមប្រឹក្សា​ក្រុង​កោះរ៉ុង, លោក សេង ហូលាង ជាចៅ​សង្កាត់​កោះរ៉ុង, លោក ហែម សាឡេះ ជាសមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង, លោក កែ សោម ជាចៅ​សង្កាត់រង​ទី២ និង​លោក កែវ ពៅ មេភូមិ​ព្រែកស្វាយ សង្កាត់​កោះរ៉ុង ក្រុងកោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវបាន​ចោទប្រកាន់ពីបទ បំផ្លាញ​ដោយចេតនា និងគៃបំបាត់​ដោយទុច្ចរិត, វីតិក្រម, ក្លែងបន្លំ​ឯកសារ​សាធារណៈ និងប្រើប្រាស់​ឯកសារសាធារណៈ​ក្លែង ប្រព្រឹត្តនៅ​សង្កាត់​កោះរ៉ុង កាលពី​អំឡុងឆ្នាំ​២០១៦ ដល់ឆ្នាំ២០១៩ យោងតាម​មាត្រា ៥៩២, មាត្រា ៥៩៣, មាត្រា ៦០១, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រម​ព្រហ្មទណ្ឌ៕

Source From: http://kleykley.sabay.com.kh/article/1148445#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *