News

Check out real estate news updates

លោក ស៊ុន ចាន់ថុល៖ ភ្នំពេញ នឹង​មាន​ស្ពាន​មិត្តភាព កម្ពុជា-កូរ៉េ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា រាជធានី​ភ្នំពេញ​នឹងមាន​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ខណៈ​ដែល​បច្ចុប្បន្ន ទីក្រុង​នេះ​គឺមាន​តែ​ស្ពានមិត្តភាព​កម្ពុជា-ចិន និង​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ តែ​ប៉ុណ្ណោះ។

ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៩ ពេល​ចុះ​ត្រួតពិនិត្យ​ស្ពានជ្រោយចង្វារទី១ (ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន) ដើម្បី​ត្រៀម​ដាក់​ឱ្យដំណើរ​ការ​នៅថ្ងៃទី៣មេសា​ខាងមុខ​នេះ លោក ស៊ុន ចាន់ថុល បាន​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «សម្តេច​បាន​ស្នើសុំ​ឱ្យ​មិត្ត​កូរ៉េជួយ​សាងសង់​ស្ពាន​មួយដែរ​នៅភ្នំពេញ ដោយសារ​មាន​ស្ពានចិន​ ស្ពាន​ជប៉ុន​ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ នៅ​ភ្នំពេញ។ អ៊ីចឹង! យើងត្រៀម បន្តិច​ទៀត ក្រែងលោ​មាន​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ»។

លោក​ទេសរដ្ឋមន្រ្តី​បន្ថែម​ថា បើមាន​ប្រទេស​ណា​ផ្សេងទៀត ចង់ជួយ​សាងសង់​ស្ពាន​នៅកម្ពុជា​ដែរ​នោះ គឺរាជ​រដ្ឋាភិបាល​ស្វាគមន៍​ទាំងអស់ ដោយ​ពុំមាន​ការរើសអើង​ឡើយ ឱ្យ​តែ​គោរព​អធិបតេយ្យភាព​កម្ពុជា។

សូម​រំលឹក​ថា ប្រធានាធិបតី​នៃ​សាធារណរដ្ឋកូរ៉េ លោក មួន ចេអ៊ីន បាន​មក​បំពេញ​ទស្សន​កិច្ចជា​ផ្លូវរដ្ឋ​ នៅ​កម្ពុជា​ពី​ថ្ងៃទី​១៤ ដល់ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅ។ នៅ​មុន​ដំណើរ​ទស្សន​កិច្ច​នេះ មាន​ការលើកឡើង​ជាច្រើនថា ភាគីទាំង២ នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ពី​តំបន់​ជ្រោយចង្វារ ទៅកាន់​តំបន់​ស្វាយជ្រំ។ ប៉ុន្តែ​ភាគី​ទាំង២ មិនបាន​ចុះកិច្ចព្រមព្រៀង​ណាមួយ​​ដែលពាក់ព័ន្ធ​នឹង​ការសាងសង់​ស្ពាន​នេះឡើយ។

គម្រោង​សាងសង់​ស្ពាន​ជ្រោយចង្វា-ស្វាយជ្រំ​នេះ ត្រូវបាន​ភាគី​ចិន សិក្សា​ចប់​ម្តងរួច​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​គម្រោង​នេះ គឺ​ស្ថិត​ក្រោមការ​សិក្សា​គម្រោង​របស់​ភាគី​កូរ៉េ​វិញម្តង៕

Source From:

Leave a Reply

Your email address will not be published. Required fields are marked *