News

Check out real estate news updates

លោក ច្រឹក សុខនីម : ​ ពីក្មេងហូបបាយបាត្រក្លាយជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ជោគជ័យមួយ​

​ភ្នំពេញ: ការឈានឡើងរបស់មនុស្សម្នាក់ៗ អាស្រ័យលើមូលដ្ឋានខុសៗគ្នាដែល ផ្តើមចេញពីគ្រួសារ ការអប់រំ និងការតស៊ូ និងមូលធនពីគ្រួសារ តែការឈានចេញពីភាពក្រីក្រនិងបាតដៃទទេពិតជាជីវិតមួយដែលគួរឲ្យមោទនភាព។

ជីវិតកុមារភាព និងការសិក្សា

​ជាកុមារមានភាពឧស្សាហ៍ព្យាយាម និងស្តាប់បង្គាប់ឪពុកម្តាយ កុមារ ច្រឹក សុខនីម ដែលបានចាប់កំណើតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងពេលគ្រប់វ័យចូលរៀន កុមារូបនេះបានចាប់ផ្តើមនៅសាលាបឋមសិក្សាជ្រៃវៀន ហើយបន្តមកអនុវិទ្យាល័យហ៊ុន សែនព្រៃឈរ និងវិទ្យាល័យ​នរោត្តមរណឬទ្ធិគន្ធបុប្ផា មុនពេលចាប់ផ្តើមដំណើ​រ​ជីវិតវែងឆ្ងាយ និងឃ្លាតផ្ទះសម្បែង ឪពុកម្តាយ មកផ្សងជីវិតដើម្បីស្វែងរកគុណភាពជីវិតប្រសើរជាងមុន។ លោកបានមក​បន្តការសិក្សានៅកម្រិតឧត្តមសិក្សាឆ្នាំ១៩៩៨ បន្ទាប់ពីឆ្លងកាត់ការប្រលងបាក់ឌុបដ៏តឹង​រ៉ឹង ក្រោមការដឹកនាំរបស់លោក អ៊ឹង ហួត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាសម័យ​នោះ។

ជាកូនស្តាប់ដំបូន្មានឪពុកម្តាយ និងយកការសិក្សាជាគោល ដើម្បីឈានទៅមុខ និងមានអនាគតល្អក្នុងសង្គម យុវជន ច្រឹក សុខនីម មិនត្រឹមតែរៀនពូកែ​និងលេចធ្លោនៅកម្រិតមូលដ្ឋានប៉ុណ្ណោះទេ តែលោកក៏ជានិស្សិតពូកែមួយរូប ដោយលោកអាចសិក្សាបីមហាវិទ្យាល័យក្នុងពេលតែមួយ តាមរយៈអាហារូបករណ៍ដែលសាលាផ្តល់ជូន ដោយសា​រ​លោកជាសិស្សពូកែ។

លោក សុខនីម បានសិក្សានៅវិទ្យាស្ថានព្រះកុសុមៈ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងសាកលវិទ្យាល័យន័រតុនក្រុងភ្នំពេញ និងស្នាក់នៅវត្តនាគវ័ន្ត ដែលជាអា​រ៉ាមដ៏សុខសាន្តមួយ ដែលលោកបានស្នាក់អាស្រ័យជាមួយនឹងបាយបាត្រ និងលោកសង្ឃ។

ចាប់ផ្តើមរៀនបណ្តើរធ្វើការបណ្តើរ

ជាមួយនឹងទំនុកចិត្ត និងទទួលបានជោគជ័យលើការសិក្សា បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាស្ថានព្រះកុសុ​មៈ រយៈពេលពីរឆ្នាំ យុវជនដែលចាកចេញពីជនបទ និងមិនទាន់បាត់ធំក្លិនសន្ទូងរូបនេះ បានចាប់ផ្តើមចេញប្រឡូកការងារ ក្នុងអង្គការអភិវឌ្ឍន៍កសិ​កម្មកម្ពុជា និងផ្លាស់ប្តូរការងារជាបន្តបន្ទាប់ ជាមួយនូវការឈានឡើងដំណែងកាន់តែធំ និង​មានការទទួលខុសត្រូវកាន់តែច្រើន។

ការងារថ្មីដំបូងរបស់លោក គឺបានចាប់ផ្តើមការងារអង្គការអភិវឌ្ឍន៍កសិកម្មកម្ពុជា ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣។ ចាប់ពីឆ្នាំ២០០៣ ដល់ចុងឆ្នាំ២០០៤ លោកបានផ្លាស់ប្តូរការងារ មកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាញូតុនធីឡាយ និងចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ លោកបានផ្លាស់ប្តូរការងារប្រសើរជាងមុន និងទទួលបានតំណែ​ងធំជាងមុន ដោយមានតួនាទីជាអ្នកគ្រប់គ្រងស្ថានីយ៍ ប្រេងឥន្ឋនៈកាល់តិច និងចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ បានផ្លាស់ប្តូរមកកាន់ការងារ ជាប្រធានផ្នែកជាន់ខ្ពស់គ្រប់គ្រងប្រព័ន្ឋអេឡិកត្រូនិក នៅធនាគារលំដាប់អន្តរជាតិមួយគឺANZ Royal។

​ធ្វើការនៅធនាគារនេះហើយ ដែលលោកចាប់ផ្តើមយល់និងរៀនពីដំណើរវិវត្តន៍ និងសក្តានុពលក្នុងវិស័យអចលនទ្រព្យ ទើបធ្វើការនៅទីនោះមួយរយៈយកបទពិសោធន៍មួយរយៈរួច លោកបានសម្រេចចិត្តចាកចេញពីការងារម្តងទៀត ដើម្បីមកបំពេញការងារ និងជាអ្នកដឹកនាំក្នុងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកដ៏ធំមួយ។

​ក្នុងកំឡុងពេលគិតចាប់ពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០០៩ លោកបានចាប់ផ្តើមធ្វើការងារក្នុងនាមជាអ្នកគ្រប់គ្រង ដោយមានអ្នកនៅក្រោមបង្គាប់មួយចំនួន ហើយជាលទ្ធផលការងាររបស់​លោកទទួលបានជោគជ័យ និងទទួលបានការគោរពស្រលាញ់ និងឲ្យតម្លៃពីអ្នកក្រោមបង្គាប់។

​ចាប់ផ្តើមប្រឡូកក្នុងវិស័យអចលនទ្រព្យ
​ជាមនុស្សប្រកបដោយទស្សនវិស័យ មានមហិច្ឆតា ដោយប្រើប្រាស់ចំណេះដឹងជាទុន និងមានទេពកោសល្យជាអ្នកដឹកនាំ លោក សុខនីម បានចាកចេញពីការងារចាស់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ មក​ចាប់អាជីពក្នុងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកធំមួយ គឺទទួលបានដំណែងជាអគ្គនាយករងក្រុមហ៊ុនVTRUST PROPERTY។

​ធ្វើការនៅក្រុមហ៊ុន VTRUST PROPERTY លោក ច្រឹក សុខនីម ទទួលរាប់រងការ​ងារទិញលក់ វាយតម្លៃ ជាភ្នាក់ងារ និងការងារវិនិយោគខ្លួនឯងមួយចំនួនផងដែរ។ ការងារចុងក្រោយ​នេះហើយ ធ្វើឲ្យលោកជាប់ចិត្តនឹងវិស័យអចលនទ្រព្យ ដោយសារវាជាវិស័យមួយដែល​មានទំនាក់ទំនងល្អជាមួយអ្នកមានធនធាន និងជាវិស័យដែលអាចរកកម្រៃបានច្រើន ដែលធ្វើឲ្យជីវភាពរបស់លោកកាន់តែប្រសើរឡើង។

​ជីវិតគ្រួសារ

​ជាមួយនឹងជោគជ័យក្នុងការសិក្សា ការងារ និងទទួលបានលក្ខខណ្ឌជីវិតកាន់តែប្រសើរឡើង ទើបនៅឆ្នាំ២០០៧ លោកបានសម្រេចចិត្តរៀបការ និងទទួលបានបុត្រពីរ​
ស្រី១ ប្រុស១រហូតមកទល់ពេលនេះ។

មូលដ្ឋាននៃការឈានឡើង
បុរសដែលមានសម្បុរសស្រអែម សក់រួញអង្គាសដីរូបនេះ បានចាប់ផ្តើមធ្វើការងារ និងបើកកក្រុមហ៊ុនខ្លួនឯងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន តាមរយៈការទិញសិទ្ធិអាជីវកម្ម ឬ Franchise ពីក្រុមហ៊ុន Century21 Cambodia និងបានដាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួន ជា Century21 Mekong ដោយយកដងទន្លេដ៏វែងហូរកាត់ប្រទេសជាច្រើនក្នុងតំបន់ មកធ្វើជានិម្មិតសញ្ញា និងសម្រាប់ការចងចាំដ៏ល្អមួយ។

នៅពេលបើកក្រុមហ៊ុនខ្លួនឯង លោក សុខនីម មានបុគ្គលិកត្រឹម៨នាក់ប៉ុណ្ណោះ តែ បច្ចុប្បន្នក្រុមហ៊ុន Century21 Mekong បានពង្រីកខ្លួន និងបន្ថែមបុគ្គលិករហូតដល់ជាង៥០នាក់ ដែលក្រុមហ៊ុននេះផ្តោតលើការលក់ផ្ទះនៅតាមបុរី ផ្តល់សេវាកម្មវាយតម្លៃ និងវិនិយោគលើវិស័​យនេះដោយខ្លួនឯងបណ្តើរៗផងដែរ។

មនុស្សម្នាក់ៗសុទ្ធតែចង់ជោគជ័យ និងឡើងកាន់តំណែងកាន់តែធំ និងជោគជ័យ​កាន់តែច្រើន តើលោកឈរលើមូលដ្ឋានអ្វីខ្លះ? លោក សុខនីម បាន​ថ្លែងថា ជំហ៊ានដំបូងគឺយើងត្រូវធ្វើជាមនុស្សស្មោះត្រង់ មានជំនឿចិត្ត និងអភិវឌ្ឍន៍​ខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាល ពិសេសលោកស្ថិតនៅក្នុងក្រុមការងារដែលជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក “ទើបយើងអាចទៅមុខទាំងអស់គ្នា រីកចម្រើនទាំងអស់គ្នា និងជោគជ័យទាំងអស់គ្នា”។

​លោកបញ្ជាក់ថា “ខ្ញុំគិតថាមានតែការធ្វើការងារជាក្រុម និងមនុស្សមានទស្សនវិស័យ​ស្រដៀងគ្នាទេ ទើបយើងអាចជោគជ័យទាំងអស់គ្នាបាន”។ លោកបន្តថា “ជាទូទៅ ក្នុងពេលបំពេញការងារត្រូវមានក្តីសុ​បិន និងសិក្សាពីខ្លួនឯងថា តើយើងអាចធ្វើអ្វីបាន ហើយស្រលាញ់ការងារអ្វី បើយើងរកឃើញការងារដែលយើងស្រលាញ់បាន ហើយធ្វើការងារនោះ យើងនឹងទទួលបានជោគជ័យ”។

​ការគ្រប់គ្រងបុគ្គលិក
​ការគ្រប់គ្រងមនុស្សមិនមែនជារឿងសាមញ្ញពេកនោះទេ បើសិនជាយើងគ្មានវិធីសាស្រ្ត និងប្រព័ន្ធតាមដានការងារច្បាស់លាស់។
​លោក សុខនីម បានចែករំលែកការងារគ្រប់គ្រងមនុស្សផងដែរថា អ្វីសំខាន់យើងមានក្រុមការងារល្អ ដៃគូសហការល្អ និងអាចធ្វើការងារជាមួយគ្នាបាន ទើបយើងទទួលបានជោគជ័យ។ ជារួមភាពសាមញ្ញបំផុតរបស់មនុស្ស គឺត្រូវយក”ភាពស្មោះត្រង់”ជាគោល ហ៊ានជជែកដោះស្រាយបញ្ហាពីលើដល់ក្រោម។

ទាក់ទងការគ្រប់គ្រងបុគ្គលិក លោក សុខនីម បានឲ្យដឹងថា ជាទូទៅមនុស្សមានប្រភេទ និងសន្តានសម្រាប់គ្រប់គ្រងផ្សេងៗគ្នា តែសម្រាប់លោកគឺមានជំនឿទៅលើបុគ្គ​លិក ដោយទី១ រើសមនុស្សឲ្យត្រូវ និងដាក់ការងារឲ្យត្រូវជំនាញរបស់គេ ទី២ ត្រូវឲ្យ​តម្លៃពួកគាត់ ព្រោះមនុស្សត្រូវការតម្លៃ ទី៣ ត្រូវមានប្រព័ន្ធនៃការគ្រប់គ្រងពួកគេឲ្យបានច្បា​ស់លាស់ តាមរយៈការតាមដានការងារជាប្រចាំ និងទី៣ ផ្តល់ការងារមួយចំនួនដែលអាចឲ្យពួកគេអាចសម្រេចចិត្តដោយខ្លួនឯងបាន តាមរយៈការចែករំលែកនូវប្រាក់ចំណេ​ញ ការផ្តល់នូវមូលដ្ឋានក្នុងការសម្រេចចិត្ត ក្នុងកម្រិតណាមួយ ដែលពួកគេអាចទទួល​ខុសត្រូវបាន។

​ជំនឿចិត្តនិងទស្សនវិស័យ

​ជាមួយការនិយាយស្តីមួយៗ និងមានភាពច្បាស់លាស់ លោក សុខនីម បានឲ្យដឹងថា ភាពជោគជ័យមិនផ្អែកលើសំណាងច្រើននោះទេ តែទស្សនវិស័យ និងការតាមដាន​ស្ថានភាពសេដ្ឋកិច្ច សង្គម និងរបត់នយោបាយ ពិសេសការទស្សន៍ទាយនូវស្ថានភាពប្រទេសផង ទើបយើងអាចទទួលបានជោគជ័យ។ ជាមួយគ្នានេះ យើងក៏សេពគប់ជាមួ​យបុគ្គលជោគជ័យ និងសិក្សាពីគន្លឹះនៃភាពជោគជ័យរបស់គេ ដើម្បីយើងយកមកអភិវឌ្ឍ​ន៍អាជីវកម្មរបស់យើងឲ្យបានជោគជ័យបន្តទៀត។

​លោក ច្រឹក សុខនីម បានបន្តថា “ភាពជោគជ័យមិនកំណត់តែលើប្រាក់កាសមួយមុខនោះទេ តែវាអាស្រ័យលើការកសាងសមត្ថភាព និងធនធាន និងកេរ្ត៍ឈ្មោះផងដែរ”។​ លោកបន្តថា “ជំនឿចិត្ត ការសិក្សាបន្ត ការស្គាល់ខ្លួនឯង និងជ្រើសរើសមុខជំនាញឬអាជីវកម្មដែល​យើងពេញចិត្ត ជាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់ដំណើរឆ្ពោះទៅរកភាពជោ​គ​ជ័យរបស់បុគ្គលម្នាក់ៗ”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *