News

Check out real estate news updates

លោកឃាង ពុទ្ឋីៈចំណេះដឹងជាមូលដ្ឋានមានសារៈសំខាន់សម្រាប់អ្នកត្រៀមប្រឡូកក្នុងវិស័យអចលនទ្រព្យ

​ភ្នំពេញ : ប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា លោកឃាង ពុទ្ឋីបានថ្លែងថា ចំណេះដឹងជាមូលដ្ឋានផ្នែកច្បាប់ និងបទដ្ឋានគតិយុត្តិនានា ពិសេសមូលដ្ឋានចំណេះដឹងផ្នែកអចលនទ្រព្យមានសារៈសំខាន់ណាស់ សម្រាប់អ្នកត្រៀមចាប់ផ្តើមប្រឡូកក្នុងវិស័យនេះ។

​តាមរយៈវគ្គបណ្តុះបណ្តាល”មូលដ្ឋានគ្រឹះនៃវិស័យអចលនទ្រព្យ ដែលរៀបចំបានដោយជោគជ័យដោយ សមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា ចំនួនពីរវគ្គរួចមកហើយ លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៩ ធ្នូកន្លងមកថា វគ្គបណ្តុះ​បណ្តាលនេះមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឲ្យសិក្ខាកាមបានទទួលចំណេះដឹងផ្នែកច្បាប់ និងចំណេះដឹងទាក់ទងការវិនិយោគ ទាក់ទងការទិញលក់ ជួលក្នុងវិស័យអចលនទ្រព្យ ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីបំពេញតម្រូវការធនធានមនុស្សក្នុង​វិស័យនេះផង និងដើម្បីពង្រីកនូវធនធានមនុស្សក្នុងវិស័យនេះផងដែរ។

​លោកបន្តថា “ដើម្បីឲ្យវិស័យនេះកាន់តែរីកចម្រើន និងគោរពបាននូវក្រមសីលធ៌ម​ខ្ពស់ ទាមទារនូវធនធានមនុស្សប្រកបដោយគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការរីក​ចម្រើនវិស័យនេះផង និងជួយរដ្ឋាភិបាលផងដែរ”។លោកបន្តថា “ជាទស្សនវិស័យរបស់ខ្ញុំ យើងចង់ឲ្យអ្នកសិក្សាក្នុងវិស័យនេះ និងត្រៀមប្រឡូកក្នុងវិស័យនេះ ចូលបំពេញការងារ​នៅតាមបណ្តាក្រុមហ៊ុននានាមួយរយៈ ដើម្បីពួកគេទទួលបានបទពិសោធន៍ និងឈានទៅទទួលបានជោគជ័យក្នុងវិស័យនេះ”។

​វិស័យសំណង់ និងអចលនវត្ថុកម្ពុបាន និងកំពុងផ្លាស់ប្តូរមុខមាត់កម្ពុជាយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយទំហំទឹកប្រាក់រាប់ពាន់លានដុល្លារបានចាក់បញ្ចូលក្នុងវិស័យនេះ ជាក់ស្តែងគិតត្រឹមរយៈពេល១០ខែឆ្នាំនេះ ទុនវិនិយោគក្នុងវិស័​យនេះមានទំហំទឹកប្រាក់ជិត៥០០០លានដុល្លារអាមេរិក និងឆ្នាំ២០១៧កន្លងមកទុនវិនិយោគក្នុងវិស័យនេះ មានទំហំទឹកប្រាក់ប្រមាណ៦៤០០លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

​លោកឃាង ពុទ្ឋីបានថ្លែងបន្តថា ដោយសារវិស័យនេះ មានភាពរីកចម្រើនលឿន ទើបធ្វើឲ្យធនធានមនុស្សក្នុងវិស័យនេះ នៅជាបញ្ហាប្រឈម ទោះជាមានអ្នកជំនាញនិងអ្នកវិនិយោគមកពីបរទេស បានចូលមកប្រឡូកក្នុងវិស័យនេះច្រើនរួចហើយក៏ដោយ តែយើងត្រូវការធនធានមនុស្សច្រើនទៀត ដើម្បីបំរើសេវាកម្ម និងបំពេញការងារពាក់ព័ន្ឋក្នុង​វិស័យនេះ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *