News

Check out real estate news updates

រដ្ឋាភិបាល៖ កំណើនសំណង់អគារគឺជាឬសគល់នៃបញ្ហាខ្វះអគ្គិសនីនិងទឹកនៅកម្ពុជា

កង្វះទឹកនិងអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺបណ្តាលមកពីការកើនឡើងយ៉ាងគំហុកនៃសំណង់អគារដែលតម្រូវឲ្យមានការប្រើប្រាស់ច្រើន នេះបើយោងតាមការបញ្ជាក់របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា៖ «អភូតហេតុនេះ គឺបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងកើតចេញពីបម្រែបម្រួលអាកាសធាតុ គឺនាំឲ្យមានការខ្វះទឹកខុសប្រក្រតី រួមផ្សំនឹងការកើនឡើង នូវការប្រើប្រាស់យ៉ាងគំហុក ក្នុងវិស័យសំណង់ផងដែរ ដែលមានកំណើន ៧០០ ភាគរយ»។

ការកើនឡើងនៃសំណង់អគារទាំងនោះគឺភាគច្រើននៅតំបន់ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ខេត្តព្រះសីហនុ បាត់ដំបង និងសៀមរាបជាដើម។

តាមការបញ្ជាក់ដដែល កំណើនយ៉ាងគំហុកនៃសំណង់អគារបែបនេះ បានធ្វើឲ្យប្រភពថាមពលអគ្គិសនីនៅកម្ពុជា ពុំអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ដូចរដូវប្រាំងកន្លងមក ដែលក្នុងនោះ កង្វះអគ្គិសនីនេះនឹងអូសបន្លាយរហូតដល់ចុងខែ ឧសភា ឆ្នាំ ២០១៩។

យ៉ាងណាមិញ ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ រដ្ឋាភិបាលបាននិងកំពុងចរចាជាមួយប្រទេសតួកគីដើម្បីនាំនាវាផលិតអគ្គិសនីអនុភាព ២០០ មេហ្គាវ៉ាត់ មកកាន់កម្ពុជា។

យោងតាមទិន្នន័យពីក្រសួងរ៉ែ និងថាមពល ការប្រើប្រាស់អគ្គិសនីនៅកម្ពុជានៅឆ្នាំ ២០១៨ មានត្រឹមតែ ៩.៣ ជីហ្គាវ៉ាត់ ដែលស្មើទៅ ២៥.៥ មេហ្គាវ៉ាត់ ក្នុងមួយថ្ងៃ ហើយសម្រាប់ឆ្នាំ ២០១៩នេះ តម្រូវការប្រើប្រាស់គឺមានរហូតដល់ ៣១ មេហ្គាវ៉ាត់ ក្នុងមួយថ្ងៃ។

Source From: https://www.construction-property.com/khread-more-1721/

Leave a Reply

Your email address will not be published. Required fields are marked *