News

Check out real estate news updates

រដ្ឋាភិបាលអនុម័តគម្រោងសាងសង់រោងចក្រ ផលិតអគ្គិសនីចំនួនបីកន្លែងក្នុងពេលតែមួយ

រដ្ឋាភិបាលកាលពីថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៩ បានអនុម័តគម្រោងសាងសង់រោងចក្រផលិតអគ្គិសនីបន្ថែមចំនួនបីកន្លែង ស្ថិតនៅខេត្តពោធិ៍សាត់និងកំពង់ឆ្នាំង ក្រោមទុនវិនិយោគប្រមាណជាង ៣៤៧ លានដុល្លារអាមេរិក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ថា រដ្ឋាភិបាលបានអនុម័តឲ្យក្រុមហ៊ុន SPHP (Cambodia) Co.,Ltd សាងសង់វារីអគ្គីសនីពោធិ៍សាត់១ ដែលមានអនុភាពផលិតអគ្គិសនីដល់ទៅ ៨០ មេហ្គាវ៉ាត់ ក្រោមទុនវិនិយោគប្រមាណជា ២៣១,១០ លានដុល្លារអាមេរិក។ មានទីតាំងស្ថិតនៅឃុំប្រមោឃ ស្រុកវាលវែង ខេត្តពោធិ៍សាត់ គម្រោងវារីអគ្គីសនីពោធិ៍សាត់១នេះ នឹងត្រូវសាងសង់ឡើងក្រោមរូបភាព សាងសង់-ដំណើរការ-ផ្ទេរ (BOT) សម្រាប់រយៈពេល ៣៩ ឆ្នាំ។

ក្នុងនោះដែរ រដ្ឋាភិបាលក៏បានអនុម័តឲ្យក្រុមហ៊ុន Schnei Tec Co., Ltd សាងសង់ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ២កន្លែង ដែលក្នុងនោះ មួយកន្លែងស្ថិតស្រុកក្រគរនៅ ខេត្តពោធិ៍សាត់ និងមួយកន្លែងទៀត ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ ក្រោមទុនវិនិយោគសរុបប្រមាណជា ១១៦,៤៥០ លានដុល្លារអាមេរិក។ ស្ថានីយអគ្គិសនីនីមួយៗមានអនុភាពផលិតអគ្គិសនីបានដល់ ៦០ មេហ្គាវ៉ាត់ ហើយការសាងសង់នឹងត្រូវធ្វើឡើងក្រោមរូបភាព សាងសង់-ធ្វើជាម្ចាស់-ដំណើរការ (BOO) សម្រាប់រយៈពេលអាជីវកម្ម២០ឆ្នាំ។

សរុបសេចក្តីមក គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីទាំងបីកន្លែងនេះ មានទុនវិនិយោគប្រមាណជា ៣៤៧,៥៥ លានដុល្លារអាមេរិក ហើយអាចបន្ថែមការផ្គត់ផ្គង់អគ្គិសនីចំនួន២០០មេហ្គាវ៉ាត់បន្ថែមទៀតដល់កម្ពុជាដែលកំពុងមានកង្វះអគ្គិសនីសម្រាប់ប្រើប្រាស់។

Source From: https://www.construction-property.com/khread-more-1750/

Leave a Reply

Your email address will not be published. Required fields are marked *