News

Check out real estate news updates

រដ្ឋាភិបាលបង្កើតក្រុមការងារជាពីរផ្នែកដើម្បីដោះស្រាយ បញ្ហាសំណង់និងអចលនទ្រព្យ

រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារចំនួនពីរផ្នែកសម្រាប់ស្ថាប័នរដ្ឋនិងឯកជនដើម្បីរួមគ្នារកដំណោះស្រាយទៅលើបញ្ហាសំណង់ និងអចលនទ្រព្យទាំងឡាយណាដែលរារាំងដល់ដំណើរការការធ្វើពាណិជ្ជកម្មក្នុងវិស័យទាំងនេះ។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ដែលទស្សនាវដ្តីសំណង់ និងអចលទ្រព្យយើងខ្ញុំទទួលបាននាពេលថ្មីៗនេះ។

សេចក្តីសម្រេចចំនួនពីរច្បាប់ផ្សេងគ្នាចុះថ្ងៃតែមួយខាងលើ បានឲ្យដឹងថា រដ្ឋាភិបាលបានចាត់តាំងឲ្យមាន«ក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ»ចំនួនពីរក្រុមសម្រាប់ស្ថាប័នរដ្ឋនិងឯកជន ដែលក្នុងនោះ ស្ថាប័នរដ្ឋមានសមាសភាពចំនួន ២៤ រូប ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំណែកឯ ស្ថាប័នឯកជនវិញ គឺមានសមាសភាពចំនួន២១រូប ដឹកនាំដោយលោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប។

ក្រុមការងារទាំងពីរខាងលើនេះ គឺមានតួនាទីសហការជាដៃគូពិភាក្សាការងារជាមួយគ្នាដើម្បីប្រមូលផ្តុំរាល់បញ្ហាប្រឈមនានាដែលវិស័យឯកជនជួបប្រទះ ដើម្បីអាចត្រៀមសម្រាប់បញ្ចូលក្នុងអង្គប្រជុំរបស់«វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៨ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ នៅឯវិមានសន្តិភាព។

លោក សន សៀប ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានស្វាគមន៍ចំពោះការបង្កើតក្រុមការងារខាងលើ ដោយលោកយល់ថា៖ «ក្រុមការងារដែលជួយដល់វិស័យឯកជនគឺជាសញ្ញាល្អ និងអាចដោះស្រាយការងារបានច្រើន ព្រោះថា ពេលខ្លះ [កន្លង] ការដោះស្រាយការងារម្តងមួយៗ វាអាចមិនសូវមានប្រសិទ្ធភាព»។  លោកបានបន្ថែមទៀតថា ការរៀបចំក្រុមការងារបែបនេះនឹងផ្តល់លក្ខណៈល្អដល់វិស័យសំណង់ និងអចលនទ្រព្យ។

ជាមួយគ្នានេះដែរ អ្នកនាង អាន សុធីដា ប្រធានក្រុមហ៊ុន CBRE Cambodia ក៏បានគាំទ្រចំពោះការបង្កើតក្រុមការងារខាងលើ ក៏ប៉ុន្តែ អ្នកនាងយល់ថា រដ្ឋាភិបាលគួរមើលច្បាប់ជាមួយប្រទេសជិតខាងដែលមានការជឿនលឿនជាងកម្ពុជា ដែលក្នុងនោះ ច្បាប់របស់ប្រទេសគេគឺត្រូវការការយល់ដឹងពីសមាគមបរទេស ឫអង្គការសង្គមស៊ីវិលនានា។

«ពេលដែលទាក់ទងទៅនឹងអចលនទ្រព្យ មិនមែនមានតែ អ្នកអភិវឌ្ឍន៍ និងរដ្ឋាភិបាលទេ គឺត្រូវប្រជុំជាមួយស្ថាប័នផ្សេងៗទៀតដែលពាក់ព័ន្ធដើម្បីពង្រឹងច្បាប់និងប្រពន័្ធយើងឲ្យបានកាន់តែល្អ» អ្នកនាង អាន សុធីដា បានផ្តល់មតិយ៉ាងដូច្នេះ។


Source From: https://www.construction-property.com/khread-news-1729/

Leave a Reply

Your email address will not be published. Required fields are marked *