News

Check out real estate news updates

រដ្ឋាភិបាលកំពុងសិក្សាសាងសង់ព្រលានយន្តហោះនៅមណ្ឌលគីរី

រដ្ឋាភិបាលបានកំពុងសិក្សាគម្រោងសាងសង់អាកាសយានដ្ឋាន នៅខេត្តមណ្ឌលគីរី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ កសិឧស្សាហកម្ម កសិទេសចរណ៍ ជាពិសេសគឺការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងក្នុងប្រទេស និងក្នុងតំបន់។

លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា គម្រោងសិក្សាសាងសង់អាកាសយានដ្ឋាននៅមណ្ឌលគីរី ស្ថិតនៅក្នុងផែនការមេនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តភាគឦសាន។

លោក ជុក ជំនោរ ថ្លែងថា៖ «ក្រសួងនឹងពិភាក្សាជាមួយអាជ្ញាធរខេត្ត និងអាកាសចរណ៍ស៊ីវិល ជុំវិញទីតាំងសម្រាប់សាងសង់ព្រលានយន្តហោះនេះ»។

លោកបន្ថែមថា ការសិក្សាផែនការមេ អាចនឹងបញ្ចប់នៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ។

បើតាមអភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង គម្រោងសិក្សាអាកាសយានដ្ឋានថ្មីនេះអាចនឹងធ្វើឡើងនៅស្រុកអូររាំងលើផ្ទៃដីប្រមាណ ៣០០ហិកតា។

លោក ស្វាយ សំអ៊ាង ថ្លែងថា៖ «ខាងខេត្តមានដីសម្រាប់សាងសង់រួចហើយ គឺនៅក្នុងស្រុកអូររាំង តែការចំណាយលើការសាងសង់ គឺអាស្រ័យលើខាងថ្នាក់ជាតិ»។

លោកអភិបាលខេត្តលើកឡើងថា គម្រោងសាងសង់អាកាសយានដ្ឋាន នឹងធ្វើឲ្យខេត្តទាំងមូល មានការអភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដោយសារខេត្តនេះមានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូទេសចរណ៍។

លោក ស្វាយ សំអ៊ាង បញ្ជាក់ថា៖ «ដោយសារខេត្តមានសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ បើសិនមានព្រលានយន្តហោះ នឹងជួយទាក់ទាញបន្ថែមទៀត ទាំងភ្ញៀវទេសចរណ៍ជាតិនិងបរទេស ព្រោះថាផ្លូវធ្វើដំណើរឆ្ងាយ»។

ខេត្តមណ្ឌលគីរីមានអតីតអាកាសយានដ្ឋានមួយកន្លែង មានទីតាំងនៅទីរួមខេត្ត។ ប៉ុន្តែបច្ចុប្បន្ននេះ ទីតាំងអតីតអាកាសយានដ្ឋាន ត្រូវបានអភិវឌ្ឍន៍ទៅជាឧទ្យាន។

គួរបញ្ជាក់ថា សម្តេចតេជោរនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីពាក់កណ្តាលខែមីនា បានជំរុញឲ្យមានការកសាង អាកាសយានដ្ឋានមួយនៅក្នុងតំបន់ភូមិភាគឦសានប្រទេស។ លោកថា ការកសាងអាកាសយានដ្ឋានថ្មី ក្នុងភូមិភាគឦសាន ព្រោះតែតំបន់នេះនឹងក្លាយជាប៉ូលសេដ្ឋកិច្ចចម្បងមួយក្នុងប្រទេស៕

Source From: https://www.construction-property.com/khread-news-1774/

Leave a Reply

Your email address will not be published. Required fields are marked *