News

Check out real estate news updates

រដ្ឋាភិបាលកំពុងសិក្សាសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នៅតាខ្មៅតម្លៃ៦៤លានដុល្លារ

ឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹក និងការកើនឡើងនៃការវិនិយោគចម្រុះ រដ្ឋាភិបាលបាននិងកំពុងសិក្សាលើការសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្រុងតាខ្មៅ ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានដល់ជាង៧០០០ម៉ែតគូបក្នុងមួយថ្ងៃ នេះបើយោងតាមលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងនៃគម្រោងកាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩។

តាមការចុះត្រួតពិនិត្យខាងលើ ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្ថាបនានេះ គឺនឹងមានការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់សមត្ថភាពចម្រោះទឹក៧៦០០ម៉ែតគូបក្នុងមួយថ្ងៃ ស្ថានីយបូមទឹក ការតបណ្ដាញលូពីផ្ទះប្រជាពលរដ្ឋ ការស្ដារស្ទឹងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមការបញ្ជាក់លើទំព័រហ្វ៊េសប៊ុករបស់ក្រសួង គម្រោងខាងលើនេះ គឺធ្វើឡើងក្រោមគម្រោងកម្ចីឥណទានសម្បទានរបស់ធនាគារនីហរ័ណ អាហរ័ណកូរ៉េ នូវទឹកប្រាក់ប្រមាណ៦៤លានដុល្លារអាមេរិក ក្នុងគោលបំណងដើម្បីរក្សាបាននូវសុខមាលភាពរបស់ប្រជាពលរដ្ឋ អនាម័យល្អ បរិស្ថានស្រស់បំព្រង ការពារទឹកជំនន់ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិនជាតិ និងអន្តរជាតិ។

ឯកឧត្តម វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមទូរសព្ទថា គម្រោងខាងលើនេះ គឺស្ថិតក្រោមដំណាក់កាលនៃការសិក្សានៅឡើយទេ ហើយបច្ចុប្បន្ន ឯកឧត្តមមិនទាន់មានព័ត៌មានលម្អិតនៃគម្រោងខាងលើនេះក្នុងដៃនោះទេ។

នៅពេលសួរថា តើគម្រោងខាងលើនេះ អាចនឹងចាប់ផ្តើមសាងសង់នៅពេលណា ឯកឧត្តមវ៉ា ស៊ឹមសុរិយា បានថ្លែងថា៖ «អ្វីដែលទៅមើលពីម្សិលមិញ ដូចជាមិនទាន់ជាច្បាស់លាស់នៅឡើយទេ ព្រោះនេះត្រូវធ្វើការសិក្សាសិន វាប្រហែលជាគម្រោងថវិកាជាតិប្រចាំឆ្នាំ»។

ឯកឧត្តមក៏បានឲ្យដឹងទៀតថា រដ្ឋាភិបាលក៏បាននិងកំពុងសិក្សាលើគម្រោងកម្ចីឥណទានពីរដ្ឋាភិបាលកូរ៉េសម្រាប់គម្រោងខាងលើនេះផងដែរ។

Source From: https://www.construction-property.com/khread-news-1884/

Leave a Reply

Your email address will not be published. Required fields are marked *