News

Check out real estate news updates

រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនចិន 4PX EXPRESS លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក

(ភ្នំពេញ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រកាសស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន Shenzhen 4PX Express ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Cainiao Logistics Group ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្លងកាត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងបង្កើតកាលានុវត្តភាពធុរកិច្ច សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រីកការនាំចេញ។

ការប្រកាសរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបជាមួយប្រតិភូក្រុមហ៊ុន Shenzhen 4PX Express ដឹកនាំដោយស្ថាបនិក និងនាយកប្រតិបត្តិ លោក KEVIN Yue Li និងមានការចូលរួមពីលោក Nick Beresford តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញក្រុមហ៊ុន Shenzhen 4PX Express ធ្វើការបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ (ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរចំណេះដឹង) សម្រាប់គាំទ្រប្រតិបត្តិការ E-Commerce និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើក្រុមហ៊ុន Shenzhen 4PX Express ពិចារណាចាប់ដៃគូ ជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញវត្តមានផលិតផលខ្មែរ ដូចជាទំនិញកសិកម្ម គ្រឿងចម្លាក់ពីដៃ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ និងម្ហូបអាហារ នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។

បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុន Shenzhen 4PX Express អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញវិស័យ E-Commerce តាមរយៈការពន្លឿនច្បាប់ស្តីពី E-Commerce និងយុទ្ធសាស្ត្រវិស័យនេះ ការកសាងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌កម្ពុជា នៅតាមទីក្រុងធំៗក្នុងប្រទេសចិន និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ជំនាន់ទី៤ ជាដើម។

ជាការឆ្លើយតប លោក KEVIN Yue Li និងសហការី បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ ទាក់ទងស្ថានភាពវិស័យ E-Commerce នៅក្នុងប្រទេសកម្ពុជា។

ស្ថាបនិកក្រុមហ៊ុន Shenzhen 4PX Express រូបនេះ បានប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យ E-Commerce ជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចាប់ដៃគូ ជាមួយអង្គការ UNDP និងក្រុមហ៊ុនក្នុងស្រុក ព្រមទាំងការកសាងស្ថានីយមួយ ដែលសហគ្រាសធុនតូច និងមធ្យម អាចទម្លាក់ផលិតផលរបស់ខ្លួន ដើម្បីក្រុមហ៊ុនលក់ និងចែកចាយទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

Source From: https://www.moc.gov.kh/km-kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%93/%E1%9E%A2%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%94%E1%9E%91/content/212143

Leave a Reply

Your email address will not be published. Required fields are marked *