News

Check out real estate news updates

ពន្ធដារត្រៀមអនុវត្តមូលដ្ឋានគិតពន្ធថ្មីលើការផ្ទេរសិទ្ធ អចលនទ្រព្យដែលនឹងត្រូវចាប់ផ្តើមក្នុងខែកក្កដា

អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងត្រៀមអនុវត្តមូលដ្ឋានគិតពន្ធថ្មីលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យតាមរយៈការរៀបចំសិក្ខាសិលាផ្សព្វផ្សាយជាបន្តបន្ទាប់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីពេលថ្មីៗនេះ។

ការត្រៀមអនុវត្តមូលដ្ឋានគិតពន្ធថ្មីលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពោលគឺពន្ធប្រថាប់ត្រានេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាថ្មីដែលនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩ តទៅ សម្រាប់សំណង់ឬដីស្ថិតក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីប្រកាសស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាខាងលើនេះបានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបែងចែកប្រភេទអចលនទ្រព្យទៅជា៦ផ្នែកដែលក្នុងនោះរួមមាន ១) តំបន់ ២) ផ្លូវមេ ៣)ផ្លូវរណប ៤) ច្រកផ្លូវ ៥) ផ្លូវឃុំឬផ្លូវសង្កាត់ និង ៦)ផ្លូវភូមិ សម្រាប់ជាជំនួយដល់ការអនុវត្តមូលដ្ឋានគិតពន្ធថ្មីនេះដែលអត្រាថ្មីមានភាពខុសគ្នាទៅតាមប្រភេទនិងតំបន់នីមួយៗ។

យ៉ាងណាមិញ អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០១៩ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា នឹងកំណត់យកតម្លៃថ្មី មិនលើសពី ៧០ ភាគរយ នៃតម្លៃជាក់ស្តែងនៅលើទីផ្សារ។

ទាក់ទងទៅនឹងមូលដ្ឋានគិតពន្ធថ្មីនេះដែរ លោក ច្រឹក   សុខនីម  ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជាមិនទាន់អាចឆ្លើយប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំអំពីការយល់ឃើញរបស់លោកនៅឡើយទេចំពោះអត្រាថ្មីនេះ ដោយហេតុថា លោកមិនទាន់មានតារាងមូលដ្ឋានគិតពន្ធថ្មីនៅក្នុងដៃ។

គួរបញ្ជាក់ថា អ្នកជាប់ពន្ធត្រូវធ្វើការបង់ពន្ធប្រថាប់ត្រាក្នុងអត្រា៤ភាគរយស្របតាមមូលដ្ឋានគិតពន្ធដែលបានកំណត់កាលពី១០ឆ្នាំមុនមកម្ល៉េះ ក៏ប៉ុន្តែ ដើម្បីបង្កើនប្រាក់ចំណូលពន្ធនិងដើម្បីឲ្យស្របតាមការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបានសម្រេចធ្វើការកំណត់មូលដ្ឋានគិតពន្ធថ្មីនេះតែម្តង។ អានបន្ថែម

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដាររកចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធឬសិទ្ធិកាន់កាប់អចលនទ្រព្យនៅរាជធានីភ្នំពេញបានរហូតដល់ទៅ ៩៧ លានដុល្លារអាមេរិក លើចំនួនអចលនទ្រព្យប្រមាណ ៥៥ ៦០០ អចលនទ្រព្យ។ ហើយក្នុងរយះពេលបីខែដំបូងនៃឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានដល់ទៅ ២៤ លានដុល្លារអាមេរិកលើចំនួនអចលនទ្រព្យប្រមាណ ២០ ៥០០អចលនទ្រព្យ។

Source From: https://www.construction-property.com/khread-news-1767/

Leave a Reply

Your email address will not be published. Required fields are marked *