News

Check out real estate news updates

ផ្លូវជាតិលេខ ៣ ធ្វើជិតហើយតែក្រសួងបដិសេធមិនទទួលយកបើមិនទាន់មានគុណភាពល្អគ្រប់គ្រាន់

បន្ទាប់ពីធ្វើការជួសជុលនិងកែលម្អឡើងវិញអស់រយៈពេលជាងមួយឆ្នាំមក ផ្លូវជាតិលេខ៣សម្រេចការសាងសង់បានជិត៧០ភាគរយហើយ តែក្រសួងសាធារណការ និងដឹកជញ្ជូនបដិសេធមិនទទួលយកបើផ្លូវមួយខ្សែនេះ មិនទាន់មានគុណភាពល្អគ្រប់គ្រាន់ និងបានដាក់បញ្ជាយ៉ាងកំហិតឲ្យក្រុមហ៊ុនសាងសង់ធ្វើការកែលម្អឡើងវិញ។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យគុណភាពផ្លូវចាប់ពីទីរួមខេត្តកំពតដល់រង្វង់មូលវាលរេញ កាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ ដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការសាងសង់ផ្លូវជាតិលេខ៣គឺសម្រេចបាន ៦៧,៥០ ភាគរយហើយ និងគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ក៏ប៉ុន្តែ ក្រសួងបានបញ្ជាក់លើទំព័រហ្វ៊េសប៊ុកខ្លួនថា ផ្អែកតាមការត្រួតពិនិត្យខាងលើ ផ្នែកខ្លះនៃកំណាត់ផ្លូវនេះសាងសង់មិនទាន់ស្របតាមលក្ខណៈ បច្ចេកទេស ដោយត្រង់ចំណុចដែល បានជួសជុលរួចមានស្នាមបែក ប្រេះ និងសំបុកមាន់ ដែលត្រូវចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា។

ក្នុងនោះដែរ ឯកឧត្ដម ស៊ុន ចាន់ថុល បានដាក់កំហិតឲ្យក្រុមហ៊ុនពិនិត្យ និងកែតម្រូវឡើងវិញឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ទើបក្រសួងអាចទទួលយកបាន ដើម្បីសម្រេចបានតាមឆន្ទៈរបស់រដ្ឋាភិបាលក្នុងការកសាងផ្លូវដែលមានគុណភាពល្អជាប់បានយូរ។

ឯកឧត្ដមថ្លែងថា៖ «ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ប្រកាន់នូវគោលជំហរយើង “ឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ”»៕

គួររម្លឹកថា ផ្លូវមួយខ្សែនេះត្រូវបានចាប់ផ្ដើមជួសជុល និងសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល ៥៤ខែ អនុវត្តគម្រោងមានរយៈពេល១៨ ខែ និងថែទាំប្រចាំរយៈពេល៣៦ខែ ចំណាយថវិកាប្រមាណ ១២,០៦១លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានធនាគារពិភពលោក។

Source from: https://www.construction-property.com/khread-news-1886/

Leave a Reply

Your email address will not be published. Required fields are marked *