ធនាគារកណ្តាលថៃ រឹតបន្តឹងឥណទានទិញផ្ទះសម្រាប់ការទិញផ្ទះទី ៣

ក្រុងបាងកកៈ ធនាគារកណ្តាលរបស់ប្រទេស ថៃ នឹងដាក់ចេញវិធានការតឹងរ៉ឹងជាងមុនដោយតម្រូវឲ្យបង់ប្រាក់នៅដំណាក់កាលដំបូង (down payment) អប្បបរមាសម្រាប់កម្ចីទិញផ្ទះទី ៣ និងផ្ទះបន្តបន្ទាប់ក្នុងអត្រា ៣០ ភាគរយនៃតម្លៃផ្ទះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
ប៉ុន្តែធនាគារនេះនឹងបន្ធូរបន្ថយលក្ខខណ្ឌតម្រូវអប្បបរមាសម្រាប់កម្ចីទិញផ្ទះទី ២ មកនៅត្រឹមពី ១០ ភាគរយ ទៅ ២០ ភាគរយនៃតម្លៃផ្ទះវិញ ដោយអាស្រ័យលើរយៈពេលខ្ចីសម្រាប់កម្ចីទិញផ្ទះទី ១។
កាលបរិច្ឆេទចូលជាធរមានត្រូវបានពន្យារពេល ៤ ខែដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែ មេសា ឆ្នាំក្រោយបន្ទាប់ពីមានការបញ្ចុះបញ្ចូលដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនិងក្រុមហ៊ុនផ្តល់កម្ចីអចលនទ្រព្យ។
កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្ដីលោក Jaturong Jantarangs ជំនួយការទេសាភិបាលធនាគារកណ្តាលថៃ ខណៈលោកថ្លែងថា ធនាគារកណ្តាលនឹងតម្រូវឲ្យអ្នកដែលទិញផ្ទះតម្លៃក្រោម ១០ លានបាត (ប្រហែល ៣ សែនដុល្លារ) ហើយស្វែងរកកម្ចីទិញផ្ទះទី ២ ត្រូវបង់ប្រាក់នៅដំណាក់កាលដំបូងយ៉ាងហោចណាស់ ១០ ភាគរយក្នុងករណីដែលពួកគេបង់កម្ចីទិញផ្ទះទី ១ សម្រាប់រយៈពេល ៣ ឆ្នាំឬយូរជាងនេះ។
លក្ខខណ្ឌតម្រូវបង់ប្រាក់នៅដំណាក់កាលដំបូងអប្បបរមានេះ នឹងត្រូវដំឡើងដល់ ២០ ភាគរយ បើអ្នកខ្ចីបានបង់សងកម្ចីទិញផ្ទះទី ១ សម្រាប់រយៈពេលតិចជាង ៣ ឆ្នាំ។
សម្រាប់អ្នកដែលស្វែងរកកម្ចីទិញផ្ទះទី ២ សម្រាប់ទិញតម្លៃ ១០ លានបាតឬខ្ពស់ជាងនេះ ការបង់នៅដំណាក់កាលដំបូងអប្បបរមានឹងត្រូវបង់ចំនួន ២០ ភាគរយ។
អ្នកដែលដាក់ពាក្យសុំកម្ចីទិញផ្ទះទី ៣ និងបន្តបន្ទាប់ទៀត នឹងត្រូវបង់ប្រាក់នៅដំណាក់កាលដំបូងអប្បបរមាចំនួន ៣០ ភាគរយ ដោយមិនគិតពីតម្លៃផ្ទះ។
អនុបាតកម្ចីធៀបនឹងតម្លៃ (LTV) ពី ៩០ ភាគរយ ទៅ ១០០ ភាគរយ នៅតែមិនផ្លាស់ប្តូរសម្រាប់អ្នកដែលដាក់ពាក្យសុំកម្ចីទិញផ្ទះទី ១ ដើម្បីទិញផ្ទះតម្លៃទាបជាង ១០ លានបាត ប៉ុន្តែអនុបាតនេះនឹងត្រូវទម្លាក់មកនៅត្រឹម ៨០ ភាគរយក្នុងករណីអ្នកខ្ចីទិញផ្ទះ តម្លៃ ១០ លានបាតឬខ្ពស់ជាងនេះ។
ជាធម្មតា កម្ចីមួយដែលមានអនុបាត LTV ទាប មានន័យថាមានហានិភ័យទាបសម្រាប់ទាំងអ្នកឲ្យខ្ចី និងអ្នកខ្ចីដោយសារកម្រិតមូលធនដែលត្រូវឲ្យខ្ចីមានបរិមាណតិច៕ PS
Source From: https://www.postkhmer.com