ទំនប់វារីអគ្គិសនីដ៏ធំជាងគេបំផុតនៅកម្ពុជា នឹងត្រូវសម្ពោធមុនដំណាច់ឆ្នាំនេះ

ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ពិធីសម្ពោធទំនប់វារីអគ្គិសនីសេសានក្រោម២ អានុភាព ៤០០មេហ្គាវ៉ាត់ដែលធំជាងគេបំផុតនៅកម្ពុជា នឹងត្រូវប្រារព្ធធ្វើឡើងមុនដំណាច់ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូប្រជុំពិភាក្សា និងពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីសម្ពោធទំនប់វារីអគ្គិសនីសេសានក្រោម២នេះ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ និង១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
សូមជម្រាបថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទំនប់វារីអគ្គិសនីតម្លៃជាង ៧៨១លានដុល្លារនេះ ត្រូវបានសាងសង់ឡើងក្រោមការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy កាន់កាប់ភាគហ៊ុន ៥១ ភាគរយ, ក្រុមហ៊ុន Royal Group របស់លោកឧកញ៉ា គិត ម៉េង មានភាគហ៊ុន ៣៩ ភាគរយ និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០ ភាគរយ។
សេសានក្រោម២ ត្រូវបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៤ ហើយចាប់ផ្តើមផលិតអគ្គិសនីបានជាលើកដំបូង កាលពីដើមខែធ្នូ ឆ្នាំ២០១៧ ដោយតួប៊ីនទី១ កម្លាំង ៥០មេហ្គាវ៉ាត់។
គួររំលឹកថា កាលពីខែកញ្ញាឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញធ្វើជាអធិបតីភាពនៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីសន្សំទឹកទុកដំណើការតួប៊ីននេះផងដែរ៕
Source From: http://kleykley.sabay.com.kh/article/1103447#utm_campaign=onpage