ទុនវិនិយោគក្នុងវិស័យសំណង់មានទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារក្នុងរយៈពេលពេល១០ខែឆ្នាំនេះ

ភ្នំពេញ៖ ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងរយៈពេល ១០ខែឆ្នាំ២០១៨នេះ សម្រេចបានទឹកប្រាក់ជិត៥០០០លានដុល្លារអាមេរិក ខណៈដែលកាលពីចុងត្រីមាសទី២ នៃឆ្នាំដដែលមានចំនួនវិនិយោគ ត្រឹមតែ1780លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកជា សុផារ៉ា បានថ្លែងឱ្យដឹងនាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះថា សម្រាប់ទុនវិនិយោគលើវិស័យសំណង់ពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការកើនឡើងជាបន្តបន្ទាប់ និងហួសពីការរំពឹងទុក ។ លោកបានរំលឹកថា កាលពីឆ្នាំ២០១៦ ទុនវិនិយោគ៥០៤៩លានដុល្លារសហរដ្ឋអាមេរិក កើនឡើង៦៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០១។ នៅឆ្នាំ២០១៧ ទុនវិនិយោគមានចំនួន ៦២០៧លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងប្រមាណជាង២១,៨៤ ភាគរយធៀបទៅនឹងឆ្នាំ២០១៦ ។
ដោយឡែកនៅក្នុងឆ្នាំនេះ គិតត្រឹមរយៈពេល១០ខែ ទុនវិនិយោគសរុបលើវិស័យសំណង់មានចំនួនរហូតដល់ ៤៩៩០លានដុល្លារ ដែលជាសញ្ញាវិជ្ជមានបង្ហាញពីកើនឡើង និងកំពុងបន្តរីកដុះដាលយ៉ាងខ្លាំងនៃផ្នែកឧស្សាហកម្មសំណង់នៅកម្ពុជា។
លោកជា សុផារ៉ាបានបន្តថា “ហេតុផលដែលធ្វើឱ្យវិស័យសាងសង់នៅកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័សដូចនេះ គឺដោយសារតែវិនិយោគិនជាតិ និងអន្តរជាតិ មានជំនឿលើទីផ្សារអចនទ្រព្យនៅកម្ពុជា ជាពិសេសគឺទំនុកចិត្តលើស្ថិរភាពនយោបាយ សេដ្ឋកិច្ចរីកចម្រើន ដែលអារក្សាបានកំណើនរង្វង់៧ភាគរយ ក៏ដូចជាគោលនយោបាយបើកទីផ្សារសេរីផងដែរ។
យ៉ាងណាក៏ដោយ លោកក៏បានទទូចស្នើសុំដល់អ្នកវិនិយោគ អ្នកសាងសង់ ក៏ដូចជាអ្នកគ្រប់គ្រងសំណង់ និងអភិវឌ្ឍអចលនទ្រព្យទាំងអស់ សូមចូលរួមគោរពច្បាប់ និងបទបញ្ញត្តិនានាពាក់ព័ន្ធនឹងវិស័យសំណង់ឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពសំណង់នៅកម្ពុជា។
លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និងជាប្រធានសមាគមន អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានយល់ស្របនឹងការលើកឡើងខាងលើ ជាមួយនឹងការលើកឡើងថា លោកនៅតែមើលឃើញថា វិស័យអចលនទ្រព្យសម្រាប់រយៈពេល៥ ទៅ១០ឆ្នាំខាងមុខ នឹងនៅតែរីកចម្រើនបន្តទៀត ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរ៉ឹងមាំល្អប្រសើរ។
លោកបញ្ជាក់ថា “កម្ពុជានៅតែស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ ដែលពួកគេមើលឃើញថាទីផ្សារនេះនៅតែមានភាពទាក់ទាញ និងមានឱកាសចំណេញបានច្រើនពីការបោះទុនវិនិយោគរបស់ពួកគេ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ដែលបានចេញផ្សាយកាលពីពេលកន្លងទៅបានឱ្យដឹងថា ជាមួយនឹងគំរោងវិនិយោគដ៏ច្រើននេះ របាយការណ៍បានកត់សំគាល់ឃើញថា កាលពីដំណាច់ត្រីមាសទី 2ឆ្នាំ2018 ចំនួនខុនដូដែលបានបញ្ចប់ការសាងសង់ និងដាក់ចូលក្នុងទីផ្សាររំពឹងនឹងកើនដល់2ម៉ឺនយូនីត ។ របាយការណ៍ដដែលបានបង្ហាញទៀតថា ជាមួយនឹងកំណើននៃតម្រូវការ និងការវិនិយោគបានធ្វើឱ្យទីផ្សារការិយាល័យ ស្ថិតនៅតាមតំបន់ពាណិជ្ជកម្មមានកំណើន 6% និង 3,4% សម្រាប់ការិយាល័យលំដាប់ B និង C។ ជាមួយគ្នានេះ ទំហំផ្សារទំនើបបានកើនឡើង 43% ផងដែរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017កន្លងទៅ។
ជាមួយនឹងរបាយការណ៍ខាងលើនេះ អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឱ្យដឹងតាមទូរស័ព្ទផងដែរថា ស្ថានភាពនៃការអភិវឌ្ឍន៍ និងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ មិនមានសញ្ញាណាមួយ ដែលបង្ហាញពីភាពអវិជ្ជមាននោះទេ ពោលគឺអ្វីៗនៅតែដំណើរការយ៉ាងល្អប្រសើរ ដោយសារការផ្គត់ផ្គង់ និងតម្រូវការនៅមានស្ថិរភាពល្អនៅឡើយ ៕
Source From: https://www.propertyarea.asia