News

Check out real estate news updates

ទុនវិនិយោគមួយចំនួនធំពីបរទេសផ្តោតខ្លាំងទៅលើវិស័យសំណង់

ទុនវិនិយោគផ្ទាល់ពីបរទេសមានកំណើនកើនឡើង ស្មើនឹង១៣,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ក្នុងឆ្នាំ២០១៨ ហើយជាងពាក់កណ្តាលនៃទុនវិនិយោគផ្ទាល់ពីបរទេស មានប្រភពពីប្រទេសចិន។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank ដែលបានចេញផ្សាយនៅថ្ងៃ២៤ខែមេសា បង្ហាញថា ជាងពាក់កណ្តាលនៃការហូរចូលទុនពីក្រៅប្រទេស មានប្រភពមកពីប្រទេសចិន  ហើយត្រូវបានតម្រង់ទិសទៅការរវិនិយោគលើវិស័យសំណង់ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារពាណិជ្ជកម្ម និងលំនៅឋាន វិស័យទេសចរណ៍ និងមួយផ្នែកតូចទៅលើវិស័យផលិតកម្ម និងកសិកម្ម។

របាយការណ៍បញ្ជាក់ថា៖ «ខេត្តព្រះសីហនុដែលជាប់ឆ្នេរសមុទ្រ នៅតែបន្តជាចំណុចក្តៅមួយនៃកំណើនគម្រោងសាងសង់តាមរយៈការវិនិយោគហិរញ្ញវត្ថុផ្ទាល់មួយភាគធំលើសលុបពីប្រទេសចិន»។

របាយការណ៍ដដែលបន្ថែមថា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ ការផ្តល់ប្រាក់កម្ចីរបស់ធនាគារដល់វិស័យសំណង់ អចលនទ្រព្យ និងសម្រាប់ការទិញផ្ទះបង់រំលោះ នៅតែបន្តជំរុញធ្វើឲ្យឥណទានក្នុងស្រុកកាន់តែរីកទំហំ ដោយរួមចំណែកបានមួយភាគបីនៃកំណើនឥណទាន។ វិស័យលក់ដុំ និងលក់រាយ ក៏ជាផ្នែកបន្ទាប់មួយទៀតដែរ ដែលបានរួមចំណែកធ្វើឲ្យមានកំណើននៃការផ្តល់ឥណទាន ដោយវាមានទំហំ ១៩ភាគរយនៃទំហំឥណទានសរុប។

ជាមួយគ្នានេះ ស្របពេលកំណើនវិស័យសំណង់កើនឡើង ការនាំចូលដែក មានកំណើន ៤៨ភាគរយ។ នេះបើយោងតាមរបាយការណ៍ ប៉ុន្តែមិនមានតួលេខពីទំហំនៃការនាំចូលដែកភ្ជាប់ជាមួយឡើយ។

សម្រាប់ឆ្នាំ២០១៨ ធនាគារពិភពលោក ព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានកំណើន ៧,៥ភាគរយ។ កំណើនផសស មានចំនួន ២៤,១ ពាន់លានដុល្លារ និងផសស សម្រាប់មនុស្សម្នាក់ ១.៤៧៧ដុល្លារ។

សម្រាប់ឆ្នាំ២០១៩ ធនាគារពិភពលោក បានព្យាករណ៍កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ៧ ភាគរយ ហើយកំណើននេះនឹងបន្តរហូតដល់ឆ្នាំ២០២១ខាងមុខ៕

Source From: https://www.construction-property.com/khread-news-1783/

Leave a Reply

Your email address will not be published. Required fields are marked *