News

Check out real estate news updates

តើគួរអភិវឌ្ឍអចលនទ្រព្យខ្លួនឯងផ្ទាល់ ឬវិនិយោគលើអចលនទ្រព្យដែលមានស្រាប់?

អ្នកមានធនធានច្រើនតែងចង់ឈានជើងចូលធ្វើអាជីវកម្មលើផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ។ ពួកគេអាចសាងសង់គម្រោងផ្សេងៗសម្រាប់លក់ ឬជួល។ ដើម្បីអភិវឌ្ឍន៍គម្រោងថ្មីមួយនាពេលបច្ចុប្បន្ននេះ គេត្រូវពិចារណាពីតម្លៃដី ដែលមានតម្លៃឡើងខ្ពស់ខ្លាំងនៅទីតាំងសំខាន់ៗ។ ម្យ៉ាងទៀត តម្លៃសាងសង់ក៏មានការកើនឡើងផងដែរហើយអ្វីដែលសំខាន់បំផុតនោះ គឺពេលវេលា និងការគ្រប់គ្រងគម្រោងក្នុងអំឡុងពេលសាងសង់ ហើយក្រោយសាងសង់អាចមានភាពស្មុគស្មាញខ្លាំង។ គេក៏ត្រូវពិចារណាផងដែរថាតើវាមានប្រយោជន៍ដែរឬទេ  ពាក់ព័ន្ធនឹងការចំណាយលើការសាងសង់ដែលត្រូវចំណាយលើអ្វីគ្រប់យ៉ាងរាប់ចាប់ពីការសិក្សាគម្រោងប្លង់រហូតដល់ការសាងសង់ ការគ្រប់គ្រង ការលក់ និងទីផ្សារជាដើម។ គេត្រូវប៉ាន់ប្រមាណពីថ្លៃចំណាយ ដោយគិតបញ្ជូលនូវការចំណាយទាំងនេះ។

ដូច្នេះហើយ ការវិនិយោគលើអចលនទ្រព្យតាមរយៈការទិញអចលនទ្រព្យទុកសម្រាប់ជួល ហាក់ដូចជាបំណងប្រាថ្នារបស់វិនិយោគិនអចលនទ្រព្យជាច្រើន។ នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិនិយោគិនបរទេស ពួកគេកំពុងទិញអចលនទ្រព្យជាច្រើន (មិនថាជាខុនដូ ឬការិយាល័យ) ដែលមានស្រាប់ទុកសម្រាប់ជួលទៅវិញ។ វាផ្តល់ឲ្យវិនិយោគិននូវអំណាចចរចាដើម្បីធានាថា យូនីតទាំងនេះមានតម្លៃដែលគួរឲ្យទាក់ទាញ។

សម្រាប់អចលនទ្រព្យទិញសម្រាប់ជួលទាំងនេះ វិនិយោគិនម្នាក់ៗចង់បានផលចំណេញពីការជួល និងផលចំណេញពីការឡើងថ្លៃនៃអចលនទ្រព្យរបស់ខ្លួន ដោយមិនចាំបាច់ចំណាយពេលវេលានិងការប្រឹងប្រែងដើម្បីបង្កើតអចលនទ្រព្យនោះទេ។

ជាមួយគ្នានេះ វិនិយោគិនមានឱកាសក្នុងការទិញអចលនទ្រព្យលំនៅដ្ឋានជាច្រើនដែលនឹងសាងសង់បញ្ចប់រួចរាល់ក្នុងពេលឆាប់ៗក្នុងតម្លៃដ៏គួរឲ្យទាក់ទាញ។ ប៉ុន្តែ ការលក់អគារ ឬយូនីតក្នុងចំនួនច្រើន ក៏ជាបញ្ហាប្រឈម និងត្រូវចំណាយពេលច្រើនផងដែរ ព្រោះថាវិនិយោគិនធំៗ និងវិនិយោគិនកម្រិតមធ្យមដែលជាអ្នកទិញនោះនៅមានចំនួនកម្រិតនៅឡើយ។

ម្យ៉ាងទៀត ដោយសារការផ្គត់ផ្គង់យូនីតខុនដូមានចំនួនច្រើនលើសកំណត់ វិនិយោគិនទាំងនេះបានឈប់ទិញយូនីតដែលមានស្រាប់ទាំងនោះ។ សព្វថ្ងៃនេះ យូនីតលំនៅដ្ឋាននៅក្នុងគម្រោងដែលស្ថិតនៅទីតាំងសំខាន់ៗ និងមានតម្លៃតិចជាង ១០០.០០០ដុល្លារ គឺល្អបំផុតសម្រាប់ការជួលដោយវិនិយោគិនអាចទទួលបានផលចំណេញសមរម្យ។ លើសពីនេះទៅទៀត វិនិយោគិនក៏ត្រូវគិតគូរពីពន្ធលើអចលនទ្រព្យផងដែរនៅពេលគេធ្វើការលក់វិញ។

នៅពេលទិញយូនីតខុនដូ ឬយូនីតការិយាល័យដែលមានស្រាប់ មានចំណុចលំបាកស្មុគស្មាញជាច្រើនដូចជា ការតុបតែង និងការជួសជុលឡើងវិញនៃយូនីត។ ម៉្យាងទៀត ការគ្រប់គ្រងការជួលដូចជា ការប្រមូលប្រាក់ជួល និងការធានាអ្នកជួល ក៏ទាមទារពេលវេលា និងការប្រឹងប្រែងដែរ លើកលែងតែវិនិយោគិនតែងតាំងអ្នកគ្រប់គ្រងអចលនទ្រព្យដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាប្រចាំថ្ងៃ។

ការទិញអចលនទ្រព្យដែលមានស្រាប់ ក៏អាចឲ្យវិនិយោគិនខ្លួនឯង ឬអ្នកប្រើប្រាស់ចុងក្រោយទុកអចលនទ្រព្យនោះចោលមិនរកអ្នកជួលបន្តបានដែរ។ ដើម្បីធានាបាននូវផលចំណេញអតិបរមា វិនិយោគិនអាចលក់អចលនទ្រព្យនៅពេលអចលនទ្រព្យមានតម្លៃខ្ពស់ក្នុងទីផ្សារផងដែរ។ លើសពីនេះ វិនិយោគិនមានភាពបត់បែននៅក្នុងផលប័ត្ររបស់ខ្លួន ព្រោះពួកគេជាម្ចាស់លើយូនីតច្រើន។ ឧទាហរណ៍ ពួកគេអាចលក់យូនីតចាស់ ហើយទិញយូនីតថ្មីផ្សេងនៅក្នុងគម្រោងអភិវឌ្ឍន៍ថ្មី។ អគារថ្មីតែងតែងមានគុណសម្បត្តិច្រើនជាងអគារចាស់ លើកលែងតែអគារចាស់មួយចំនួនដែលស្ថិតនៅក្នុងទីតាំងសំខាន់ៗ។ ការអភិវឌ្ឍគួរតែផ្តល់នូវបរិក្ខាររួមឲ្យច្រើនដល់អតិថិជនដូចជា កន្លែងហាត់ប្រាណ អាងហែលទឹក កន្លែងសូណា បន្ទប់ស្ទីម និងកន្លែងកម្សាន្តជាដើម។

ដើម្បីទាក់ទាញអ្នកជួលសក្តានុពលឲ្យបានកាន់តែច្រើន។ អ្វីដែលសំខាន់បំផុតក្នុងនាមជាវិនិយោគិនគឺ អ្នកត្រូវទិញអចលនទ្រព្យដែលត្រឹមត្រូវ ក្នុងតម្លៃដែលត្រឹមត្រូវ និងក្នុងពេលដែលត្រឹមត្រូវ។ អចលនទ្រព្យដែលត្រូវបានបង្កើតឡើងយ៉ាងល្អ ក្នុងទីតាំងដែលល្អ អាចផ្តល់ផលចំណេញសមរម្យ បន្ថែមលើការកើនឡើងនៃតម្លៃអចលនទ្រព្យ។

Source From: http://construction-property.com/kh

Leave a Reply

Your email address will not be published. Required fields are marked *