News

Check out real estate news updates

តើការបង់ពន្ធអចលនទ្រព្យមិនទាន់ពេលវេលា ត្រូវទទួលរងពិន័យដូចម្ដេច?​

ការបង់ពន្ធគឺជាកតាព្វកិច្ចរបស់ប្រជាពលរដ្ឋដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ពន្ធលើអចលនទ្រព្យ ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១០។ ពន្ធនេះត្រូវ ប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០ លានរៀល ហើយស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និង ខេត្ត។

អចលនទ្រព្យសំដៅដល់ ដី ផ្ទះ អគារ និង សំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដី ហើយអ្នកជាប់ពន្ធ គឺជារូបវន្តបុគ្គល ឬ នីតិបុគ្គលដែលជាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬ អ្នកទទួលផលចុងក្រោយ។ ពន្ធលើអចលនទ្រព្យគឺជាប្រភេទពន្ធដែលត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១% នៃមូលដ្ឋានគិតពន្ធ។

យោងតាមអនុលោមប្រកាសលេខ ៤៩៣ សហវ ប្រក របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ អ្នកជាប់ពន្ធដែលមានអចលនទ្រព្យមានតម្លៃលើសពី ១០០ លានរៀល ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ និង បង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃ ទី ៣០ ខែ កញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។

ចំពោះម្ចាស់អចលនទ្រព្យដែលជាប់ពន្ធទាំងអស់ត្រូវរួសរាន់ទៅប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលាដែលក្រសួងបានកំណត់។ ក្នុងករណីខកខានមិនបាន ដាក់លិខិតប្រកាសពន្ធទាន់ពេលវេលាកំណត់នេះទេ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។

ដោយផ្អែកទៅលើមាត្រា ១៣២ នៃច្បាប់ស្តីពីសារពើពន្ធ ក្នុងករណីដែលម្ចាស់អចលនទ្រព្យមានការយឺតយ៉ាវក្នុង ការបង់ពន្ធតាមកាលកំណត់ នោះម្ចាស់អចលនទ្រព្យនោះ ត្រូវបង់ប្រាក់ពន្ធបន្ថែម ១០% និង ការប្រាក់ ២% នៃ ទឹកប្រាក់ពន្ធបង់យឺត បន្ថែមទៅលើប្រាក់ពន្ធដែលត្រូវបង់។

ក្នុងករណីដែលម្ចាស់អចលនទ្រព្យដាក់លិខិតប្រកាសពន្ធយឺត សន្មត់ថា ប្រាក់ពន្ធដែលត្រូវបង់គឺ ៥០ ម៉ឺនរៀល។ ក្នុងករណីនេះ ម្ចាស់អចលនទ្រព្យត្រូវបង់ប្រាក់ពន្ធ និង ប្រាក់ពិន័យដូចខាងក្រោម៖

  • ប្រាក់ពន្ធត្រូវបង់ = ៥០០.០០០ រៀល
    • ប្រាក់ពន្ធបន្ថែម= ៥០០.០០០ x ១០% = ៥០.០០០ រៀល
    • ការប្រាក់ = ៥០០.០០០ x ២% = ១០.០០០ រៀល

ដូច្នេះ ប្រាក់ដែលម្ចាស់អចលនទ្រព្យត្រូវបង់ជូនអគ្គនាយកដ្ឋានពន្ធដារគឺ ៥៦០.០០០ រៀល។

បន្ថែមពីនេះទៅទៀត ក្នុងករណីដែលមានការយឺតយ៉ាវ អគ្គនាយកដ្ឋានពន្ធដារនឹងចេញលិខិតរំលឹកទារបំណុលពន្ធ ហើយក្នុងករណីដែលម្ចាស់អចលនទ្រព្យបន្តយឺតយ៉ាងដោយមិនធ្វើការបង់ពន្ធក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយពីទទួលបានលិខិតរំលឹកទារបំណុលពន្ធ នោះម្ចាស់អចលនទ្រព្យនោះនឹងត្រូវទទួលរងពិន័យដោយ ត្រូវបង់ប្រាក់ពន្ធ បន្ថែម ២៥% និង ការប្រាក់ ២% នៃចំនួនប្រាក់ពន្ធដែលត្រូវបង់៕

Source From: https://business-cambodia.com/2018/12/11/fine-tax-real-estate-of-cambodia/

Leave a Reply

Your email address will not be published. Required fields are marked *