News

Check out real estate news updates

ដំណាក់កាលទី១នៃគម្រោងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័របញ្ចប់ការសាងសង់

មជ្ឈមណ្ឌលកម្សាន្តអន្តរជាតិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន Prince Real Estate Group បានបញ្ចប់ការសាងសង់ដំណាក់កាលទី១របស់ខ្លួនហើយដែលវាជាផ្នែកមួយនៃគម្រោងដ៏ធំនៅខេត្តកណ្តាល នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុន។

លាតសន្ធឹងលើផ្ទៃដីជាង ១៣ ហិកតា ដំណាក់កាលទី១នៃគម្រោងព្រីនស៍ ម៉ាណ័រនេះ បានបើកទ្វារស្វាគមន៍សាធារណជនហើយកាលពីសប្តាហ៍មុនកន្លងទៅនេះ ដែលដំណាក់កាលនេះ មានការសាងសង់ឧទ្យានធំៗចំនួន៥រួមមាន ១) សួនកម្សាន្តកុមារ ២) ឧទ្យានលំហែកម្សាន្ត ៣) ឧទ្យានសុខភាព ៤) ឧទ្យានកីឡា និង ៥) ឧទ្យានវីរជន។

សេវាកម្មបន្ថែមទៀតរួមមាន ចំណតឧទ្ធម្ភាគចក្រ បន្ទប់ហាត់វាយកូនហ្គោល VR ដ៏ទំនើប បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរដ៏ពិសេស កំពង់ផែជិះទូកកម្សាន្ត និងបរិក្ខារឧទ្យានកម្សាន្តនានា។

មានទីតាំងស្ថិតនៅ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល តាមបណ្តោយផ្លូវជាតិលេខ ១ ក្រុមហ៊ុនបានអះអាងថា គម្រោងនេះនឹងក្លាយទៅជាគម្រោងវិស្សមកាលបែបធម្មជាតិដំបូងគេបង្អស់នៅកម្ពុជា ដែលនឹងមានដំណាក់កាលអភិវឌ្ឍជាបន្តបន្ទាប់នាពេលអនាគត។

នាពេលអនាគត ក្រុមហ៊ុននេះនឹងសាងសង់ឧទ្យានអេកូឡូស៊ីនិងវិទ្យាសាស្រ្តកសិកម្ម ក្នុងដំណាក់កាលទី២ ខណៈដែលដំណាក់កាលទី៣ ក្រុមហ៊ុននឹងអភិវឌ្ឍឧទ្យានទឹក និងកន្រ្តកវិលកម្ពស់៨៨ ម៉ែត្រដែលដំណាក់កាលនេះមានឈ្មោះថា «ចក្ខុនៃភ្នំពេញ» ។

Source From: https://www.construction-property.com/khread-more-1768/

Leave a Reply

Your email address will not be published. Required fields are marked *