News

Check out real estate news updates

ចំនួនអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុនឹងកើនឡើងជាមួយនឹងទិសដៅបញ្ចុះតម្លៃ៥០ភាគរយ

សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (Cambodian Valuers and Estate Agents Association CVEA) បានបិទបេសកកម្មអាណត្តិទី៥របស់ខ្លួនដោយជោគជ័យជាមួយនឹងការបើកទំព័រថ្មីដែលនាំយកផែនការនិងទិសដៅដ៏ទាក់ទាញក្នុងការកៀងគរសមាជិកបន្ថែម។

ក្នុងន័យនេះ ប្រធាន CVEA ថ្មីសម្រាប់អាណត្តិទី៦របស់សមាគមខាងលើ លោក ច្រឹក សុខនីម បានបញ្ជាក់ឲ្យដឹងអំពីទិសដៅបញ្ចុះតម្លៃ៥០ភាគរយក្នុងការ ទាក់ទាញបណ្តាក្រុមហ៊ុននិងភ្នាក់ងារអចលនវត្ថុឲ្យចូលជាសមាជិក CVEA បន្ថែមទៀត។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងបន្តដើម្បីកៀងគរសមាជិកឲ្យបានច្រើនជាង ១០០ ក្រុមហ៊ុន ព្រោះឥឡូវតាមrecord[កំណត់ត្រា] តែ ១០០ ជាងបន្តិច..ខ្ញុំអាចកៀងគរបានព្រោះឥឡូវក្រសួងថា ២៥០[ក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹមត្រូវ]ចឹងខ្ញុំកៀងគរឲ្យគាត់ចូលតាមរយៈគោលនយោបាយបញ្ចុះតម្លៃ៥០ភាគរយនឹងតែម្តង»។

តាមការបញ្ជាក់មកកាន់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំ លោក ច្រឹក សុខនីម បានឲ្យដឹងថា ការបញ្ចុះតម្លៃនេះគឺសំដៅដល់ការបញ្ចុះតម្លៃសម្រាប់កំរៃ ជាសមាជិកប្រចាំឆ្នាំដែលបច្ចុប្បន្នមានតម្លៃរហូតដល់ទៅ៣០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ សម្រាប់ឆ្នាំ ២០១៩ ខាងមុខនេះ កំរៃនេះនឹងនៅសល់ត្រឹមតែ ១៥០ ដុល្លារអាមេរិកតែប៉ុណ្ណោះ នេះបើយោងតាមការឲ្យដឹងពីប្រធាន CVEA ថ្មីផ្ទាល់។

សម្រាប់ទិសដៅកៀងគរនេះទៀតសោត លោក ច្រឹក សុខនីម បានប្តេជ្ញាក្នុងការបង្កើនចំនួនសមាជិកឲ្យកាន់តែច្រើនដោយលោកបាន បញ្ជាក់ថាលោកនឹងធ្វើការកៀងគរបន្ថែមដើម្បីឲ្យសមាគម CVEA កើនឡើ់ងយ៉ាងទាបបំផុត១២០ក្រុមហ៊ុន។

លោក ច្រឹក សុខនីម នឹងមានរយៈពេលពីរឆ្នាំចាប់ពីឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២០ ដើម្បីសម្រេចផែនការអភិវឌ្ឍន៍នានារបស់ខ្លួន។

សូមបញ្ជាក់ជូនថា សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA គឺជាសមាគមផ្នែកអចលនវត្ថុនៅកម្ពុជាដែលបច្ចុប្បន្នមានសមាជិកប្រមាណជា ១០៧ ក្រុមហ៊ុន។

Source From: https://www.construction-property.com/khread-news-1548/

Leave a Reply

Your email address will not be published. Required fields are marked *