News

Check out real estate news updates

គម្រោងអភិវឌ្ឍន៍ថ្មីៗ៣ និងលើកមុខមាត់ក្រុងប៉ោយប៉ែតឱ្យល្អប្រសើរជាងមុន

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗចំនួន៣ នឹងលើកមុខមាត់ក្រុងប៉ោយប៉ែតឱ្យល្អប្រសើរជាងមុន ជាពិសេស អាចទាក់ទាញក្រុមហ៊ុនវិនិយោគនានា មកបណ្តាក់ទុនអភិវឌ្ឍន៍សំណង់កាន់តែច្រើនថែមទៀត។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មី គឺគម្រោងតភ្ជាប់ស្ពាន មិត្តភាពកម្ពុជា-ថៃ​ ស្ទឹងបត់​-បាណងអៀង​ ការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងស្ថានីយរថភ្លើងប៉ោយប៉ែត​តភ្ជាប់រវាងកម្ពុជា និងប្រទេសថៃ។ ហើយគម្រោងអភិវឌ្ឍន៍ថ្មីទាំង៣ នេះគ្រោងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី២២ ខែមេសាខាងមុខនេះ។
ច្រកព្រំដែនថ្មីនេះនឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលការដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។

បន្ថែមពីលើនេះ គម្រោងវិនិយោគថ្មីនៅលើទីតាំងព្រលានយន្តហោះដែលមានស្រាប់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានប្រកាសឲ្យដឹងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាថានឹងត្រូវផ្តល់សិទ្ធិវិនិយោគបន្តអោយក្រុមហ៊ុន «Poipet Airport Investment» ដើម្បីសាងសង់ព្រលានយន្តហោះនេះនៅឆ្នាំ២០២០ហើយគ្រោងនឹងចំណាយពេល៣ទៅ៥ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ ដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង ១០០​ ហិកតាព្រលានយន្តហោះនេះមានទីតាំងនៅក្នុងសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតដោយគ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ប្រមាណ​​៥០លានដុល្លារ។

បច្ចុប្បន្នប៉ោយប៉ែតជាមជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឍមណ្ឌលដឹកជញ្ជូន តំបន់ឧស្សាហកម្ម កាស៊ីណូ និងជាច្រក ព្រំដែនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃ។ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបានត្រូវតភ្ជាប់គ្នា ក្នុងនោះរួមមានការកែលំអផ្លូវនៅក្នុងក្រុង និងផ្លូវតភ្ជាប់ទៅតំបន់ផ្សេងៗ ស្ពាន ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងភ្នំពេញ​ និងផ្លូវអាកាសដែលជាគម្រោងថ្មីនេះ។​

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ សេដ្ឋកិច្ចក្នុងតំបន់ប៉ោយបែ៉ត មើលឃើញថា​មានភាពមមាញឹកខ្លាំងឡើងក្នុងនោះវិស័យអចលទ្រព្យកំពុងមានសន្ទស្សន៌កំណើនគួរឲ្យកត់សម្គាល់។ នេះគឺមិនទាន់មានវត្តមានព្រលានយន្តហោះនោះទេ។

លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថាបច្ចុប្បន្នអចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែតទាំងមូលកំពុងមានភាពប្រែប្រួលខ្លាំង។ លោកបានបន្ថែមថា“ជាក់ស្តែងយើងជួបប្រទះការខ្វះខាតកន្លែងស្នាក់នៅ បន្ទប់ជួល និងអគារជួលជាដើម។

សូមបញ្ជាក់ផងថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ​ នៅថ្ងៃទី២២​ មេសា​ ២០១៩​ ខាងមុខនេះ​ គ្រោងនឹងរៀបចំកម្មវិធី​ ក្រោមអធិបតីភាព​ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ​ ដែលមានរបៀបវារៈសំខាន់ៗ​ ដូចខាងក្រោម៖

១-​ ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-
ថៃ(ស្ទឹងបត់-បានណងអៀន)​, ២-​ ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥, ៣-​ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាល​ ព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទី៤-​ នាយករដ្ឋមន្ត្រី​ នៃប្រទេស​ទាំងពីរ​ នឹងជិះរថភ្លើងរួមគ្នាពីស្ថានីយបានខ្លងលឹក​ មកស្ថានីយប៉ោយប៉ែត​៕

Source From: https://www.business-cambodia.com/public/article/investment-real-estate-3

Leave a Reply

Your email address will not be published. Required fields are marked *