News

Check out real estate news updates

គម្រោងជួយ​សហគមន៍​នេសាទ​តាម​សមុទ្រ​ នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​ក្រោយ

ភ្នំពេញៈ គម្រោង​ CamAdapt ដែល​ជួយ​​ឲ្យ​រឹង​មាំ​ឡើង​វិញ​​ចំពោះ​សហគ​មន៍​នេសាទ​​តាម​ឆ្នេរ​សមុទ្រ​​និង​ប្រព័ន្ធ​អេកូឡូហ្ស៊ីតាម​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ជាប់ឆ្នេរ​សមុទ្រ​ចំនួន ៤ ​​រួម​មាន​ ខេត្ត​កែប ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះ​កុង​ ដើម្បី​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​ ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ផ្តើម​​ឡើង​នៅ​ដើម​​ឆ្នាំ​ ២០២០​។ ​

គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត​​រយៈ​ពេល​ ៥ ​ឆ្នាំ​ ហើយ​នឹង​ចំណាយ​​ថវិកា​អស់​ ៤,៣៥​ លាន​ដុល្លារ​ ដែល​ផ្តល់​មូលនិធិ​ដោយ GEF។ នេះ​បើ​យោង​តាម​អង្គការ​​ស្បៀង​​និង​កសិកម្ម​​​នៃ​អង្គការ​សហប្រជា​ជាតិ​​ប្រចាំ​កម្ពុជា​​ដែលបាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែ​ មិថុនា។

គម្រោង​សម្រប​សម្រួល​អាកាស​​ធាតុ​​ និង​ធ្វើ​ឲ្យ​រឹង​មាំ​ឡើង​វិញ​នៅ​ក្នុង​សហគមន៍​​ដែលពឹង​ផ្អែក​​លើ​ការ​នេសាទ​តាម​តំបន់​ឆ្នេរ​ (CamAdapt)​ នឹង​ត្រូវ​អនុវត្ត​​ដោយ​អង្គការ​​ស្បៀង​​ និង​កសិកម្ម​​​នៃ​អង្គការ​សហប្រជា​ជាតិ រដ្ឋ​បាល​ជលផល និង​ក្រសួង​បរិស្ថាន។

គម្រោង​នេះ​ នឹង​រួម​មាន​ ការ​អនុវត្ត​​ការ​វាយ​តម្លៃ​​ភាព​ងាយ​រង​គ្រោះ​​សម្រាប់​បុរស​ និង​ស្រ្តី​​នៅ​ក្នុង​សហគមន៍​នេសាទ​​នៅ​តាម​តំបន់​ឆ្នេរ​​និង​​អភិវឌ្ឍ​យុទ្ធ​សាស្រ្ត​​​ដើម្បី​ជួយ​​​ពួក​គេ​ឲ្យអាច សម្រប​សម្រួល​​ទៅ​តាម​ការ​ប្រែប្រួល​អាកាស​ធាតុ​​តាម​រយៈ​​ជម្រើស​ពិពិធ​កម្ម​​ជីវភាព​ ប្រព័ន្ធ​ព្រមាន​ជា​មុន​​ និង​សុវត្ថិ​ភាព​នៅ​សមុទ្រ​សម្រាប់​អ្នក​​នេសាទ​អភិ​វឌ្ឍ​ផែន​ការ​គ្រប់​គ្រង​សម្រាប់​ជល​ផល​និង​ធន​ធាន​តាម​តំបន់​ឆ្នេរ​ដទៃៗ​ទៀត។

គម្រោង​នេះ ​ក៏​នឹង​ជួយ​​ដាក់​បញ្ចូល​ការ​ពិចារណា​អំពី​ការ​សម្រប​សម្រួល​ទៅ​ក្នុង​គោលនយោ​បាយ​​និង​កម្មវិធី​ពាក់​ព័ន្ធ​​ និង​ពង្រឹង​ភាព​ជា​ដៃ​គូ​ក្នុង​ចំណោម​ភាគី​ពាក់​ព័ន្ធ​​​នៅ​កម្រិត​ថ្នាក់​ជាតិ ខេត្ត និង​មូលដ្ឋាន​ផងដែរ។

​កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​ មិថុនា ​ក្រុម​មន្រ្តី​ និង​អ្នក​ជំនាញ​មក​ពី​​អង្គការ​​ស្បៀង​​និង​កសិកម្ម​​​នៃ​អង្គការ​សហប្រជា​ជាតិ រដ្ឋ​បាល​ជល​ផល និង​ក្រសួង​បរិស្ថាន ​​បាន​ធ្វើ​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ​ដើម្បី​ស្វែង​រក​​​ការ​ព្រមព្រៀង​គ្នា​ចុង​ក្រោយ​​​ មុន​ពេល​​ពួក​គេ​ដាក់​​ឯក​សារ​គម្រោង​ទៅ​​អង្គការ Global Environment Facility (GEF)។

ភ្នំ​ពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​លម្អិត​ពី​លោក អេង ជាសាន អគ្គ​នាយក​នៃ​​រដ្ឋបាល​ជល​ផល​បាន​ទេ​ដោយ​សារ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ​​កាល​ពី​ម្សិលមិញ៕

Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *