News

Check out real estate news updates

គម្រោងខុនដូតម្លៃមធ្យមកំពុងដឹកនាំទីផ្សារខុនដូនៅរាជធានីភ្នំពេញ

ជាមួយនឹងទុនវិនិយោគសំណង់កើនឡើងប្រមាណជា ១.៨ ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី១នៃឆ្នាំ ២០១៩ ការផ្គត់ផ្គង់ខុនដូមានការកើនឡើងជាង ៧ ភាគរយ ដែលការកើនឡើងនេះ គឺត្រូវបានដឹកនាំដោយគម្រោងខុនដូតម្លៃមធ្យម។ នេះបើយោងតាមរបាយការណ៍ ប្រចាំត្រីមាសទី ១ ចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩ ។

របាយការណ៍ CBRE Cambodia បានឲ្យដឹងថា គម្រោងខុនដូថ្មីចំនួន ៣ ត្រូវបានបញ្ចប់ការសាងសង់ក្នុងអំឡុងពេល ៣ ខែ ដែលនេះ គឺធ្វើឲ្យមានការកើនឡើងនៃអត្រាការផ្គត់ផ្គង់ដល់ទៅ ៧,៦៩ ភាគរយ (ត្រីមាសលើត្រីមាស) ដែលស្មើនឹងការបន្ថែមខុនដូចំនួន ១,០៩១ យូនីតថ្មីទៀតចូលទៅក្នុងទីផ្សារ។ ក្នុងនោះដែរ គម្រោងខុនដូតម្លៃមធ្យមមានចំណែករហូតដល់ទៅ ៨៩,៣ ភាគរយនៃកំណើននៃការផ្គត់ផ្គង់ខាងលើនេះ។

តាមរយៈការបញ្ចប់គម្រោងខុនដូខាងលើនេះ ចំនួនយូនីតខុនដូនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ គឺមានរហូតដល់ទៅជាង ៣០,០០០ យូនីត គិតត្រឹមត្រីមាសទី១នៃឆ្នាំ ២០១៩ នេះ។

លើសពីនេះទៀត វិស័យខុនដូនេះ ក៏មានការចាប់ផ្តើមបើកគម្រោងថ្មីចំនួន ៥ បន្ថែមទៀតក្នុងអំឡុងពេលដូចគ្នា ដែលក្នុងនោះ គម្រោងចំនួន ៤ គឺស្ថិតនៅក្នុងគម្រោងខុនដូតម្លៃមធ្យមមានជាអាទិ៍គម្រោងភ្នំពេញស្តារ។ គម្រោងថ្មីចំនួន ៥នេះ ដែលភាគច្រើនស្ថិតនៅខណ្ឌសែន សុខ នឹងបន្ថែមការផ្គត់ផ្គង់ខុនដូចំនួន ១,១៦៩ យូនីតចូលទៅក្នុងទីផ្សារ។ (អានបន្ថែម)

ចំពោះតម្លៃខុនដូនិងតម្លៃជួលប្រចាំខែវិញ គឺមានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ ដែលក្នុងនោះ តម្លៃខុនដូសម្រាប់គម្រោងតម្លៃមធ្យមបានកើនឡើង ០,៤ ភាគរយ និងតម្លៃជួលប្រចាំខែសម្រាប់គម្រោងខុនដូតម្លៃខ្ពស់បានកើនឡើង ០,៥ ភាគរយ។

តម្លៃលក់សម្រាប់មួយយូនីត ចំពោះគម្រោងតម្លៃមធ្យមក្នុងត្រីមាសទី ១នៃឆ្នាំ ២០១៩ គឺមានតម្លៃប្រហែល ២,៥៥៩ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ  ហើយអត្រាជួលសម្រាប់គម្រោងដែលមានតម្លៃខ្ពស់គឺមានតម្លៃប្រមាណជា ១៤,២ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

Source From: https://www.construction-property.com/khread-news-1757/

Leave a Reply

Your email address will not be published. Required fields are marked *