News

Check out real estate news updates

ខេត្តកែបគ្រោងនឹងបង្កើត វិថីលក់ម្ហូបអាហារ ដើម្បីទាក់ទាញភ្ញៀវទេសចរខណៈខ្លួនកំពុងមានសក្កានុពល​

បើយោងតាមការចុះផ្សាររបស់រដ្ឋបាលខេត្តកែបកាលពីថ្មីៗនេះ បានឱ្យដឹងថាលោកជំទាវ​ អ៊ុល​ ភីរុណ​ អភិបាល រង​ខេត្តកែប​ បានមានប្រសាសន៍ថា​ កត្តាសន្តិភាព​ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ ការកែលម្អសោភណភាព​ ការគ្រប់គ្រងសន្តិសុខ​ សណ្តាប់ធ្នាប់ទីក្រុង​ គួបផ្សំនិងសក្តានុពលរបស់ខេត្តកែប​ បានធ្វើឲ្យខេត្ត​មាន​ភាពល្បី​ល្បាញ​កាន់តែខ្លាំងឡើង​ និងទទួលបានកំណើនភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំ​ រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់ប្រជាពលរដ្ឋ​ ឆ្លើយតបនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ​ ការរៀបចំឲ្យមាន”វិថីលក់ម្ហូបអាហារ​”ក៏នឹងអាចទាក់ទាញភ្ញៀវទេសចរមកសម្រាក​លម្ហែកម្សាន្ត​នៅ​ខេត្តកែបកាន់តែច្រើន​ និងចំណាយពេលស្នាក់នៅ​យូរថ្ងៃ។

ការថ្លែងបែបនេះ​ ក្នុងខណះដែលលោកជំទាវ​ អញ្ជើញជាតំណាងដ៍ខ្ពង់ខ្ពស់​ ឯកឧត្ដម​ កែន​ សត្ថា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ ដឹកនាំ​កិច្ចប្រជុំពិភាក្សាការងាររៀបចំ “​ វិថីលក់ម្ហូបអាហារ​ “​ ដើម្បីដាក់​បញ្ចូល​ក្នុងស្តង់ដារ​ទីក្រុងស្អាត​ និងត្រៀមចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣​ ឆ្នាំ​២០២១-២០២៣ កាលពីថ្ងៃទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៩​ នេះ​។

បន្ទាប់ពីកិច្ចប្រជុំ​ លោកជំទាវ​បានដឹកនាំសមាជិក​ សមាជិកាអង្គប្រជុំ​ ចុះពិនិត្យ​ទីតាំងសំខាន់ៗមួយចំនួន​ ដើម្បីគោរពរាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត​ ពិនិត្យ​សម្រេច​ និងមានគោលការណ៍បន្ត។

គួរជម្រាបផងដែរថា ការអភិវឌ្ឍខេត្តកែបឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់នេះ គឺរាប់​បញ្ចូល​ទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក៏ដូចជារមណីដ្ឋានទេសចរណ៍នានាផងដែរ ប៉ុន្តែអាចនឹងមិនមានការបង្កើតឱ្យមាន «កាស៊ីណូ» និងរោងចក្រសហគ្រាសឡើយ។

ម្យ៉ាងវិញទៀត រដ្ឋាភិបាលបានចេញប្លង់គោលប្រើប្រាស់ដីក្រុងកែបគឺសំដៅលើការរៀបចំ និង​អភិវឌ្ឍន៍ ក្រុង​កែប​​​ជា​ទីក្រុងទំនើបមានខ្យល់អាកាសធម្មជាតិបរិសុទ្ធ​ ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក សម្រាប់ការ​ស្នាក់នៅប្រកបការងារ និងទេសចរណ៍ ដែលមានគុណភាពបរិស្ថានរស់នៅល្អ ផាសុខភាព និងសុភមង្គល​។​

More information visit: https://www.business-cambodia.com/public/article/kep-province-plans-to-set-up-a-grocery-shopping-street-to-attract-tourists

Leave a Reply

Your email address will not be published. Required fields are marked *