News

Check out real estate news updates

ខណ្ឌដង្កោកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងលើវិស័យសំណង់ និងអចលនទ្រព្យ

ខណ្ឌដង្កោជាខណ្ឌមួយដែលស្ថិតនៅភាគខាងត្បួងនៃរាជធានីភ្នំពេញ បាននឹងកំពុងមានសក្ដានុពលយ៉ាងខ្លាំងក្នុងវិស័យសំណង់​ និងអចលនទ្រព្យ ស្របពេលដែលខណ្ឌនេះកំពុងរៀបចំសិក្សាដោយសាលា​ក្រុងប៉ារីស ដើម្បីរៀបចំផែនការអភិវឌ្ឍជាតំបន់បៃតង និងដើម្បីកាត់បន្ថយនូវបញ្ហា​ចរាចរនាពេលអនាគត ហើយខណ្ឌនេះមាននូវហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវ ៦០ម៉ែត្រ និងផ្លូវលេខ៣៧១ ជាដើម។

បច្ចុប្បន្នខណ្ឌដង្កោកំពុងប្រែក្លាយទៅជា តំបន់ដែលសំបូរទៅដោយសំណង់លំនៅដ្ឋាន និង កំពុងមានសកម្មភាពអភិវឌ្ឍជាបន្តបន្ទាប់ លើសពីនេះទៅទៀត ក្រៅពីមានការអភិវឌ្ឃសំណង់លំនៅដ្ឋាន ខណ្ឌដង្កោមានគម្រោងដ៏មហិមាមួយចំនួនដែលនឹង ស្ថាបនាក្នុងខណ្ឌដង្កោនេះ ដែលគម្រោងទាំងនោះមានដូចជា៖

គម្រោងបង្កើតទីក្រុងរណប ING City ៖ គម្រោងទីក្រុងរណប ING City របស់លោកឧកញ៉ា  អ៊ឹង ប៊ុនហូវ ដែលចំនាយដើមទុនប្រមាណ ២ពាន់លានដុល្លារអាមេរិក គ្រប​ដណ្ដប់​​លើ​ផ្ទៃដី ​​២,៥៧២ ហិកតា ដែល​​ភ្ជាប់​​ខណ្ឌ​ចំនួន៣គឺ ខណ្ឌ​ចម្ការមន ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ ការអភិវឌ្ឍគម្រោងនេះរួមមាន មន្ទីពេទ្យ សាលារៀន លំនៅដ្ឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម បឹងធម្មជាតិ និងកន្លែងកម្សាន្ត… ហើយគ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល ​២០ ​ឆ្នាំ។

គម្រោងសាងសង់ផ្សារទំនើបធំៗចំនួន៣៖ ទី១ផ្សារទំនើប AEON Mall III  គម្រោងនេះសាងសង់ ដោយក្រុមហ៊ុម AEON Cambodia ដែលបានប្រកាសគម្រោងផ្សារទំនើបទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង អាយអិនជី ស៊ីធី(ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។​

ទី២ ផ្សារទំនើប PH DIAMONG PLACE ៖  ដែលមានតម្លៃវិនិយោគប្រមាណ ៦០លានដុល្លារអាមេរិក ត្រូវបានសាងសង់លើផ្ទៃដី ៦ហិកតា និងមានផ្ទៃសំណង់ ៦ម៉ឺនម៉ែត្រការ៉េ ជាមួយនិងចំណតដែលអាចចតឡានបាន ២៦៧១គ្រឿង និងម៉ូតូចំនួន ៩៥២គ្រឿង ហើយគម្រោងនេះនិងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ ខាងមុខ។

ទី៣ ផ្សារទំនើប CHIP MONG 271 MEGAMALL ៖ គម្រោងនេះត្រូវបានសាងសង់លើផ្ទៃដី ៤១ហិកតា មានអាគារទាំងមូលកំពស់៣ ជាន់​ មានផ្ទៃក្រឡា ១៦០ម៉ឺនម៉ែត្រការ៉េ និងអាចចតយាន្ដយន្ដរហូតដល់ ២៦០០គ្រឿង ដែលគ្រោងបញ្ចប់ការសាងសង់រួចរាល់នៅឆ្នាំ ២០២០។

ដោយសារគម្រោងធំៗទាំងនេះបានធ្វើអោយខណ្ឌដង្កោ ក្លាយទៅជាគោលដៅចម្បងរបស់អ្នកវិនិយោគ ពិសេសមានហេដ្ឋារចនាសម្ព័ន្ឋភ្ជាប់រវាងរាជធានីភ្នំពេញទៅកាន់បណ្ដាលផ្លូវជាតិនានា ទើបខណ្ឌនេះបាននិងកំពុងទទួលការចាប់អារម្មណ៍កាន់តែច្រើនពីអ្នកវិនិយោគជាតិ និងអន្តរជាតិ៕

Source From: https://business-cambodia.com/2018/12/16/real-estate-cambodia-2/

Leave a Reply

Your email address will not be published. Required fields are marked *