News

Check out real estate news updates

ក្រុម​ហ៊ុន​ចិន ប្តេជ្ញា​កសាង​ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ ឱ្យចប់​នៅត្រឹម​ខែ​កញ្ញា ឆ្នាំ​២០២២

លោក Wen Gang អនុ​ប្រធាន​ក្រុមហ៊ុន​គមនាគមន៍ និង​សំណង់​ចិន CCC បាន​ប្តេជ្ញា​ជំរុញ​ការ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឲ្យ​បាន​ចប់សព្វ​គ្រប់​នៅ​ត្រឹមខែ​កញ្ញា ឆ្នាំ​២០២២ ដើម្បី​ត្រៀម​ដំណើរការ​ស្វាគមន៍​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែលនឹង​ប្រព្រឹត្ត​ទៅ នា​ខែ​វិច្ឆិកា ឆ្នាំ២០២២។ លោក​បង្ហាញ​ការប្តេជ្ញានេះ ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពីថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ នៅប្រទេស​ចិន។

CCCC ជា​សហគ្រាស​របស់​រដ្ឋាភិបាលចិន​មួយ ដែលមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ជាង​៥០ ក្នុង​នោះ ក៏មាន​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន CRBC ផងដែរ​ដែល​ជា​ក្រុមហ៊ុន​មួយ ដែល​កំពុង​បន្ត​កិច្ចសហប្រតិបត្តិការ​អនុវត្ត​គម្រោង​ជាមួយ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ជាច្រើន រួមទាំង​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿនភ្នំពេញ – ព្រះសីហនុ ផងដែរ។

ក្នុង​កិច្ចប្រជុំ​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឲ្យ​លោក Wen Gang ពន្លឿន​នូវ​គម្រោង​កំពុង​អនុវត្ត ក៏ដូចជា​គម្រោង​ដែល​កំពុង​ធ្វើការ​សិក្សា ព្រម​ទាំង​ស្នើឲ្យ​ពិនិត្យ​លទ្ធភាព​ផ្តល់​កិច្ចសហការ គាំទ្រ​លើក​កម្ពស់ ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ជាមួយ​គណៈកម្មាធិការ​ជាតិ​ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឲ្យ​លោក Wen Gang ពិចារណា និង​ពិនិត្យ​លទ្ធភាព​ផងដែរ ក្នុងការ​ជួយ​ឧបត្ថម្ភ ជា​សម្ភារៈ​ឧបករណ៍ ជួសជុល​ថែទាំ​ផ្លូវ សម្រាប់​មន្ទីរ​សាធាណការ និង​ដឹកជញ្ជូន​ទូទាំង​ប្រទេស ដើម្បី​ចូលរួម​កាត់​បន្ថយ ជង្ហុក​សំបុក​មាន់ ការ​ខូចខាត​ផ្លូវ និងការ​ធានា​សុវត្ថិភាព​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

សូម​រំលឹក​ថា ផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ ដែលមាន​ប្រវែង​សរុប​ជាង ១៩០គីឡូម៉ែត្រ ត្រូវបាន​បើកការដ្ឋាន​សាងសង់​ជា​ផ្លូវការ​កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១៩។

គម្រោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន​ខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួត​ពិនិត្យ និងផ្តល់​ការ​ប្រឹក្សា​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស Minconsult SDN BHD ដោយ​ប្រើប្រាស់​ថវិកា​វិនិយោគ​ប្រមាណ​ជិត ២ពាន់​លានដុល្លារ​អាមេរិក និង​ប្រើប្រាស់​ថវិកា​បដិភាគ​ ដែលជា​ហិរញ្ញប្បទាន​ឥតសំណង​ពិសេស​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមាណ ១៥០លាន​ដុល្លារ​អាមេរិក ដែលត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ដោយគិត​ចាប់ផ្តើមពី​ខែមីនា ឆ្នាំ​២០១៩ និង​បញ្ចប់​នៅខែ​មីនា ឆ្នាំ​២០២៣៕

Source From: http://kleykley.sabay.com.kh/article/1131334#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *