News

Check out real estate news updates

ក្រុមហ៊ុនFacebook និងក្រុមហ៊ុនធំៗអាមេរិក និងមកខ្មែរដើម្បីស្វែងរកឱកាសវិនិយោគបន្ថែម

ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក រួមមានក្រុមហ៊ុនដ៏ល្បីឈ្មោះFacebook នឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកវិនិយោគ ដែលកម្ពុជាកំពុងមានតម្រូវការក្រុមហ៊ុនធំៗ វិនិយោគលើវិស័យសំខាន់ៗ មានសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ បច្ចេកវិទ្យាជាដើម។

យោងតាមក្រសួងសាធារណៈ និងដឹកជញ្ជូនប៉ុន្មាននាទីមុននេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Alexander Feldman ជាប្រធាននៃក្រុមប្រឹក្សាធុរកិច្ច អមដោយគណៈប្រតិភូមកពីក្រុមហ៊ុន អាមេរិកជាច្រើនរូបទៀតដូចជា៖ ក្រុមហ៊ុន General Electric (GE) ក្រុមហ៊ុន Chevron ក្រុមហ៊ុន Cisco ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Facebook ក្រុមហ៊ុន Ford ក្រុមហ៊ុន Visa ក្រុមហ៊ុន Oracle ក្រុមហ៊ុន RMA Group។

ក្នុងឱកាសជំនួបនេះ លោក Alexander Feldman បានអះអាងថា៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា(ដៃគូអាស៊ាន) និងសហរដ្ឋអាមេរិក និងដើម្បីជំរុញការ វិនិយោគអាមេរិកបន្ថែមទៀតមកកម្ពុជា។

សមាជិកគណៈប្រតិភូ បានធ្វើបទបង្ហាញពីការចូលរួម និងផែនការសកម្មភាពរបស់ខ្លួន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុវត្ថិភាពចរាចរណ៍ និងបច្ចេកវិទ្យាព័ត៌មាន ដែលមានការពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានបង្ហាញពីការស្ម័គ្រចិត្តក្នុងការចូលរួមសកម្មភាព ទំនួលខុសត្រូវសង្គម ដែលអាចកើតចេញពីការធ្វើវិនិយោគ (CSR) ផងដែរ។

ភាគីកម្ពុជាឯកឧត្តមស៊ុន ចាន់ថុល បានជម្រាបជូនគណៈប្រតិភូអំពីគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការសិក្សាគម្រោង Monorail ផ្លូវរថភ្លើងក្រោមដី និង គម្រោង AGT ជាដើម។ ឯកឧត្តម ក៏បានជម្រាបគណៈប្រតិភូអំពីគម្រោងកំពុងបន្ត ក្នុងកិច្ចការងារពង្រឹងសុវត្ថិភាពចរាចរណ៍ ការសិក្សាដើម្បីរៀបចំបទដ្ឋានសម្រាប់កំណត់អាយុកាលនៃការប្រើប្រាស់យានយន្ត បទដ្ឋានបច្ចេកទេសសម្រាប់យានយន្តត្រូវប្រើប្រាស់នៅកម្ពុជា ការជំរុញការប្រើប្រាស់យានយន្តប្រើថាមពលអគ្គិសនី និងការគាំពារបរិស្ថាន ក្រោមកិច្ចសហការជាពី UNDP។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់អំពី ការរៀបចំនីតិវិធី និងប្រព័ន្ធចុះបញ្ជីលក់លេខពិសេសផ្ទាល់ខ្លួន ដែលមាន៨ខ្ទង់ និងការដេញថ្លៃជាសាធារណៈ ដោយប្រើប្រាស់បច្ចេកវិទ្យា នាយុគសម័យបដិវត្តឧស្សាហកម្មជំនាន់ 4.0 ជាមួយការបង់ប្រាក់តាមប្រព័ន្ធឌីជីថល ជាមួយគ្រឹះស្ថានជាដៃគូផងដែរ ក្នុងគោលបំណង បង្ខិតសេវាឲ្យទៅជិតប្រជាពលរដ្ឋ កាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា លុបបំបាត់ចំណាយក្រៅផ្លូវការ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះ បណ្តាក្រុមហ៊ុនសហគ្រាស របស់សហរដ្ឋអាមេរិកទាំងនេះ បង្កើត និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយ សេនាធិការក្រសួង ដើម្បីចូលរួមអភិវឌ្ឍកម្ពុជាឲ្យកាន់តែមានការរីកចម្រើនមួយកម្រិតទៀត ៕

More Information visit: https://www.business-cambodia.com/public/article/facebook-and-other-company-usa-invest-cambodia

Leave a Reply

Your email address will not be published. Required fields are marked *