ក្រុមហ៊ុន KrisEnergy ផ្ដល់កិច្ចសន្យាសម្រាប់គម្រោងប្រេងនៅកម្ពុជា

ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នរបស់សិង្ហបុរី បានប្រកាសនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ SJ Production Barge Ltd បានផ្ដល់កិច្ចសន្យាដល់ក្រុមហ៊ុន Keppel Shipyard សម្រាប់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវនាវាផលិតកម្មរបស់ខ្លួន ក្នុងការប្រើប្រាស់អភិវឌ្ឍអណ្ដូងប្រេងកាតអប្សរានៅក្នុងប្លុក A ស្ថិតក្នុងដែនសមុទ្រកម្ពុជា។ អណ្ដូងប្រេងអប្សរា គឺជាការអភិវឌ្ឍអ៊ីដ្រូកាបូនដំបូងគេបំផុតក្នុងប្រទេសកម្ពុជា។
ទំហំការងារទទួលខុសត្រូវរបស់ក្រុមហ៊ុន Keppel Shipyard សម្រាប់នាវាផលិតកម្មរួមមាន៖ ការដំឡើង ម៉ូឌុលបង្កើតថាមពល ឈ្មោះ Electrical House, ទីកន្លែងស្នាក់នៅថ្មី និងការងារជួសជុលដំឡើងផ្សេងៗទៀត។ នៅពេលបញ្ចប់ការងារសព្វគ្រប់ ក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ ២០១៩ នាវាផលិតកម្មនេះ នឹងមានសមត្ថភាពក្នុងការធ្វើប្រព្រឹត្តកម្មសន្ទនីយ៍ (ដំណើរការទាញយកសារធាតុរាវ ) រហូតដល់ទៅ ៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ និងមានបំពាក់នូវឋាបនៈភ័ណ្ឌ ដែលអាចញែកឧស្ម័ន ប្រេង និងទឹក។
ទំហំទឹកប្រាក់នៃកិច្ចសន្យានេះគឺប្រមាណជា ២១,៧ លានដុល្លារ ដែលក្នុងនោះ ការទូទាត់មួយភាគនឹងត្រូវធ្វើឡើងទៅតាមលក្ខខណ្ឌពន្យារ។ កិច្ចសន្យានេះត្រូវបានផ្ដល់ ស្របទៅតាមកិច្ចព្រមព្រៀង សហប្រតិបត្តិការ ដែលធ្លាប់បានយល់ព្រមពីមុនជាមួយនឹងក្រុមហ៊ុន Keppel FELS Limited និង Keppel Shipyard។ ហើយនេះគឺជាផ្នែកមួយនៃប្រតិបត្តិការបុគ្គលភាគី ដែលនឹងអនុវត្តក្រោមអាណត្តិប្រតិបត្តិការបុគ្គលភាគី ដែលយល់ព្រម និងអនុម័តដោយម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងអង្គប្រជុំវិសាមញ្ញកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨។
លោក Brian Helyer នាយករងផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន KrisEnergy បានថ្លែងថា៖ «យើងមានសេចក្តីរីករាយក្នុងការរួមដៃគ្នាធ្វើការជាមួយនឹងក្រុមហ៊ុន Keppel Shipyard សម្រាប់គម្រោងអភិវឌ្ឍន៍ប្រេងដ៏ធំនៅកម្ពុជានេះ។ តាមរយៈជំនួយគាំទ្រពីដៃគូដែលមានបទពិសោធន៍ និងមានសមត្ថភាពបែបនេះ យើងជឿថា យើងនឹងអាចអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនូវធនធានប្រេងក្នុងប្លុក A ដើម្បីជាប្រយោជន៍ដល់ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធរបស់យើង»។
Keppel Shipyard គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Keppel Offshore & Marine Ltd (“Keppel O&M”)។
លោក Chor How Jat នាយកគ្រប់គ្រង (ផ្នែកកែច្នៃ និងជួសជុល) របស់ Keppel O&M និងជានាយកគ្រប់គ្រងរបស់ Keppel Shipyard បានថ្លែងថា៖ «ជាមួយនឹងបទពិសោធន៍ជាច្រើនលើការងារគម្រោងជួសជុល កែច្នៃ និងកែលម្អ Keppel Shipyard ពិតជាមានសមត្ថភាពក្នុងការរៀបចំផ្នែកវិស្វកម្ម និងផ្ដល់នូវដំណោះស្រាយយ៉ាងទូលំទូលាយសម្រាប់នាវាផ្សេងៗ។ កិច្ចសន្យាថ្មីពីក្រុមហ៊ុនគ្រីសអេនើជីនេះ គឺជាគម្រោងដំបូងរបស់យើងដែលធ្វើរួមគ្នា ចាប់តាំងពីមានការតែងតាំងក្រុមហ៊ុន Keppel O&M កាលពីដើមឆ្នាំនេះ ឲ្យធ្វើជាដៃគូសម្រាប់កញ្ចប់ការងារផ្នែកដំណោះស្រាយប្រេង និងឧស្ម័នក្នុងដែនសមុទ្រ»។
ក្រុមហ៊ុន KrisEnergy គឺជាប្រតិបត្តិករនៃប្លុក A របស់កម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ ៣០៨៣ គីឡូម៉ែត្រការ៉េ នៃអាងសមុទ្រខ្មែរ ក្នុងជម្រៅទឹកចន្លោះពី ៥០ ទៅ ៨០ ម៉ែត្រ។ ដំណាក់កាល 1A នៃការអភិវឌ្ឍអណ្ដូងប្រេងអប្សរា រួមមានផ្លាតហ្វមក្បាលអណ្តូងផលិតកម្ម ដែលបញ្ជាពីចម្ងាយមួយ ទ្រទ្រង់ដល់អណ្តូងបូមប្រេងចំនួន ២៤ ដែលបញ្ជូនសន្ទនីយ៍ ទៅកាន់នាវាផលិតកម្មមួយ ។ ប្រេងឆៅដែលផលិតបាន នឹងត្រូវបញ្ជូនតាមបំពង់បង្ហូរប្រេងប្រវែង ១,៥ គីឡូម៉ែត្រ ទៅកាន់នាវាបណ្តែត ផ្ទុក និងផ្ទេរប្រេងអចិន្រ្តៃយ៍មួយ៕
Source From: http://kleykley.sabay.com.kh/article/1102373#utm_campaign=onpage