News

Check out real estate news updates

ក្រុមហ៊ុន​ជប៉ុន នឹង​ប្រែក្លាយ​ទីក្រុងធម្មជាតិ​គីរីរម្យ ឱ្យកាន់តែ​មាន​លក្ខណៈ​ទំនើប

លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា (Takeshi Izuka) នាយក​ក្រុមហ៊ុន​ជប៉ុន A2A Town (Cambodia) Co., Ltd បាន​បញ្ជាក់​ថា ក្រុមហ៊ុន​លោក​មាន​ចក្ខុ​វិស័យ ក្នុងការ​ប្រែក្លាយ​ទីក្រុង​ធម្មជាតិ​គីរីរម្យ ឱ្យកាន់តែ​មាន​លក្ខណៈ​ទំនើប​ប្រកប​ដោយ​និរន្តភាព តាមរយៈ​ការ​នាំមក​នូវ​រថយន្ត​អគ្គិសនី ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​បន្ថែម សម្រាប់​និស្សិត​ខ្មែរ និង​ជប៉ុន ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (K.I.T) ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ឧស្សាហកម្ម ៤.០ និង​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ផ្នែក​បច្ចេកវិទ្យា​បច្ចុប្បន្ន។

ការ​លើកឡើងខាងលើនេះ ធ្វើឡើងក្នុង​ជំនួប​រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង។

ក្នុង​ជំនួប​នេះ លោក ប៉ាន សូរស័ក្តិ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិរីម្យ និងបាន​លើកទឹកចិត្ត​ក្រុមហ៊ុន​ សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​ក្រសួង ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សេងៗ សំដៅ​ទាក់ទាញ​វត្តមាន​ភ្ញៀវ​ទេសចរ និង​វិនិយោគិន ឱ្យចូល​មក​ទស្សនា និង​ស្វែងយល់​អំពី​សក្តានុពល​ទីក្រុង​មួយនេះ។

បន្ថែម​ពីនេះ លោក​រដ្ឋមន្រ្តី បាន​កោត​សរសើរ​គំនិត​ច្នៃប្រឌិត​របស់​លោក ថាក់ខិឈិ អ៊ីហ្ស៊ូកា ដែលបាន​វិនិយោគ​ប្រែក្លាយ​តំបន់​ឧទ្យានជាតិ​ព្រះសុរាម្រិត-កុសុមៈ ទៅជាទីក្រុង​អេកូ​ទេសចរណ៍ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ (K.I.T) ដើម្បីផ្តល់​ឱ្យកូនខ្មែរ​នូវ​ចំណេះដឹង និងជំនាញ​ពិតប្រាកដ ពិសេស​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា ព្រមទាំង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្នុង​តំបន់នេះ ប្រកបដោយ​និរន្តរភាព ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍ​បរិស្ថាន​បៃតង និង​ឧស្សាហកម្ម​គ្មានផ្សែង (ទេសចរណ៍) នៅក្នុង​ប្រទេស​កម្ពុជា។

ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យដឹងថា ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បានបោះ​ទុនវិនិយោគ​ក្នុង​ទឹកប្រាក់ ៥២១លាន​ដុល្លារ ជាមួយ​ដៃគូ​វិនិយោគ​នៅកម្ពុជា ដើម្បី​អភិវឌ្ឍ​តំបន់​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសុមៈ ដែលជា​តំបន់​ទេសចរណ៍​ធម្មជាតិ និង​វប្បធម៌ សម្បូរ​ទៅដោយ​ដើម​ស្រល់ និង​មាន​ជ្រោះ​ជ្រលង​ដងអូរ ហូរធ្លាក់បង្កើត​បាន​ជាតន្ត្រី​ធម្មជាតិ បំពេរ​អារម្មណ៍​ ភ្ញៀវដែល​ទៅ​កម្សាន្ត។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ផ្តល់​អាហារូបករណ៍​ពេញថ្លៃ​សិក្សា ដល់​និស្សិត​ខ្មែរជាង ២០០​នាក់ និង​បង្កើត​ការងារ​ជូន​ប្រជាជន​នៅ​មូលដ្ឋាន ប្រមាណ​ជាង ៤៥០នាក់​ផងដែរ៕

Source From: http://kleykley.sabay.com.kh/article/1133401#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *