News

Check out real estate news updates

ក្រុមហ៊ុនឧកញ៉ា គិត ម៉េង ទទួលបានគម្រោងសិក្សាពង្រីករោងចក្រថាមពលធ្យូងថ្មនៅខេត្តព្រះសីហនុ

ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការអគ្គិសនីនៅទូទាំងប្រទេស រដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង សិក្សាលទ្ធភាពពង្រីករោងចក្រអគ្គិសនីដើរដោយធ្យូងថ្មរបស់ខ្លួនពីអានុភាព៤៥០ ទៅជា ៧០០ មេហ្គាវ៉ាត់នៅក្នុងខេត្តព្រះសីហនុ។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ តំណាងរបស់ក្រុមហ៊ុនបានជួបពិភាក្សាជាមួយ ក្រសួងរ៉ែនិងថាមពល ស្តីពីការពង្រីកសមត្ថភាពរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មរបស់ខ្លួនបន្ថែមទៀតទៅលើគម្រោងដែលរដ្ឋាភិបាលបានអនុម័តរួចមកហើយនាពេលកន្លងមក។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលទ្រព្យយើងខ្ញុំតាមទូរសព្ទ អ្នកនាំពាក្យ ក្រសួងរ៉ែនិងថាមពល ឯកឧត្តម វិចទ័រ ហ្សូនា បានឲ្យដឹងថា ដោយសារតម្រូវការអគ្គិសនីមានការកើនឡើងខ្លាំង រដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនសិក្សាឡើងវិញពីលទ្ធភាពពង្រីកការវិនិយោគបន្ថែមដល់ទៅ ៧០០ មេហ្គាវ៉ាត់ ដែលស្មើទៅនឹង ២ យូនីត នៃទំហំយូនីត ៣៥០ មេហ្គាវ៉ាត់។

ឯកឧត្តមថ្លែងថា៖ «ដោយសារមានការប្រែប្រួលទំហំ ចាំបាច់ត្រូវមានការសិក្សាឡើងវិញ ហើយការសិក្សាឡើងវិញ ដើម្បីឲ្យយើងទទួលបានអគ្គីសនីដែលមានតម្លៃល្អ ហើយបរិស្ថានក៏ល្អ ចំាបាច់ត្រូវមានយូនីតធំៗដែលត្រូវការបច្ចេកវិទ្យាខ្ពស់»។

តាមការបញ្ជាក់របស់ឯកឧត្តម គម្រោងនេះ គឺគ្រាន់តែជាការអនុញ្ញាត ហើយត្រូវការការសិក្សាបន្ថែមទៀតមុននឹងឈានដល់ការអនុវត្តដាក់ទៅក្នុងបណ្តាញអគ្គិសនីជាតិក្នុងឆ្នាំ ២០២៥ ឬ ២០២៦ ខាងមុខនេះសម្រាប់យូនីតនីមួយៗ។

ឯកឧត្តមបន្តថា៖ «បន្ទាប់ពីការសិក្សាចប់ អាច២០២០ ដើម្បីដាក់ឯកសារមកលើតុចរចារអំពី បញ្ហាដែលត្រូវចរចារវែងឆ្ងាយគឺថ្លៃអគ្គិសនី បញ្ហាបញ្ជូនថាមពលយកមកតំបន់ប្រើប្រាស់ ដោយសារតង់ស្យុងខ្ពស់ វិស្វកម្មសិក្សាជាច្រើនទៀត ហើយការសិក្សាពាក់ពន្ធ័កិច្ចព្រមព្រៀងទិញលក់ថាមពល ដើម្បីឈានដល់ដំណាក់កាលវិនិយោគ»។

សម្រាប់ទីតាំងវិនិយោគជាក់លាក់ ឯកឧត្តម មិនទាន់ដឹងនៅឡើយទេ ហើយបានបញ្ជាក់ថា ក្រុមហ៊ុនត្រូវជ្រើសរើសទីតាំងខ្លួនឯងដែលអាចងាយស្រួលធ្វើផែ ដឹកជញ្ជូនថ្ម និងបញ្ជូនភ្លើងមកកាន់ផ្លូវជាតិលេខ ៤ តមកភ្នំពេញ។

ក៏ប៉ុន្តែ ឯកឧត្តមបានឲ្យដឹងថា ទីតាំងចាស់លែងអាចទ្រទ្រង់សភាពការបានហើយ ដោយសារខ្សែបញ្ជូនហួសលទ្ធភាព ហួសសមត្ថភាពដែលដឹកជញ្ជូន។

គម្រោងខាងលើនេះ គឺស្ថិតក្រោមកិច្ចព្រមព្រៀងសាងសង់ គ្រប់គ្រង ប្រតិបត្តិការ (BOO) រយៈពេល ៣០ ឆ្នាំ បូករួមរយៈពេលសាងសង់ពីចន្លោះ ៤ ទៅ ៥ ឆ្នាំបន្ថែមទៀត។

Source From: https://www.construction-property.com/khread-news-1885/

Leave a Reply

Your email address will not be published. Required fields are marked *