News

Check out real estate news updates

ក្រសួងជំរុញអ្នកអភិវឌ្ឍន៍បុរីប្រកាន់ខ្ជាប់ការបង្កើតលំហរបៃតង

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន បានស្នើជាថ្មីដល់ម្ចាស់គម្រោង និងអ្នកអភិវឌ្ឍន៍គម្រោងបុរី លំនៅដ្ឋាន ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ បង្កើតលំហរបៃតងក្នុងបរិវេណ គម្រោងបុរីរបស់ខ្លួន។ ការរក្សាលំហរបៃតងនេះ គឺដើម្បីបង្កើតគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ពន្យល់ថា តាមគោលការណ៍ច្បាប់ គ្រប់គម្រោងអភិវឌ្ឍន៍ត្រូវមាន ៣០ភាគរយឲ្យមានផ្ទៃជាបៃតង ពោលគឺ៣០ភាគរយនៃផ្ទៃដីដែលនៅសេសសល់ពីការសាងសង់អគារ។

ឯកឧត្តមបន្តថា បើដីយើង១០០ម៉ែត្រការ៉េ តួអគារ ឈរអស់៦០ម៉ែត្រការ៉េ ត្រូវទុក៣០ភាគរយ នៃ៤០ម៉ែត្រការ៉េដែលនៅសល់ពីការសាងសង់ ហើយក្រៅពីនោះគឺក្នុង១៥០ម៉ែត្រការ៉េ ត្រូវដាំដើមឈើមួយដើម។

ក្រសួងបរិស្ថានលើកឡើងថា ដើម្បីគិតគូរដល់ការងារបរិស្ថាន គឺជម្រុញលើកទឹកចិត្តស្ថាបត្យករ ម្ចាស់សំណង់ ដែលសាងសង់ គឺគូសប្លង់អគារឲ្យមានលក្ខណៈមានលំហរបៃតង។ នេះបើយោងតាម រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា៖ «ក្រសួងបរិស្ថានបានប្រាប់ដល់ម្ចាស់បុរី ហើយក៏បានវាយតម្លៃ នៅក្នុងនេះក៏មានការលើក សរសើរបុរីក្នុងរាជធានីភ្នំពេញ បុរី ដែលមានតំបន់បៃតងច្រើន ទំហំច្រើន គឺបុរីប៉េងហួត ដែលជាបុរីមួយ មានការដាំដើមឈើច្រើន»។

អ្នកជំនាញផ្នែកអចលនទ្រព្យ អ្នកនាង អាន់ សុធីតា នាយកនៃក្រុមហ៊ុន CBRE Cambodia យល់ថា អ្នកអភិវឌ្ឍន៍គួរតែផ្តោតរឿងនេះ ជារឿងសំខាន់ ដោយសារច្បាប់ដែលចងក្រងមកពីក្រសួង គឺដើម្បីគិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ សោភ័ណ្ឌភាពទីក្រុង និងការពារបរិស្ថាន និងបរិយាកាសរស់នៅល្អប្រសើរ។

អ្នកនាង អាន់ សុធីតា ថ្លែងថា៖ «អ្នកខ្លះក៏គាត់អនុវត្តបានទៅតាម Guideline (ការណែនាំ) របស់ក្រសួង អ្នកខ្លះក៏គាត់ធ្វើល្មើស ឬមិនអនុវត្តទៅតាម។ ពេលខ្លះគាត់ Follow (អនុវត្តតាម) ទៅតាមច្បាប់ចឹងទៅគាត់គិតថាគាត់អស់Space (ទីធ្លា) សម្រាប់អភិវឌ្ឍ»។

ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ក្រសួងបរិស្ថានក៏លើកទឹកចិត្តដល់ម្ចាស់បុរីផ្សេងៗ ក្នុងការដឹកជញ្ជូនដើមឈើ សហការជាមួយក្រសួងបរិស្ថាន ដើម្បីសម្របសម្រួល ក្នុងការចេញច្បាប់ ក្នុងការនាំចូល មិនមែនតម្លៃខ្ពស់ កាត់បន្ថយការចំណាយបានច្រើន៕

More information visit: https://www.construction-property.com/khread-more-1950/

Leave a Reply

Your email address will not be published. Required fields are marked *