News

Check out real estate news updates

ក្រសួងកំពុងរៀបចំច្បាប់សំណង់ថ្មីលើគ្រឿងបង្គុំសំណង់និងបញ្ហាសុវត្ថិភាពអគ្គីភ័យ

ឆ្លើយតមទៅនឹងកំណើនសំណង់អគារដែលកើនឡើងឥតឈប់ឈរ និងការធានាគុណភាព និងសុវត្ថិភាពសំណង់ទាំងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងរៀបចំច្បាប់ថ្មីដែលផ្តោតសំខាន់លើគ្រឿងបង្គុំសំណង់ និងបញ្ហាសុវត្ថិភាពអគ្គីភ័យ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងកម្មវិធីពិព័រណ៍កម្ពុជាស្តីពីស្ថាបត្យកម្ម និងរចនាផ្ទៃខាងក្នុង នៅឯមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។

ឯកឧត្តមថ្លែងថា៖ «ក្រសួងកំពុងរៀបចំច្បាប់សំណង់ថ្មីមួយ។ ជារួមគុណភាពសំណង់ និងច្បាប់សំណង់យើងនេះ គឺយើងពង្រឹងពីរផ្នែកសិន ទី១ គឺគ្រឿងបង្គុំសំណង់ ទី២ គឺរឿងបញ្ហាសុវត្ថិភាពអគ្គីភ័យ»។

លោក Bernard Mak នាយកក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ និងប្រឹក្សាប្រព័ន្ធអគ្គីភ័យ MAXTRAD បានស្វាគមចំពោះវត្តមានច្បាប់ខាងលើនោះ។

លោកថ្លែងថា៖ «នេះគឺជារឿងដ៏អស្ចារ្យ ប៉ុន្តែវានឹងមានភាពល្អជាងនេះប្រសិនបើយើងមានព័ត៌មានបន្ថែមអំពីអ្វីដែលគាត់ [ក្រសួង] នឹងផ្តោតទៅលើ ព្រោះវា [បញ្ហាអគ្គីភ័យ] មានវិសាលភាពធំទូលាយណាស់»។

ក្រៅពីច្បាប់ថ្មីខាងលើនេះ ឯកឧត្តម ឡៅ ទិព្វសីហា ក៏បានឲ្យដឹងថា ក្រសួងក៏មានរៀបចំបទដ្ឋានគតិយុត្តិរហូតទៅដល់៣២ រួមមាន ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងប្រកាសអន្តរក្រសួងជាច្រើនទៀត។

ឯកឧត្តមថ្លែងថា៖ «មន្ត្រីជំនាញជាន់ខ្ពស់របស់ក្រសួងកំពុងតែពិនិត្យ និងសរសេរ រៀបចំតាក់តែងដើម្បីឲ្យទាន់ជាមួយនឹងការអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា។ ហើយខ្ញុំសង្ឃឹមថានៅឆ្នាំខាងមុខនេះ ច្បាប់រួមទាំងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់ដែលខ្ញុំបានជម្រាបខាងលើនេះ នឹងត្រូវអនុវត្តក្នុងពេលឆាប់ខាងមុខនេះ»។

គួររម្លឹកថា បច្ចុប្បន្នប្រទេសកម្ពុជាមិនមានបទបញ្ញាត្តិស្តីពីសុវត្តិភាពអគ្គីភ័យនោះទេ ហើយប្រព័ន្ធពន្លត់អគ្គីភ័យជាច្រើនដែលបានបំពាក់នៅក្នុងអគារខ្ពស់ៗ មិនបានបំពេញទៅតាមស្តង់ដារសុវត្ថិភាព ឬខ្លះ ត្រូវបានរចនាឡើងដោយមិនត្រឹមត្រូវទៀតផង។

Source From: https://www.construction-property.com/khread-news-1874/

Leave a Reply

Your email address will not be published. Required fields are marked *