News

Check out real estate news updates

ការ​លក់​ផ្ទះ ​ដែល​មាន​ស្រាប់​នៅ​អាមេរិក​ធ្លាក់ចុះ

ក្រុង​វ៉ាស៊ីនតោនៈ ការ​អង្កេត​ឧស្សាហកម្ម​មួយ​បាន​បង្ហាញ​កាល​ពី​ចុង​ខែ​ធ្នូ​​​ថា​ ការ​លក់​លំនៅឋាន​​ដែល​មាន​ស្រាប់ (ចាស់) ​នៅ​សហរដ្ឋ​អាមេរិក​បាន​​ថយ​​ចុះ​កាល​ពី​ខែ​មីនា ឆ្នាំ​នេះ ដោយ​​ធ្លាក់​ចុះ​​ពី​កំណើន​កាល​ពី​ខែ​កុម្ភៈ ខណៈ​ពេល​ដែល​​​តម្លៃ​ និង​ការ​ផ្គត់ផ្គង់​បាន​កើន​ឡើង​។

ក្រុម​សេដ្ឋវិទូ​​ក៏​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​​ផង​ដែរ​​​​​នៅ​ខែ​មីនា​ ហើយ​ការ​ធ្លាក់​ចុះ​​ក្នុង​វិស័យ​លំនៅឋាន​ដ៏​សំខាន់​នេះ បាន​កើត​មាន​ខ្លាំង​ជាង​ការ​រំពឹង​ទុក​​ ដែល​កំពុង​បង្ក​ឲ្យ​មាន​ការ​ខក​ចិត្ត ដោយសារ​តែ​ការ​កើន​ឡើង​​​ប្រាក់​ឈ្នួល​ និង​ការ​ធ្លាក់ចុះ​​អត្រា​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ។ នេះ​បើ​តាម​សមាគម​ជាតិ​អ្នក​រកស៊ី​លក់ដូរ​លំនៅឋាន (NA​R)។​

របាយការណ៍​​ប្រចាំ​ខែ​​របស់​សមាគម NAR ​​បាន​បង្ហាញ​ថា ការ​លក់​សរុប​នៃ​លំនៅឋាន​គ្រួសារ​ទោល ខុនដូ ផ្ទះល្វែង និង​​លំនៅឋាន​រួម (Coop) បាន​ធ្លាក់ចុះ​ ៤,​៩ ​ភាគរយ ​នៅ​ខែ​មីនា ធៀប​​នឹង​ខែ​កុម្ភៈ​ មក​នៅ​ត្រឹម​​អត្រា​ប្រចាំ​ឆ្នាំ​ ៥,​២១​ លាន​ខ្នង ដែល​ត្រូវ​បាន​កែ​តម្រូវ​តាម​​រដូវ​កាល។​

លទ្ធផល​នេះ​ស្ថិត​​នៅ​ក្រោម​ការ​រំពឹង​​​​ទុក​របស់​​ក្រុម​សេដ្ឋវិទូ និង​បាន​ធ្លាក់ចុះ​កាន់​តែ​ខ្លាំង​គឺ​ ៥,៤ ​ភាគរយ​ បើ​​ធៀប​នឹង​​​ខែ​មីនា​​នៅ​ឆ្នាំ ​២០​១៨។​

ការ​ធ្លាក់ចុះ​ការ​លក់​បាន​កើត​ឡើង​នៅ​​​ទូទាំង​ប្រទេស ដោយ​តំបន់​ភាគ​កណ្តាល​ខាង​ជើង​របស់​​សហរដ្ឋ​អាមេរិក (Midwest) ដោយ​មើល​ឃើញ​ការ​ធ្លាក់ចុះ​ខ្លាំង​ជាង​គេ​។​

លោក Lawrence Yun ​ប្រធាន​​សេដ្ឋវិទូ​​ប្រចាំ​សមាគម NAR បាន​ឲ្យ​ដឹង​​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​​ថា៖ «​វា​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​មើល​ឃើញ​ការ​ធ្លាក់ចុះ​នេះ បន្ទាប់​ពី​មាន​កំណើន​ខ្លាំង​​ក្នុង​ការ​លក់​កាល​ពី​ខែ​កុម្ភៈ»។​

លោក​មាន​ប្រសាសន៍​​ថា៖ «​ប៉ុន្តែ​សកម្មភាព​ការ​លក់​បច្ចុប្បន្ន​ [ក្នុង​ខែ​មេសា] កំពុង​ប្រតិបត្តិការ​ទៅ​តាម​​ការ​រំពឹង​ទុក ទាក់ទង​នឹង​ភាព​ខ្លាំង​​នៅ​ក្នុង​ទីផ្សារ​ការងារ។ ផល​ប៉ះពាល់​នៃ​​​ការ​បន្ទាប​​​អត្រា​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ ​មិន​កើត​មាន​​ពេញ​លេញ​នៅ​ឡើយ​ទេ​»។​

ស្ដុក​លំនៅឋាន​សម្រាប់​​​លក់​បាន​កើន​​ឡើង​បន្តិច​​ដល់ ​១,៦៨ លាន​យូនីត​ កើន​ឡើង​ ២,៤ ​ភាគរយ​​ធៀប​នឹង​ខែ​មីនា​ឆ្នាំ​មុន​​ ដែល​​បង្កើត​ឲ្យ​មាន​​ការ​ផ្គត់ផ្គង់​បាន​សម្រាប់​រយៈពេល​ ៣,​៩ ​ខែ​បើ​ស្ថិត​​ក្នុង​ល្បឿន​ការ​លក់​​បច្ចុប្បន្ន​ ដែល​កើន​ឡើង​ពី​ ៣,៦ ​ខែ​​កាល​​ពី​ខែ​កុម្ភៈ។

ប៉ុន្តែ​តម្លៃ​ជា​មធ្យម​បាន​បង្ហាញ​កំណើន​ ៨៥ ខែ​ជាប់​គ្នា​នៅ​ខែ​មីនា​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ដែល​កើន​ឡើង​ ៣,៨ ​ភាគរយ​ដល់ ​២៥៩ ៤០០ ដុល្លារ​។​

លោក Ian Shepherdson មក​ពី​ក្រុមហ៊ុន Pantheon Macroeconomics បាន​ឲ្យ​ដឹង​ថា តួលេខ​ខែ​មីនា​ «​គ្រាន់​តែ​ជា​ការ​កែ​តម្រូវ​មួយ​» ចំពេល​ដែល​មាន​​​កំណើន​តម្រូវ​ការ​ប៉ុណ្ណោះ​។​

លោក​បាន​សរសេរ​ក្នុង​កំណត់​សម្គាល់​​​​មួយ​ផ្ញើ​ទៅ​អតិថិជន​ថា៖ «​កំណើន​ការ​លក់​​កាល​ពី​ខែ​កុម្ភៈ​ មិន​ដែល​មើល​ទៅ​មាន​និរន្តរភាព​​នោះទេ ដូច្នេះ​ការ​កែ​តម្រូវ​យ៉ាង​ខ្លាំង​​មិន​អាច​ចៀស​ផុត​នោះ​ទេ​»។​ លោក​បន្ថែម​ថា អត្រា​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ត្រូវ​បាន​បន្ទាប ហើយ​ពាក្យ​ស្នើសុំ​​កម្ចី​ទិញ​ផ្ទះ​បាន​កើន​ឡើង​។​

លោក​ថ្លែង​ថា៖ «ព័ត៌មាន​​ល្អ​នោះ​គឺ​ថា ការ​ធ្លាក់ចុះ​ការ​លក់​​ផ្ទះ​ [ដែល​មាន​ស្រាប់] កាល​ពី​ខែ​​មីនា​មាន​កម្រិត​​​​តិច​ជាង​ការ​ធ្លាក់​ចុះ​​ ដែល​បង្ហាញ​​ដោយ​​សន្ទស្សន៍​​ផ្ទះ​ដែល​រង់ចាំ​ការ​លក់​ចេញ ហើយ​​វា​មាន​ន័យ​ថា និន្នាការ​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ការ​លក់​​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មុន​​មក​ នៅ​ពេល​​​នេះ​គឺ​ចប់​ហើយ​»៕ AFP/LA​

 Source From: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *