News

Check out real estate news updates

កម្ពុជា នឹង​ទទួល​តំណក់​ប្រេង​ដំបូង​នៅចុងឆ្នាំ​២០១៩ ហើយ​ផលិត​លក្ខណៈ​ពាណិជ្ជកម្មនៅឆ្នាំ​២០២០

អគ្គ​នាយក​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ បាន​ថ្លែង​បញ្ជាក់​នៅថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ២០១៨​ថា នៅចុងឆ្នាំ​២០១៩ខាងមុខ​នេះ កម្ពុជា​នឹង​ទទួល​បាន​នូវ​តំ​ណក់ប្រេង​ជា​លើក​ដំបូង ហើយ​នឹង​ផលិត​ជា​លក្ខណៈ​ពាណិជ្ជកម្ម នៅឆ្នាំ​២០២០​ផងដែរ ខណៈជា​មធ្យម​ក្នុងមួយ​ថ្ងៃ អាច​ផលិត​បាន​ប្រមាណ ៧ពាន់​ប៉ារ៉ែល។

លោក​បន្ត​ថា បច្ចុប្បន្ន​ក្រោយ​ទទួល​បាន​លិខិត​អនុញ្ញាត​ផលិតកម្ម ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្រុមហ៊ុន Kris Energy កំពុង​ដេញថ្លៃ​ជ្រើសរើស ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា អ្នក​ខួង​អណ្ដូង​ប្រេង​សម្រាប់​ធ្វើ​ផលិតកម្ម កប៉ាល់​ផលិតកម្ម (បាន​ចុះកុងត្រា​ហើយ កាលពី១​ខែ​មុន) ក្រុមហ៊ុន​ផ្ដល់​នាវា​បណ្ដែត​ផ្ទុក និង​ផ្ទេរប្រេង ។

អគ្គ​នាយក​ប្រេងកាត​រូបនេះ បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «បើតាម​ផែនការ​ដែល យើងបាន​ប្រជុំ​ក្រុម​ការងារ អន្តរ​ក្រសួង​របស់​រាជរដ្ឋាភិបាល ជាមួយ​ក្រុមហ៊ុ Kris Energy គឺនៅ​ចុងឆ្នាំ​២០១៩ ហ្នឹងគាត់​នឹង​អា​ចផលិត តំណក់​ប្រេង​ដំបូង​បាន​ហើយ អាហ្នឹង​ផលិត​ដំបូង​អ៊ីចឹង​វាតិចៗ​សិន​ទេ ដល់ពេល​លក្ខណៈ​ពាណិជ្ជកម្ម​តែម្ដង អាចនៅក្នុង​ឆ្នាំ​២០២០»។

បើតាម​លោក ជៀប សួរ ទីតាំង​ក្រុមហ៊ុន Kris Energy នឹង​ផលិត​ប្រេង​ដំបូង នៅចុងឆ្នាំ​២០១៩​ខាង​មុខ គឺមាន​ចម្ងាយ​ពី​កំពង់ផែ​ក្រុង​ព្រះសីហនុ ប្រមាណ ១៧០​គីឡូម៉ែត្រ ។

ពាក់ព័ន្ធ​នឹង​ការ​នាំចេញ​វិញ លោក ជៀប សួរ គូសបញ្ជាក់​ថា កំពុង​ពិភាក្សា​គ្នា​នៅឡើយ​ទេ ព្រោះប្រេង​ដែលបូម​បាន​គឺជា​ប្រេងឆៅ ហើយ​បើសិន​រោងចក្រ​ចម្រាញ់​ប្រេង ត្រូវបាន​សាងសង់​រួចរាល់ ហើយអ្នក​ផលិត និងអ្នក​ចម្រាញ់​ឯកភាព​គ្នា គឺ​អាចនាំ​ប្រេង​មក​ចម្រាញ់ នៅ​រោងចក្រ​ក្នុង​ស្រុក។ «បើ​ចម្រាញ់​ហើយ​ ក្រុមហ៊ុន​អាច​លក់នៅក្នុង​ស្រុក​បាន ក្រុមហ៊ុន​នឹង​លក់ ហើយសល់​ប៉ុន្មាន គឺ​នាំចេញ​ទៅ​ក្រៅ​ប្រទេស»។

កាលពីថ្ងៃទី១៤ ខែធ្នូ​កន្លងទៅ អគ្គនាយកដ្ឋាន​ប្រេងកាត បាន​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើកទិសដៅ​បន្ត​ឆ្នាំ​២០១៩។ ក្នុងនោះ​សន្និបាត​នេះ បានផ្តោត​ទៅលើ​ការ​តាមដាន​ភាព​អនុលោម​តាម​កិច្ច​ព្រមព្រៀង​ប្រេងកាត​របស់​ក្រុមហ៊ុន​ចុះ​កិច្ចព្រមព្រៀង ប្រេងកាត​ទាំង​ដែនគោក និង​ដែន​សមុទ្រ។ ជាពិសេស ដំណើរ​ឆ្ពោះទៅ​រក​ការ​ផលិតប្រេង​លើកដំបូង​នាចុងឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន KrisEnergy និងការ​ដាក់ឲ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​ប្រេងកាត​របស់​ក្រុមហ៊ុន CPC នៅឆ្នាំ​២០២០៕

Source From: http://kleykley.sabay.com.kh/article/1111047#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *