News

Check out real estate news updates

កម្ពុជា ថៃគ្រោងភ្ជាប់ផ្លូវរថភ្លើងរវាងប្រទេសទាំងពីរជាផ្លូវការនៅចុងខែមេសានេះ

បណ្តាញផ្លូវរថភ្លើងរវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងត្រូវធ្វើការភ្ជាប់ជាផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ បន្ទាប់ពីភាគីទាំងពីរបានភ្ជាប់ផ្លូវដែកជាបណ្តោះអាសន្នអស់រយៈពេលជាងមួយឆ្នាំមកហើយ។

ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងថៃ នឹងអញ្ជើញចូលរួមក្នុងពិធីសម្ពោធការតភ្ជាប់ផ្លូវដែក នៅថ្ងៃទី២២ ខែមេសា ខាងមុខ»។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងអំឡុងពេលចុះត្រួតពិនិត្យពីវឌ្ឍនភាពការងារស្ពានស្ទឹងបត់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែមេសា នេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែនតាមផ្លូវដែក នឹងត្រូវបានចុះហត្ថលេខា និងពិធីប្រគល់ទទួលរថភ្លើងពីរដ្ឋាភិបាលថៃមកកម្ពុជាក៏ត្រូវធ្វើឡើងក្នុងពេលជាមួយគ្នានៅថ្ងៃទី២២ ខែមេសានេះផងដែរ។

ឯកឧត្តមថ្លែងថា៖ «នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញទៅស្ថានីយរថភ្លើងនៅ ស្ថានីយខ្លងលើក ប្រហែលជា ២គីឡូម៉ែត្រ ពីទល់ដែនកម្ពុជា នៅទីនោះគឺនាយករដ្ឋមន្រ្តីថៃ នឹងត្រូវផ្តល់រថភ្លើង…ទៅនាយករដ្ឋមន្រ្តីកម្ពុជា»។

«នៅខ្លងលើក ខ្ញុំក៏ចុះហត្ថលេខាកិច្ចព្រមព្រៀងជាមួយឯកឧត្តមរដ្ឋមន្រ្តី (ថៃ) ក្នុងការដឹកជញ្ជូនឆ្លងកាត់ផ្លូវដែក ពេលនោះ នាយករដ្ឋមន្រ្តីទាំងពីរ នឹងជិះរថភ្លើង ឆ្លងកាត់ព្រំដែន ស្ពានអូរជ្រៅ មកស្ថានីយប៉ោយប៉ែត» ឯកឧត្តមបានបញ្ជាក់។

សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ កន្លងទៅថា នឹងចូលរួមក្នុងពិធីសម្ពោធតភ្ជាប់ជាផ្លូវការផ្លូវរថភ្លើងរវាងកម្ពុជានិងថៃ នៅថ្ងៃទី២២ ខែមេសា ខាងមុខនេះផងដែរ

សារព័ត៌មានប្រទេសថៃ Bangkok Post កាលពីថ្ងៃទី៥ ខែមេសា បានដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លោក Arkhom Termpittayapaisith ថារដ្ឋាភិបាលថៃនឹងប្រគល់រថភ្លើងដើរដោយប្រេងម៉ាហ្សូតទៅកម្ពុជាជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក Arkhom Termpittayapaisith លើកឡើងថា ផ្លូវរថភ្លើងថ្មីនេះនឹងសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឆ្លងកាត់ព្រំដែនថៃ-កម្ពុជា។ ហើយផ្លូវរថភ្លើងនេះ ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចខាងត្បូងមហាអនុតំបន់ទន្លេមេគង្គ រួមមានមីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម។

គួរបញ្ជាក់ថា ខ្សែរថភ្លើងភាគខាងជើងកម្ពុជាបានបញ្ចប់ការសាងសង់និងស្តារឡើងវិញកាលពីខែសីហា ឆ្នាំ២០១៨។ ខ្សែរថភ្លើងភាគខាងជើងនេះ មានប្រវែង ៣៨៦គីឡូម៉ែត្រ ភ្ជាប់ទីក្រុងភ្នំពេញ ទៅទីក្រុងប៉ោយប៉ែត ជាប់នឹងព្រំដែននៃស្រុកអារញ្ញ ខេត្តស្រះកែវ នៃប្រទេសថៃ។

បច្ចុប្បន្នផ្លូវរថភ្លើងទិសខាងជើងនេះត្រូវបានរដ្ឋាភិបាលធ្វើសម្បទានគ្រប់គ្រងទៅក្រុមហ៊ុន Royal Railway ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Royal Group។

ជាមួយនឹងការដាក់ឲ្យដំណើរការផ្លូវការនៃការតភ្ជាប់ផ្លូវរថភ្លើងនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីររំពឹងថា នឹងចូលរួមចំណែកជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ៕

Source From: https://www.construction-property.com/khread-news-1753/

Leave a Reply

Your email address will not be published. Required fields are marked *