News

Check out real estate news updates

កម្ពុជា-កូរ៉េ ចុះ​កិច្ច​ព្រមព្រៀង​សាងសង់​ពង្រីក​ផ្លូវជាតិ​លេខ២ និង​លេខ២២

នៅថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៩ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ក្រុមហ៊ុន​កូរ៉េ Hanshin Engineering and Construction Co., Ltd លើ​កិច្ចសន្យា​សាងសង់​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ និង​ផ្លូវលេខ២២។

សូម​ជម្រាប​ថា គម្រោង​នេះ គឺ​ស្ថិតក្រោម​ឥណទាន​ពី​ធនាគរ​នីហរ័ណអាហរ័ណ​កូរ៉េ (Export-Import Bank of Korea) នៃមូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) ដែល​មាន​ចំនួន​ទឹកប្រាក់​សរុប ៥៦ ១០០ ០០០ ដុល្លារ​អាមេរិក (Loan Agreement)។ ដោយ​ឡែក​ពិធីចុះហត្ថលេខា​ថ្ងៃនេះ គឺមាន​ទំហំទឹកប្រាក់សរុប​ចំនួន ៤៥ ៧៥០ ០០០​ដុល្លារ​អាមេរិក។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានថ្លែង​ទៅកាន់​អ្នកកាសែត​ក្រោយ​ពិធីចុះ​ហត្ថលេខា​នេះ​ដោយរំពឹង​ថា ការបើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ២ និងលេខ២២​នេះ នឹង​ធ្វើឡើង​ក្នុងអំឡុងខែ​វិច្ឆិកា ឬខែធ្នូ​ខាងមុខ។

គម្រោង​នេះ ឆ្លង​កាត់​រាជធានី-ខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ មាន​ប្រវែង​សរុប ៧២,១៧គីឡូម៉ែត្រ គិត​ចាប់ពី​រង្វង់មូល​តាខ្មៅ (ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល) ដល់​រង្វង់មូល​អូរចំបក់ (ស្ថិតក្នុងក្រុង​ដូនកែវ ខេត្ត​តាកែវ) និង​ផ្លូវជាតិលេខ​២២ ពី​រង្វង់​មូល​អូរចំបក់​ដល់ផ្លូវជាតិលេខ៣ ត្រង់​ផ្សារអង្គតាសោម។

ផ្លូវជាតិលេខ២ (រូបថត៖ Google Maps)

គម្រោង​ខាងលើ​ធ្វើការ​ពង្រីក​លើ​ផ្លូវចាស់​ដោយ​ក្រាលកៅស៊ូ AC សាងសង់​ស្ពាន​ថ្មីចំនួន១១​កន្លែង និង​ស្ថាបនាលូរំដោះទឹកភ្លៀង មាន​លូជ្រុងកាត់​ទទឹងថ្នល់​ ៥៦កន្លែង និងលូ​មូលកាត់​ទទឹងថ្នល់ ១៧កន្លែង។ ការ​ស្ថាបនានេះ គ្រោងនឹង​ប្រើរយៈពេល ៣០ខែ (ប្រហែល ២ឆ្នាំ​កន្លះ)៕

Source From: http://kleykley.sabay.com.kh/article/1147680#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *