News

Check out real estate news updates

កម្ពុជាមានគម្រោងសាងសង់ និងកែលម្អព្រលានយន្តហោះថ្មីយ៉ាងតិច៦ទីតាំងទៀត ខណៈត្រូវការវិនិយោគជិត៤ពាន់លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ (Video inside)

(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងសាងសង់ និងកែលំអអាកាសយានយន្ត (ព្រលានយន្តហោះ) ចំនួន៦ទីតាំងទៀត គឺមាននៅរាជធានីភ្នំពេញ ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងតំបន់ភូមិភាគឦសាន។

ការបញ្ជាក់យ៉ាងដូច្នេះ របស់មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរួមនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទេស្សន៍ Fresh News ។

លោកបណ្ឌិត ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះគម្រោង និងទិសដៅ អភិវឌ្ឍ-សាងសង់ ស្តា និង កែលំអ អាកាសយានដ្ឋានរបស់កម្ពុជា ក្នុងរយៈពេលកន្លងមកនេះមានការវិវត្តគួរជាទីមោទនៈ ក្នុងនោះយើងមាន គម្រោងសាងសង់អាកាសយានដ្ឋានថី្មនៅខេត្តសៀមរាប អាកាសយានដ្ឋានថី្មនៅភ្នំពេញ អាកាសយានដ្ឋានថី្មនៅខេត្តកោះកុង (តារាសាគរ) និងអាកាសយានដ្ឋានបន្ទាប់បន្សំដូចជានៅប៉ោយប៉ែត នៅខេត្តកោះកុង (អាកាសយានដ្ឋានបច្ចុប្បន្ន ក្រុងខេមរៈភូមិន្ទ) និងនៅតំបន់ភូមិភាគឦសាន (ខេត្តស្ទឹងត្រែង ឬ ខេត្តមណ្ឌលគីរី ឬ ខេត្តរតនៈគរី ជាដើម»។

លោកអគ្គនាយករងបន្តថា យោងតាមការព្យាករណ៍ អ្នកធ្វើដំណើរតាមផ្លូវអាកាសសម្រាប់រយៈពេលវែង គឺនៅក្នុងឆ្នាំ២០២០ កម្ពុជាំនឹងទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាស ចំនួន៨ (រាប់តែម្ខាង) លាននាក់ និងនៅឆ្នាំ២០៣០ មានចំនួនរហូតដល់១៥លាននាក់ (រាប់តែម្ខាង)។ ដូច្នេះការអភិវឌ្ឍ ការស្តា និងកែលំអ អាកាសយានដ្ឋានទាំងថ្មី ទាំងចាស់នៅក្នុងប្រទេសកម្ពុជា គឺធ្វើឡើងស្របទៅតាមកំណើន និងការព្យាករណ៍ ក្នុងនោះកម្ពុជាក៏ត្រូវការកែលម្អ និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែន អាកាសឱ្យស្របទៅតាមកំណើននេះផងដែរ។

លោករដ្ឋលេខាធិការបន្តថា តាមការប៉ាន់ស្មានទុនវិនិយោគសរុប សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ដែនអាកាស (ទាំងផ្នែករឹង និងផ្នែកទន់) គឺមានចំនួនជាង ៣,៧៤៨ (បីពាន់ប្រាំពីររយសែសិបប្រាំបី) លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ (២០១៨-២០២៣)។

លោកថា ការអភិវឌ្ឍទាំងនេះ គឺបានដោយសារការចូលរួមក្នុងភាពជាដៃគូរដ្ឋ និងឯកជន (PPP: Public Private Partnership) ដែលជាកត្តាវិជ្ជមានមួយ សម្រាប់ជំរុញឱ្យមានកំណើន និងការទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ (ក្នុងស្រុក និងក្រៅស្រុក) តាមផ្លូវអាកាសរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។

សូមជម្រាបថា ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យអាកាសចរស៊ីវិល ដោយនៅឆ្នាំ២០១៨ ចំនួនជើងហោះហើរមានជាង១០ម៉ឺនជើង ចំនួនអ្នកដំណើរមាន១០.៥លាននាក់ ខណៈការដឹកជញ្ជូនទំនិញមានជាង៧ម៉ឺនតោន៕

Source From: http://www.freshnewsasia.com/index.php/en/localnews/118693-2019-04-09-09-43-08.html

Leave a Reply

Your email address will not be published. Required fields are marked *