Raimon Land ប្រកាសគម្រោងខុនដូប្រណីតកម្ពស់ ៣៩ ជាន់

ក្រុងបាងកកៈ ក្រុមហ៊ុន Raimon Land ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ បានប្រកាសផែនការចាប់ផ្ដើមការងារនៅឆ្នាំក្រោយលើគម្រោងលំនៅឋាន TAIT12 របស់ខ្លួន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា គម្រោងខុនដូប្រណីត ៣៩ ជាន់នេះ មានទីតាំងស្ថិតនៅមហាវិថី Sathorn ចម្ងាយ ២៥០ ម៉ែត្រប៉ុណ្ណោះពីស្ថានីយរថភ្លើង BTS Suksa Wittaya។
ជាមួយនឹងការរចនាប្លែកពីគេរបស់ខ្លួន ទីតាំងដែលគួរឲ្យចង់បាន និងលក្ខណពិសេសផ្នែកគុណភាព និងភាពស្រស់ស្អាត គម្រោង TAIT12 ត្រូវបានគេគិតថានឹងក្លាយជានិមិត្តសញ្ញាដ៏អស្ចារ្យមួយនៃអគារខ្ពស់ CBD របស់ទីក្រុងបាងកក។
អគារមាន ២៣៨ យូនីតមួយនេះផ្តល់ជូនខុនដូប្រភេទបន្ទប់គេង ១ បន្ទប់គេង ២ និងបន្ទប់គេង ២+១ ព្រមទាំងយូនីតដែលអាចមើលឃើញសួនច្បារនៅលើដំបូល ដែលចំនួនយូនីតប្រភេទនេះមានកំណត់។ ពិតានមានកម្ពស់ចាប់ពី ៣ ទៅ ៣,២ ម៉ែត្រ ផ្ដល់បន្ទប់ធំទូលាយព័ទ្ធជុំវិញដោយបរិយាកាសល្អគ្រប់ផ្នែក មានអមដោយសួនច្បារនៅតាមផ្លូវចូល មានកន្លែងសម្រាប់រថយន្តមកទទួល និងដាក់ភ្ញៀវ និងបន្ទប់ទទួលភ្ញៀវ។
ឋបនីយភណ្ឌ (Facilities) មានច្រើន និងគុណភាពត្រូវនឹងលំនៅឋានប្រកបដោយកិត្យានុភាព។ អាងហែលទឹកជាន់លើបង្អស់ រួមមានទាំងតំបន់ក្មេងលេង និងប្រព័ន្ធបន្សុទ្ធមិនមានសារធាតុក្លរីន។
មជ្ឈមណ្ឌលហាត់ប្រាណថ្នាក់ពិភពលោក ស្ទូឌីយោបណ្ដុះបណ្ដាល និងកន្លែងហាត់ប្រាណបន្ថែមសូណាតាមភេទដាច់ពីគ្នា ខណៈកន្លែងរង្គសាល បណ្ណាល័យ និងកន្លែងមានមុខច្រើន ធ្វើឲ្យមានភាពខុសគ្នានៃសកម្មភាពកម្សាន្ត និងសហគមន៍។
លក្ខណពិសេសសំខាន់ៗផ្សេងទៀត រួមមានកន្លែង WiFi ប្រព័ន្ធសន្ដិសុខ CCTV ២៤ ម៉ោងប្រើប្រាស់កម្លាំងមនុស្ស និងការចូលដោយប្រើប្រាស់កាតជាពិសេសតាមជាន់ជាក់លាក់។ បុគ្គលិកផ្ដល់ភាពងាយស្រួល និងសេវាដូចសណ្ឋាគារ ខណៈដែលយានដ្ឋានចំណតរថយន្ត ២១៩ កន្លែង រួមទាំងស្ថានីយសាកអាគុយរថយន្តអគ្គិសនីទៀតផង។
រចនាដោយក្រុមហ៊ុនល្បីឈ្មោះ A49 Architects អគារនេះត្រូវបានរចនាយ៉ាងពិសេស ដែលអាចឲ្យពន្លឺធម្មជាតិចូលគ្រប់គ្រាន់ ខណៈការរចនាផ្សេងទៀត មានដូចជាអាងហែលទឹកក្នុងរូងដ៏ធំមួយ និងកន្លែងហាត់ប្រាណមើលទេសភាពធំទូលាយ រួមផ្សំគ្នាបង្កើតជាសោភណភាពគួរឲ្យទាក់ទាញ និងមុខងារក្នុងការលើកកម្ពស់ភាពប្រណីតរួម និងភាពខុសប្លែកពីគេ។
គម្រោង TAIT12 នេះគ្រោងចាប់ផ្ដើមនៅត្រីមាសទី ២ ឆ្នាំ ក្រោយ និងបញ្ចប់នៅត្រីមាសទី ៣ ឆ្នាំ ២០២២៕ LA
Source From: https://www.postkhmer.com